ប្រធានគណៈប្រជាជនភូមិ​អស់ពី​ចិត្តបម្រើ​ប្រ​ជា​ជន​

04:55, 13/02/2025

​ជា​មួ​យស្មារតីអស់ពីចិត្តបម្រើប្រជាជន រយៈពេលកន្លង បងស៊ើងមិញថេក្នុង​នាទីជាអនុលេខាសាខាបក្ស-ប្រធានគណៈប្រជាជនភូមិព្រែកឈ្វេង ឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង) ដើម្បីប្រយោជន៍រួមរបស់ប្រជាជន បងមិនក្រែងរអែងនិងការលំបាកក្នុងការងារ តែងសម្រេចរាល់ភារកិច្ចបានប្រគល់។

បងស៊ើងមិញថេ អនុលេខាសាខាបក្ស-ប្រធានគណៈប្រជាជនភូមិព្រែកឈ្វេង ឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង)
បងស៊ើងមិញថេ អនុលេខាសាខាបក្ស-ប្រធានគណៈប្រជាជនភូមិព្រែកឈ្វេង ឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង)

កើត​ឆ្នាំ​១៩៩១នៅ​ភូមិ​ព្រែក​ឈ្វេង ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង (សុក​ត្រាំង) តាំង​ពី​ក្មេង​បង​​ស៊ើង​មិញ​ថេមាន​បំណង​ចង់​គប់​វាល់​កម្លាំង​ឱ្យ​ភូមិ​ភាគ។ ​ឆ្នាំ២០១១ ក្រោយ​ពេល​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ បង​បំពេញ​ការ​ងារ​នៅ​ឃុំ សុំ​​​​បម្រើ​ការ​ងារ​​នគរ​បាល​ឃុំ​ថាញ់ភូ។ ឆ្នាំ​២០១៤​-២០១៥ បង​ទៅ​រៀន​មធ្យម​សិក្សា​យោធា​ ហើយ​ក្រោយ​មក​​បន្ត​ការ​ងារ​នៅ​ភូមិភាគ។ ឆ្នាំ​២០១៦ បង​បាន​​ជ្រើស​តាំង​​ជា​ប្រធាន​ការ​ងារ​រណសិរ្ស​ភូមិ ដល់​ឆ្នាំ​២០២២ បង​បាន​ប្រ​ជា​ជនជឿ​ទុក​ចិត្ត​ជ្រើស​តាំង​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ព្រែក​ឈ្វេង។

ចែក​រំលែក​ជា​មួយ​យើង​ខ្ញុំ​បង​ឱ្យ​ដឹង៖ កើត​និង​ធំ​ដឹង​ក្តី​នៅ​ទី​នេះ ខ្ញុំ​តែង​ចង់​រួម​កម្លាំង​របស់​ខ្លួន​ដើម្បី​កសាង​ស្រុក​កំណើត​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍ ជី​វភាព​របស់​ប្រ​ជា​ជន​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់។ ប្រ​ការ​ដែល​ខ្ញុំ​សង្ឃឹម​បំផុត​គឺ​ការ​ស្រប​ចិត្ត រួម​កម្លាំង​របស់​រដ្ឋ​អំណាច អង្គការ​មហាជន​និង​ប្រ​ជា​ជន​ទាំង​អស់​។ ពេល​ដែល​យើង​ខិត​ខំទាំង​អស់​គ្នា ខ្ញុំ​ជឿ​ជាក់​ថា​ភូមិ​ស្រុក​របស់​យើង​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍចីរភាព។​

