សម្រេចជោគជ័យពីទម្រង់ធ្វើស្រែនិងចិញ្ចឹមសត្វ

05:32, 22/11/2024

អភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​ពីទម្រង់​ធ្វើ​ស្រែ​គួប​ផ្សំ​​ចិញ្ចឹម​គោនិង​ចិញ្ចឹម​ជ្រូក​​មេកំ​ពុង​អនុ​វត្ត​ល្អ​​នាំ​មក​នូវ​ប្រ​សិ​ទ្ធភាព​សេដ្ឋ​កិច្ច​ខ្ពស់​ ជួយ​​ឱ្យ​សមា​ជិក​កសិ​ករ​​ជាច្រើន​​នៅ​ស្រុក​ត្រឹង​ដេ (សុក​ត្រាំង​) លើ​កកម្ពស់​​ប្រាក់​ចំ​ណូល​ ឈាន​ឡើង​ធ្វើ​មា​នដោយ​ស្រប​ច្បាប់​។

ពូថាច់ស៊ីន នៅភូមិដាវវៀង ឃុំវៀងប៊ិញ មានប្រាក់ចំណូលលំនឹងជីវភាពពីទម្រង់ធ្វើស្រែគួបផ្សំចិញ្ចឹមគោនិងចិញ្ចឹមជ្រូក
ពូថាច់ស៊ីន នៅភូមិដាវវៀង ឃុំវៀងប៊ិញ មានប្រាក់ចំណូលលំនឹងពីទម្រង់ធ្វើស្រែគួបផ្សំចិញ្ចឹមគោនិងចិញ្ចឹមជ្រូក

គំ​រូ​​គ្រួ​សារ​ពូថា​ច់​ស៊ី​ន នៅ​ភូមិ​ដាវវៀង​ ឃុំ​វៀង​ប៊ិ​ញ​ជាគ្រួ​សារ​សម្រេច​ជោគ​ជ័យ​ពី​ទម្រង់​ធ្វើ​ស្រែ​គួប​ផ្សំ​ចិញ្ចឹម​គោ​និង​ជ្រូក​។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ពូ​ស៊ីន​ឱ្យ​ដឹង​៖ មុន​នេះ​ គ្រួ​សារ​ខ្ញុំ​ធ្វើ​ស្រែ​តែ​មួយ​មុខ​ ប្រាក់​ចំ​ណូល​មិន​គ្រប់​ចាយ​វាយ​ក្នុង​គ្រួ​សារ ដល់​ឆ្នាំ​២០០៣ ឃើញ​ទម្រង់​ចិញ្ចឹម​គោរបស់​មា​មីង​ក្នុង​ភូមិ​មាន​ប្រ​សិទ្ធ​ភាព​ទើប​ខ្ញុំ​សុំ​បុល​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​បាន​៣០​លាន​ដុង​សម្រាប់​ទិញ​គោ​បង្កាត់​ស៊ីន​មក​ចិញ្ចឹម​។ អា​ស្រ័យ​ខិត​ខំ​ថែ​ទាំ​រៀន​សូត្រ​​បទ​ពិសោ​ធ​ន៍ ចូល​រួម​ថ្នា​ក់​ហ្វឹក​ហាត់​ពីបច្ចេក​ទេស​ចិញ្ចឹម​សត្វ​ ម៉្លោះ​ហើយ​ចាប់​ពីគោ២ក្បាល​ដំបូង​របស់​គ្រួ​សារ​ក្នុង​មួយ​ឆ្នាំ​កើត​បាន​២ក្បាល​។ លក់​អស់​ច្រើន​លើ​ក បច្ចុ​ប្បន្ន​គ្រួ​សារ​ពូនៅ​ចំ​នួន​៨ក្បាល​ ថ្មី​ៗ​នេះ​ពូទើប​លក់​២ក្បាល​ បាន​ប្រាក់​ចំ​នួន​៥០​លាន​ដុង។ ក្រោយ​ពី​សម្រេច​ជោគ​ជ័យ​ពី​ការ​ចិញ្ចឹម​គោ​ស៊ីន ឆ្នាំ​២០២០ ពូ​វិនិ​យោគ​ធ្វើ​ទ្រុង​ចិញ្ចឹម​ជ្រូក​មេ​២​ក្បាល​។ ពូ​ស៊ីន​ឱ្យ​ដឹង​៖ រាល់​ឆ្នាំ​ជ្រូក​២​ក្បាល​នេះ​កើត​បាន​២​លើក​ ក្នុង​មួយ​លើក​កើត​បាន​ពី​៧-១​០ក្បាល​។ រក​បាន​ប្រាក់​​ចំ​ណូល​ជិត​២០០​លាន​ដុង/ឆ្នាំ​ពី​ការ​ធ្វើ​ស្រែ​​គួប​ផ្សំ​ចិញ្ចឹម​គោ​និង​ជ្រូក ​ក្រោយ​ពីផាត់​ទាត់​រួច​រាល់​ជួយ​ឱ្យ​គ្រួ​សារ​ពូ​ស៊ីន​លំ​នឹង​ជីវ​ភាព​​ ឈាន​ឡើង​ធូរ​ធារ។

