![]() |
ប្អូនតាំងធូឌិញ សិស្សថ្នាក់ទី៩A១ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ទ្រី (សុកត្រាំង) ជាគំរូជម្នះការលំបាករៀនពូកែក្នុងសាលា។ |
ប្អូនតាំងធូឌិញ សិស្សថ្នាក់ទី៩A១ ជាគំរូជម្នះការលំបាករៀនពូកែ។ ទោះបីជាមានស្ថានភាពគ្រួសារលំបាក ប៉ុន្តែប្អូនតែងមានឆន្ទៈប្តេជ្ញា ខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកនិងឧបសគ្គទាំងអស់។ តាំងពីតូច ធូឌិញបានដឹងថា ការសិក្សាគឺជាឪកាសតែមួយគត់ដែលអាចជួយប្អូនជម្នះស្ថានភាព ចាកផុតពីភាពក្រីក្រ ដូច្នេះហើយ នៅសាលា ប្អូនតែងតែស្តាប់លោកគ្រូ អ្នកគ្រូ ខិតខំរៀនសូត្រ លត់ដំ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពចលនា ហេតុនេះ ប្អូនទទួលបានកិត្តិនាមជាសិស្សពូកែ ឆ្នើមរយៈពេល៤ឆ្នាំបន្តបន្ទាប់។ ប្អូនឱ្យដឹង៖ អាស្រ័យបានរៀននៅសាលាអន្តេវាសិក ដូច្នេះហើយ ឪពុកម្តាយមិនបារម្ភច្រើនពីការចំណាយលើការសិក្សារបស់ប្អូន ដោយបានសាលាឧបត្ថម្ភ។ គ្រួសារប្អូនជាគ្រួសារក្រ ឪពុកម្តាយធ្វើការឈ្នួល ដើម្បីចិញ្ចឹមកូនរៀនសូត្រ ប្អូនតែងមានស្មារតីទទួលខុសត្រូវរបស់ខ្លួនដែលតែងខិតខំរៀនសូត្រ ទទួលបានលទ្ធផលល្អ ធ្វើឱ្យឪពុកម្តាយសប្បាយចិត្ត ដើម្បីមានជីវភាពកាន់តែល្អប្រសើរក្នុងពេលអនាគត។
លោកគ្រូទ្រីវទ្រឿងអែម-ទទួលបន្ទុកក្រុមសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ទ្រី ឱ្យដឹង៖ ប្អូនធូឌិញ ជាសិស្សឧស្សាព្យាយាម រៀនពូកែ ប្អូនតែងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពចលនាដូច ពិធីប្រឡងសិល្បៈ ពិធីប្រឡងសិស្សពូកែ។ល។ ប្អូនជាគំរូដ៏ភ្លឺស្វាងសម្រាប់មិត្តភក្តិធ្វើតាម។
ក៏ដូចជាប្អូនធូឌិញ គ្រួសារប្អូនលីហ្វិញអាញ់ សិស្សថ្នាក់ទី៨A២ ក៏ជាគ្រួសារក្រីក្រ ដែលមានស្ថានភាពគ្រួសារលំបាក ប្អូនប្រុសរបស់ហ្វិញអាញ់ ឈឺធ្ងន់ ដូច្នេះហើយ ឪពុកម្តាយធ្វើការឈ្នួលយ៉ាងនឿយហត់ ដើម្បីមានប្រាក់ព្យាបាលឱ្យប្អូនប្រុស។ ឃើញដូច្នោះ ដើម្បីជួយបន្ថយថ្លៃសិក្សា ហ្វិញអាញ់ មានឆន្ទៈក្នុងការខិតខំសិក្សាតាំងពីតូច ដើម្បីសម្រេចបានលទ្ធផលសិស្សពូកែ ចរិយាសម្បត្តិល្អ តាំងពីនោះ បានចូលរៀននៅសាលាអន្តេវាសិកនឹងកាន់តែងាយស្រួល។ ដោយតួនាទីជាប្រធានថ្នាក់ ប្អូនតែងតែទទួលខុសត្រូវចំពោះថ្នាក់របស់ខ្លួន តែងតែលើកទឹកចិត្តមិត្តភក្តិរៀនសូត្រ ចូលរួមក្នុងសកម្មភាពចលនាស្របតាមផែនការរបស់សាលា។ ហ្វិញអាញ់ តែងមានឈ្មោះក្នុងពិធីប្រឡងអក្សរសាស្ត្រពូកែ អក្សរល្អ ពិធីប្រឡងកីឡា ពិធីច្នៃប្រឌិតយុវជន។ល។ ពិធីប្រឡងដែលប្អូនចូលរួមតែងតែទទួលបានរង្វាន់។
![]() |
ប្អូនលីហ្វិញអាញ់ សិស្សថ្នាក់ទី៨A២ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកថាញ់ទ្រី (សុកត្រាំង) សម្រេចកិត្តិនាមសិស្សពូកែជាច្រើនឆ្នាំបន្តបន្ទាប់។ |
និយាយអំពីហ្វិញអាញ់ អ្នកគ្រូលីវធីប៊ិតវ៉ឹង ជាគ្រូបង្រៀនប្រចាំថ្នាក់ទី៨A២ ចែករំលែក៖ ហ្វិញអាញ់លុះក្នុងដំបូន្មាននិងពូកែវិញ្ញាសាអក្សរសាស្ត្រ រៀងរាល់ឆ្នាំ ចូលរួមប្រឡងសិស្សពូកែវិញ្ញាសាអក្សសាស្ត្រនិងតែងតែទទួលបានរង្វាន់។ ពិសេស ខ្ញុំមានទំនុកចិត្តខ្លាំងពេលប្រគល់ភារកិច្ចឱ្យប្អូនធ្វើប្រធានថ្នាក់ ហ្វិញអាញ់មានសមត្ថភាពគ្រប់គ្រងថ្នាក់បានល្អណាស់ តែងជួយមិត្តភក្តិក្នុងថ្នាក់ ហើយតែងឈានមុខគ្រប់សកម្មភាពចលនា។
លោកគ្រូឡឹមគីមហា-ចាងហ្វាសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកថាញ់ទ្រីឱ្យដឹង៖ សាលានិងលោកគ្រូ អ្នកគ្រូតែងតែយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដើម្បីឱ្យប្អូនៗមានបរិយាកាសសិក្សាល្អ រួមជាមួយនឹងការខិតខំប្រឹងប្រែងជម្នះការលំបាក ឈានឡើងក្នុងការរៀនសូត្ររបស់ប្អូនៗ ដោយសារការសហការដ៏ល្អរវាងលោកគ្រូ អ្នកគ្រូនិងប្អូនៗសិស្សានុសិស្ស សាលាសម្រេចបានលទ្ធផលឆ្នើមជាច្រើន។ ក្នុងឆមាសទី១ សាលាមានសិស្ស៥១រូប ដែលសម្រេចកិត្តិនាមសិស្សពូកែ ទទួលបាន១រង្វាន់លើកទឹកចិត្តក្នុងពិធីប្រឡងអក្សរសាស្ត្រពូកែ អក្សរល្អថ្នាក់ស្រុក ១រង្វាន់លេខ៣និង៦រង្វាន់លើកទឹកចិត្តសិស្សពូកែថ្នាក់ស្រុក។
បណ្តាសិស្សដែលជម្នះការលំបាក រៀនពូកែ មិនត្រឹមតែបង្ហាញពីស្មារតីសង្វាតរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាគំរូនៃឆន្ទៈក្នុងការឈានឡើងក្នុងជីវភាព។ ដោយមានការយកចិត្តទុកដាក់ ឧបត្ថម្ភរបស់លោកគ្រូ អ្នកគ្រូ គណៈផ្នែកគ្រប់ថ្នាក់ ប្អូនៗនឹងមានឱកាសពង្រីកអស់ពីសមត្ថភាព ជំនាញ ជម្នះរាល់ស្ថានភាព ក្លាយជាពលរដ្ឋឆ្នើម ដែលមានប្រយោជន៍ដល់សង្គម៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin