ជនរួមជាតិខ្មែរប្រារព្វពិធីសែនព្រះខែ |
អកអំបុក សំពះព្រះខែផ្តើមចេញពីជីវភាពពលកម្មរបស់ប្រជាជនតាំងពីយូរលង់មក តែតាមដំណើរវិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រ បានរងឥទ្ធិពលពីកត្តាសាសនា។ ក្នុងពិធីបុណ្យនេះមានទាំងស្នាមគំនូសរបស់ព្រហ្មញ្ញសាសនានិងពុទ្ធសាសនា ហើយនេះក៏មានភាពជាក់ស្តែងអំពីប្រភពពិធីកសិកម្មរបស់ប្រជាជនផលិតស្រូវ។
ហេតុតែមានពិធីបុណ្យអកអំបុកពីព្រោះជនរួមជាតិខ្មែរភាគច្រើនជាកសិករ ផលិតស្រូវ២រដូវក្នុង១ឆ្នាំ។ ព្រោះថ្ងៃ១៥កើតខែកត្តិកជាថ្ងៃបញ្ចប់រដូវភ្លៀង ហើយក៏ជាពេលប្រមូលផលដំណាំ ក្នុងនោះមានស្រូវដំណើប។ ដើម្បីរំលឹកគុណទេវតាការពារដំណាំ គេយកស្រូវដំណើបដាល់ជាអំបុកនិងផលានុផលផ្សេងទៀតមកសែនព្រះខែដើម្បីសម្តែងនូវការដឹងគុណ។
រាត្រីថ្ងៃពេញបូណ៌មីខែកត្តិក មុនពេលព្រះចន្ទរះឡើងខ្ពស់ គេប្រមូលផ្តុំគ្នានៅទីលានវត្តឬនៅគេហដ្ឋានរៀងខ្លួន ឬច្រើនគេហដ្ឋានប្រជុំគ្នានៅទីធ្លាធំដើម្បីសែនព្រះខែ។ លើតុ ក្រៅពីអំបុកធ្វើពីស្រូវដំណើបដែលជាសំណែនសំខាន់បំផុត មានថែមទាំងផលដំណាំផ្សេងៗទៀតដូច ចេក ដូង ដំឡូង ត្រាវ និងនំចំណីផ្សេងៗ... បន្ទាប់មក មាមីងក្រាលកន្ទេលហើយអង្គុយឆ្ពោះមុខទៅព្រះចន្ទដើម្បីត្រៀមសែនព្រះចន្ទ។ ពេលព្រះចន្ទរះឡើងខ្ពស់ ចាប់ផ្តើមដុតធូប ទៀនហើយអញ្ជើញព្រឹទ្ធាចារ្យម្នាក់ធ្វើជាអ្នកផ្តើម។ បួងសួងនិងសម្តែងនូវការដឹងគុណចំពោះព្រះចន្ទ សូមព្រះចន្ទទទួលយកសំណែនទាំងនេះ ហើយជូនពរគ្នាមានសុខភាពបរិបូណ៌ ភ្លៀងខ្យល់អំណោយផលដើម្បីផលដំណាំលូតលាស់ល្អ។ សែនរួច ក៏ហៅប្អូនៗកុមារមក ហើយដៃម្ខាងចាប់យកអំបុកនិងសំណែនផ្សេងទៀតមួយមុខបន្តិច អកចូលមាត់កុមារទាំងនោះ ដៃម្ខាងទះខ្នងហើយសួរថាប្រាថ្នាអ្វី។ បន្ទាប់មកក៏អញ្ជើញគ្នាហូបនូវសំណែនទាំងនោះ ចំណែកយុវជនស្រី ប្រុសរាំច្រៀងដល់អធ្រាត្រទើបបញ្ចប់។
អកអំបុកឱ្យប្អូនៗកុមារ |
សំណែនសម្រាប់សែនថ្វាយគឺសាមញ្ញណាស់ មិនបានច្នៃច្រើនទេ។ សំណែនទាំងនេះគឺជាលទ្ធផលនៃការផលិតកសិផលលើវាលស្រែ និងចម្ការ។ ក្នុងពិធីនេះមានអត្ថន័យផ្សេងទៀតគឺដើម្បីបន់ស្រន់ឱ្យរដូវឆ្នាំបន្ទាប់ទៀតបានអំណោយផលល្អ។
តាមជំនឿរបស់ជនរួមជាតិខ្មែរ អកអំបុកទាក់ទងដល់រឿងទន្សាយពោធិសត្វ។ មានតំណាលថាពីព្រេងនាយ កាលព្រះពុទ្ធបរមគ្រូនៃយើងទាំងឡាយត្រាច់រង្គាត់អន្ទោលជាតិក្នុងវាលវដ្ដសង្សារនៅឡើយនោះ ក្នុងជាតិមួយ ព្រះអង្គទ្រង់យោនយកកំណើតជាសត្វទន្សាយ។ នៅរាល់ថ្ងៃពេញបូណ៌មី ទន្សាយពោធិសត្វតែងសមាទានរក្សាឧបោសថសីលដោយឧទ្ទិសជីវិតព្រះអង្គជាទានបរមត្ថបារមី ដើម្បីបំពេញជាព្រះពោធិសម្ភារ ឱ្យបានត្រាស់ដឹងជាព្រះពុទ្ធ ។ នៅថ្ងៃពេញបូណ៌មីមួយ ព្រះឥន្ទទ្រង់ជ្រាប ក៏កាឡាខ្លួនជាព្រាហ្មណ៍ចាស់ មកសុំសាច់ព្រះអង្គជាអាហារ ។ ព្រះពោធិសត្វ សុខចិត្តបូជាជីវិតដើម្បីឱ្យសាច់ដល់ព្រាហ្មណ៍ចាស់ ប៉ុន្តែព្រាហ្មណ៍ចាស់ទូលព្រះអង្គថា "ខ្លួនគាត់ កាន់សីលមកយូរហើយ មិនអាចនឹងសម្លាប់សត្វបានទេ", ទើបទន្សាយពោធិសត្វបង្គាប់ឱ្យព្រាហ្មណ៍បង្កាត់ភ្លើងឡើង រួចក៏លោតចូលសម្លាប់ខ្លួន ដើម្បីឱ្យបានសាច់ដល់ព្រាហ្មណ៍បរិភោគ ។ ប៉ុន្តែមុននឹងលោតចូលទៅក្នុងភ្នក់ភ្លើងនោះ ព្រះអង្គទ្រង់អធិដ្ឋានថា សុំឱ្យព្រះឆាយាលក្ខណ៍នៃព្រះអង្គ ទៅប្រតិស្ឋានផ្ដិតជាប់នៅនឹងព្រះចន្ទ រហូតលុះទីបំផុតកប្ប ដោយអានុភាពនៃទានបរមត្ថបារមីនោះ ។
ពីរឿងនេះ ទើបរូបភាពទន្សាយមានប្រាកដនឹងព្រះចន្ទដូចដែលយើងមើលឃើញសព្វថ្ងៃនេះ។ លុះចំណេរមកខាងក្រោយ អ្នករាល់គ្នារំលឹកកំណើតទន្សាយពោធិសត្វនេះ ទើបធ្វើពិធីបុណ្យដែលហៅថា "អកអំបុក-សំពះព្រះខែ" គឺសំពះព្រះឆាយាលក្ខណ៍ព្រះពោធិសត្វនោះឯង ដោយនាំគ្នាជ្រើសចំណីណាដែលទន្សាយចំណូលដូច៖ អំបុក ចេក ដំឡូង ដូង ត្រាវជាដើម យកមកឧទ្ទិសថ្វាយជាហូរហែជាប់ជាទំនៀមទម្លាប់មក រហូតដល់សព្វថ្ងៃ។