ចំ​ណែក​គ្រួ​សារ​ពូ​ទ្រឿង​ហាយ​ភឿក​ នៅ​ភូមិ​ទីប​ញឹក​ ឃុំ​វៀង​អាង​ជា​គ្រួ​សារ​ឈាន​ឡើង​ធ្វើ​មា​នពី​ទម្រង់​ធ្វើ​ស្រែ​គួប​ផ្សំ​ចិញ្ចឹម​គោ​និង​ជ្រូក​មេ។ នាំយើង​ខ្ញុំ​ទស្សនា​ទម្រង់​របស់​គ្រួ​សារ ​ពូ​ភឿក​បាន​ឱ្យ​ដឹង​៖ ខ្ញុំ​បង្កើត​អា​ជីព​ដំបូង​មាន​តែ​ដី​ស្រែ​៤​កុង​និង​ជួល​ដី​ស្រែ​ខ្លះ​ទៀត​សម្រាប់​ផលិត​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​។ ឆ្នាំ​២០០១ ដោយ​ឃើញ​ទម្រង់​ចិញ្ចឹម​ជ្រូក​មេ​របស់​មា​មីង​ក្នុង​ភូមិ​មានប្រ​សិទ្ធ​ភាព​ខ្ញុំ​ក៏​សម្រេច​ចិត្ត​បុល​៨០​លាន​ដុង​សម្រាប់​ទិញ​ជ្រូក​មេ​១០​ក្បាល​ចិញ្ចឹម​។ ដោយ​ខិត​ខំ​ថែ​ទាំ​ស្វែង​យល់​រៀន​សូត្រ​បទ​ពិ​សោធន៍​និង​បច្ចេក​ទេស​ចិញ្ចឹម​ពី​អ្នក​ចិញ្ចឹម​មុន និង​តាម​រយៈ​កាសែត​ ទូរ​ទស្សន៍ ម៉្លោះ​ហើយ​អនុ​វត្ត​ទម្រង់​របស់​គ្រួ​សារ ​ពូ​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​ ក្នុង​មួយ​ឆ្នាំ​ជ្រូក​មេ​កើត​បាន​២​លើក​ ក្នុង​មួយ​លើក​កើត​បាន​ពី​៦-​១០​ក្បាល​។ ដើម្បី​ រក​ប្រាក់​ចំ​ណូល​បន្ថែម​ ឆ្នាំ​២០០៤ ពូ​បាន​វិនិ​យោគ​ចិញ្ចឹម​គោ​ទឹក​ដោះ​២​ក្បាល​។ អា​ស្រ័យ​ចេះ​របៀប​ថែ​ទាំ​បាន​ល្អ​ ម៉្លោះ​ហើយ​គោ​ឆាប់​ធំ​ ដំបូង​ផ្តើម​ពី​គោ​២ក្បាល ​សព្វ​ថ្ងៃ​កើន​ឡើង​១៦​ក្បាល​ ក្នុង​នោះ​ មាន​៨​ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ​ រាល់​ថ្ងៃ​ទទួល​បាន​ទឹក​ដោះ​ចំ​នួន​១៦០​គីឡូក្រាម​ លក់​ដោយ​តម្លៃ​ពី១៣.០០០-​១៥.០០០ដុង/គីឡូក្រាម។ អា​ស្រ័យ​ប្រ​ភព​ចំ​ណូល​ពី​ទម្រង់​ខាង​លើ​ ក្នុង​មួយ​ឆ្នាំ​ពូ​ទិញ​បាន​ដី​ស្រែ​ចំ​នួន​១០កុង​ មក​ដល់​សព្វ​ថ្ងៃ​គ្រួ​សារ​ពូ​មាន​ដី​ស្រែ​ចំ​នួន​១២​ហិក​តា​។ ពូ​ហា​ឱ្យ​ដឹង​៖ ដោយ​ឃើញ​ទម្រង់​ចិញ្ចឹម​គោទឹក​ដោះ​មិន​សូវ​បាន​ផល​ដូច​មុន​ដូច្នេះ​ក្នុង​២​​ឆ្នាំ​ជិត​ៗនេះខ្ញុំ​គ្រាន់​តែ​ចិញ្ចឹម​គោ​បង្កាត់​ស៊ីន​ចំ​នួន​៧​ក្បាល​ជ្រូក​មេ​៣​ក្បាល​និង​ធ្វើ​ស្រែ​    ២រ​ដូវ​/ឆ្នាំ។ ពី​ទម្រង់​ធ្វើ​ស្រែ​គួប​ផ្សំ​ការ​ចិញ្ចឹម​សត្វ​ រាល់​ឆ្នាំ​គ្រួ​សារ​ពូ​ហាយ​ភឿក​ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​រក​បាន​ប្រាក់​ចំ​ណូល​ជាង​៤០០​លាន​ដុង។

សមមិត្ត​ង្វៀង​វ៉ាំង​ហ្វា-​ប្រ​ធាន​សមា​គម​ក​សិករ​ស្រុក​ត្រឹង​ដេឱ្យ​ដឹង​៖ ដើម្បី​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ សេដ្ឋ​កិច្ច​ខ្ពស់​ឱ្យ​សមា​ជិក​កសិករ​។ ពេល​ខាង​មុខ​សមា​គម​ក​សិករ​ស្រុក​នឹង​ណែ​នាំ​ចលនា​សមា​ជិក​ឱ្យ​អនុ​វត្ត​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ សកម្ម​សហ​ការ​បណ្តា​ថ្នា​ក់​ហ្វឹក​ហាត់​ពី​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ណែនាំ​បណ្តា​វិធាន​ការ​បង្ការ​ ទប់ស្កាត់​ជំ​ងឺ​ត្រូវ​តាម​របៀប​។ បង្ក​លក្ខ​ណៈ​ដើម្បី​ឱ្យ​សមា​ជិក​កសិករ​បើក​ទូ​លាយ​ទម្រង់​ផលិត​ វិនិ​យោគ​សម​ស្រប​នៃ​ទម្រង់​ផលិត​ រួម​ចំ​ណែក​បន្ថយ​ការ​ខាត​បង់​ បង្កើន​ទិន្ន​ផល​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ ជួយ​ឱ្យ​សមា​ជិក​កសិករ​លើ​ភូមិ​ដ្ឋាន​ស្រុក​បង្កើន​ប្រាក់​ចំ​ណូល​ឈាន​ឡើង​ធ្វើ​មាន៕

ថា​ញ់វ៉ាង​