ក្នុង​តួ​នាទី​ជា​អនុ​លេខា​ ប្រធាន​គណៈ​ប្រ​ជា​ជនភូមិ​ព្រែក​ឈ្វេង បង​ស៊ើង​មិញ​ថេ​តែង​​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ គំ​រូឈាន​មុខ​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​ដែល​បាន​ប្រ​គល់។ បង​បាន​សហការ​ជា​មួយ​សាខា​បក្ស​ភូមិ គណៈការ​ងារ​រណសិរ្សភូមិ​និង​អង្គការ​មហាជន​អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជាជនអនុវត្ត​ល្អ​គោល​មាគ៌ា គោល​ការណ៍​របស់​បក្ស គោល​នយោបាយ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។ ភូមិ​ព្រែក​ឈ្វេង​មាន​គ្រួសារ​ចំនួន​៨៨៧គ្រួ ដោយ​មាន​ប្រជា​ជន​ចំនួន​៣.៤៧២​រូប ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​៩៥%។ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង បង​បាន​សកម្ម​ផ្សព្វ​ផ្សាយ​អំពី​ការ​ពង្រីក​អនុវត្ត​បណ្តា​កម្ម​វិធី​គោល​ដៅ​ជាតិ​ដូច​កម្មវិ​ធី​កសាង​ជន​បទ​ថ្មី​ បន្ថយ​ក្រ​ស្ថិរភាព​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច។ ក្រៅ​ពី​ការ​ងារ​ផ្សព្វ​ផ្សាយ បង​ថេ​ថែម​ទាំង​ចូល​រួម​ចលនាមាមីង​ប្តូរ​ផ្លាស់​​គំនិត​ របៀប​ធ្វើ​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ អាស្រ័យ​ហេតុ​នេះ ជីវភាព​របស់​មាមីងក្នុង​ភូមិ​មួយ​ថ្ងៃ​កាន់​តែ​បាន​កែ​លម្អ ​ចំនួន​គ្រួ​សារ​ក្រ​ថយ​ចុះ​តាម​លំ​ដាប់​ឆ្នាំ​ គ្រួសារ​គ្រាន់​បើ​និង​ធូរ​ធារ​កើន​ខ្ពស់ ​​បច្ចុប្បន្ន​​ ភូមិ​ព្រែក​ឈ្វេង​មាន​គ្រួ​សារ​ក្រ​​ត្រឹម​១២​គ្រួ គ្រួសារ​ក្បែរ​ក្រ​ចំនូន​១៩​គ្រួ​ ហើយ​​​ជា​ភូមិ​មាន​អត្រា​គ្រួ​សារ​ក្រ​ ក្បែរ​ក្រ​ទាប​បំផុត​របស់​ឃុំ​ថាញ់ភូ។​

បងស៊ើងមិញថាជូនអំណោយដល់មនុស្សចាស់ឯកោ។
បងស៊ើងមិញថេជូនអំណោយដល់មនុស្សចាស់ឯកោ។

មិន​ត្រឹម​តែ​​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច បង​​នៅ​ទាំង​​សកម្ម​​អនុវត្ត​បណ្តា​កម្មវិធី​​សុខុមាលភាពសង្គម​។ បង​បាន​សហការ​ជា​មួយ​រដ្ឋ​អំណាច​ភូមិភាគ​ចល​នា​សប្បុរស​ជន​គប់​វាល់​កសាង​ផ្ទះ​មេត្តា​ធម៌ឱ្យ​គ្រួ​សារ​ក្រ​ ចលនា​ឧបត្ថម្ភ​អំណោយ​ឱ្យ​ប្រ​ជាជន​ដែល​មាន​ស្ថាន​ភាព​លំបាក​នាឱកាស​ពិ​ធី​បុណ្យ​ តេត។ ក្នុង​ឆ្នាំ​២០២៤​ បាន​ចលនា​សប្បុរសជន​ឧបត្ថម្ភ​អំណោយ​ចំនួន​៣១០​ចំណែក​និង​អង្ករ​១តោន​ឱ្យ​គ្រួសារ​ក្រ ក្បែរ​ក្រ គ្រួសារ​មាន​ស្ថាន​ភាព​លំបាក មនុស្ស​ចាស់​រស់​នៅ​ឯកោ សរុប​ទឹក​ប្រាក់​១០៨​លាន​ដុង។ ក្រៅ​ពី​នេះ​ បង​និង​អង្គការមហាជន​ភូមិ​ចលនា​ប្រជា​ជន​គប់​វាល់​កសាង​ប្រ​ព័ន្ធ​អគ្គិ​សនី​​អុជ​បំភ្លឺ​ រួម​ចំណែក​លើក​កម្ពស់​លក្ខឋាន​ជន​បទ​ថ្មី។

ដោយ​ការ​គប់​វាល់​ជាក់​ស្តែង បង​ស៊ើង​មិញ​ថេ​បាន​រួម​ចំណែក​មិន​តិច​ជួយ​ឱ្យ​ភូមិ​ព្រែក​ឈ្វេង​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍ ជី​វភាព​មាមីង​មួយ​ថ្ងៃ​បាន​កែលម្អ។ មិន​ត្រឹម​តែ​ជា​ប្រធាន​គណៈប្រ​ជា​ជន​អស់​ពី​ចិត្ត​ ប៉ុណ្ណោះ​ទេ បង​ថែម​ទាំង​ជា​គំរូ​ឆ្នើម​ក្នុងចលនា​កសាង​ជន​បទ​ថ្មី។

ទន្ទឹម​នឹង​នោះ ក្នុង​តួ​នាទី​ជា​អនុលេខា​​សា​ខា​បក្ស​ភូមិ បង​រួម​ជា​មួយ​គណៈប្រតិបត្តិ​សាខា​បក្ស​តែង​យក​ចិត្ត​ទុក​ដាក់​ការ​ងារ​បណ្តុះបណ្តាល​​​ធន​ធាន​បក្ខជន លើក​កម្ពស់​គុណ​ភាព​ប្រ​ជុំ​សាខា​បក្ស ពង្រីក​តួនាទី​ឈាន​មុខ គំរូ​របស់​បក្ខ​ជន​ក្នុង​ការ​ចលនា​មហាជន​ចូល​រួម​បណ្តា​ចលនា​នៅ​ភូមិ​ភាគ។ អាស្រ័យ​ហេតុ​នេះ សាខា​បក្ស​ភូមិ​ព្រែក​ឈ្វេង​​តែង​សម្រេច​ឆ្នើម​ភារកិច្ច​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់។

វាយ​តម្លៃ​អំពី​បង​ស៊ើង​មិញ​ថេ សមមិត្ត​ភូ​វៀត​បេន - អនុ​ប្រ​ធាន​គណៈកម្មាធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ភូឱ្យ​ដឹង៖

“ក្នុង​តួនាទី​ជា​អនុ​លេខា​សាខា​បក្ស ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ព្រែក​ឈ្វេង សមមិត្តស៊ើង​មិញ​ថេ​តែង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ ​​គំ​រូ ឈាន​​មុខ​ក្នុង​ការ​អនុវត្ត​ភារកិច្ច​បាន​ទទួល​ ធ្វើ​ល្អ​​កិច្ច​ការ​ធ្វើ​សេនាធិការឱ្យ​សាខា​បក្ស សហការ​ជា​មួយ​រណសិរ្ស អង្គការ​មហាជននិង​អ្នក​មាន​ប្រិយ​ភាពលើភូមិដ្ឋាន​ភូមិក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជាជន។ អាស្រ័យ​ការ​អស់ពី​ចិត្ត​របស់​សមមិត្ត ទិដ្ឋ​ភាព​​ជន​​បទ​របស់​ភូមិ​មួយ​ថ្ងៃ​កាន់​តែ​ស្រស់​ស្អាត ជីវភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់​យ៉ាង​ច្បាស់។ សមមិត្ត​ស័ក្តិសម​ជា​គំរូឆ្នើមរបស់​សាខា​បក្ស​ភូមិ​ព្រែក​ឈ្វេង។ ជា​មួយ​ការ​គប់​វាល់ដោយ​ការ​ងារ​ជាក់​ស្តែង សមមិត្ត​ស៊ើង​មិញ​ថេ​តែង​បាន​សមូហភាព​ទុក​ចិត្ត​ ប្រ​ជា​ជន​ស្រឡាញ់៕

វឌ្ឍា