តាមបណ្ឌិតហ្វិញសាង-សាស្ត្រាចារ្យមហាវិទ្យាល័យត្រាវិញៈ ពិធីបុណ្យអកអំបុកមានប្រភពពីពិធីកសិកម្ម តាមលំហូរនៃពេលវេលានិងប្រវត្តិសាស្ត្រ ពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរមួយថ្ងៃកាន់តែសម្បូណ៌បែបអំពីទម្រង់និងខ្លឹមសារសង្គម វប្បធម៌។ ក្រោយមក រងឥទ្ធិពលពីសាសនាទាំង២គឺព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា ពីកត្តាប្រជាប្រិយមានលក្ខណៈដោយឡែក ដល់កត្តាសាសនា ប្រជាជនបានចាត់ទុកព្រះខែជានិមិត្តរូបពិសិដ្ឋ ញ៉ាំងឱ្យមហាជនខិតជិតគ្នានិងរួមគ្នាប្រព្រឹត្តតាមក្តីរប្រាថ្នារបស់អ្នករាល់គ្នា។ ជនរួមជាតិខ្មែរប្រារព្ធពិធីនេះដើម្បីអំណរស្រូវថ្មី រដូវប្រមូលផលក្នុងឆ្នាំដែលខិតខំប្រឹងប្រែងតាំងពីដើមរដូវភ្លៀងរហូតមក កំណត់រដូវប្រមូលផលស្រូវនិងផលិតផលកសិកម្មផ្សេងៗ ភ្ជាប់ជាមួយនិទានក្នុងសាសនាដើម្បីរំលឹកនូវការបរិច្ចាគដ៏ឧត្តមរបស់ទន្សាយពោធិសត្វដែលសន្សំបារមី និងឧទ្ទិសបូជាដល់ទន្សាយពោធិសត្វនូវសំណែនក្នុងថ្ងៃពេញបូណ៌មីខែកត្តិកក្នុងពេលព្រះចន្ទរះឡើងខ្ពស់។
ពិធីបុណ្យអកអំបុក សែនព្រះខែជាការលាយផ្សំរវាងកត្តាប្រជាប្រិយនិងសាសនាយ៉ាងច្បាស់ តម្លៃវប្បធម៌ប្រជាប្រិយរបស់ជនរួមជាតិខ្មែរនៅណាមបូ ធ្វើឱ្យតម្លៃនៃជំនឿប្រជាប្រិយនិងជំនឿកសិកម្មកាន់តែជាក់ច្បាស់។ សង្កេតរួម ពិធីបុណ្យអកអំបុកទោះបីមានលក្ខណៈរបស់ជំនឿសាសនា តែក្នុងនោះមានទាំងពិធីកិច្ចកសិកម្ម។ តាមនោះ ក្នុងពិធីនេះឆ្លុះបញ្ចាំងក្តីប្រាថ្នាចង់បានភោគផលសម្បូណ៌ហូរហៀរនិងអាកាសធាតុអំណោយផលដើម្បីផលដំណាំលូតលាស់ល្អ ជីវភាពបានធូរធារ។ ឆ្លងតាមពិធីនេះ ជនរួមជាតិខ្មែរចង់ផ្ញើជូនវាចាអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតដល់អធិធម្មជាតិដែលបានផ្តល់នូវភាពសុខសាន្ត ជាពិសេស ក្នុងគោលបំណងរក្សាប្រពៃណីព្រះពុទ្ធសាសនាឱ្យគង់វង្សយូរអង្វែងផង ជួយពង្រឹងស្មារតីសហគមន៏ចេះសាមគ្គីបង្កបង្កើតផលិតកសិកម្ម និងស្រឡាញ់រាប់អានគ្នា ដូចជាបងប្អូនបង្កើតផង។
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin