ប្អូនឡឹមស៊ើងធ្វីតៀង |
ពេលឡើងទទួលអាហារូបករណ៍ ទឹកមុខរបស់ធ្វីតៀង ពោរពេញដោយភាពរីករាយនិងសុភមង្គល ពីព្រោះនេះជាអំណោយដ៏សំខាន់ក្នុងដើមឆ្នាំសិក្សាថ្មី។ ប្អូនធ្វីតៀង ឱ្យដឹង៖ “ម្ដាយខ្ញុំធ្វើការងារផ្នែកអនាម័យ ឪពុកខ្ញុំជាសន្តិសុខនៅសាលាបឋមសិក្សា ប្រាក់ចំណូលទាប ហើយថែមទាំងគិតគូរឱ្យកូនពីរនាក់រៀនសូត្រទៀតផង។ ព្រោះហេតុនោះ គ្រួសារខ្ញុំជួបលំបាកខ្លាំងណាស់។ ខ្ញុំរៀននៅសាលាជនជាតិអន្តេវាសិក បានរដ្ឋជំនួយប៊ិច សៀវភៅសរសេរ សៀវភៅពុម្ព ចំណែកសម្លៀកបំពាក់ក៏បានបងៗថ្នាក់មុនគាត់ឱ្យ ទើបខ្ញុំមិនចំណាយលុយទិញ។ ទទួលបានអាហារូបករណ៍ ខ្ញុំត្រេកអរណាស់ ពីព្រោះមានលុយឱ្យឪពុកម្ដាយខ្ញុំទិញសម្លៀកបំពាក់និងកាតាបថ្មីឱ្យប្អូនខ្ញុំទៅរៀន”។ ជាកូនលុះក្នុងដំបូន្មាន សិស្សរៀនពូកែ ទោះបីរស់ក្នុងគ្រួសារក្រីក្រក៏ដោយ ប៉ុន្តែ ធ្វីតៀង នៅតែប្រឹងប្រែងរៀនសូត្រ។ ជាច្រើនឆ្នាំមកនេះ ដោយដឹងថាស្ថានភាពរបស់ធ្វីតៀង មានការលំបាក រៀនពូកែ ម្ល៉ោះហើយសាលាបានពិនិត្យអាទិភាព ឱ្យប្អូនបានទទួលអាហារូបករណ៍សម្រាប់សិស្សក្រីក្រសង្វាតរៀនសូត្ររបស់សមាគមជំរុញការសិក្សាខេត្តសុកត្រាំង។ នោះក៏ជាកម្លាំងចិត្តជួយឱ្យធ្វីតៀង មានស្មារតីឆ្លងកាត់ការលំបាក រៀនសូត្របានល្អរហូតមកទល់សព្វថ្ងៃ។
ប្អូនឡឹមស៊ើងធ្វីតៀង (ឈរទី២រាប់ពីខាងស្ដាំ) ទទួលអាហារូបករណ៍ សម្រាប់សិស្សក្រីក្រសង្វាតរៀនសូត្រ |
តាមសម្ដីធ្វីតៀង ថ្វីដ្បិតតែគ្រួសារក្រលំបាក ប៉ុន្តែតាំងពីកុមារភាពមក ប្អូនតែងបានឪពុកម្ដាយ បង្កលក្ខណៈល្អបំផុតសម្រាប់រៀនសូត្រ។ ធ្វីតៀង ឱ្យដឹងបន្ថែម៖ “ឪពុកម្ដាយខ្ញុំច្រើនប្រាប់ថា ចង់ចាកផុតពីភាពក្រីក្រ មានអនាគតភ្លឺស្វាង គឺត្រូវប្រឹងប្រែងរៀនសូត្រឱ្យបានល្អ និងមានមុខរបរលំនឹង។ ស្ដាប់តាមដំបូន្មានឪពុកម្ដាយ ចាប់តាំងពីរៀនថ្នាក់ទី ៦ នៅសាលាអន្តេវាសិកដែលឆ្ងាយពីផ្ទះ ខ្ញុំតែងគោរពតាមលក្ខន្ដិកៈសាលារៀន; ពេលចូលរៀនប្រុងស្ដាប់លោកគ្រូអ្នកគ្រូពន្យល់មេរៀន មកកន្លែងបន្ទប់គឺធ្វើលំហាត់និងអានសៀវភៅជាច្រើនដែលមានប្រយោជន៍ដល់ការសិក្សា។ បញ្ចប់ឆ្នាំសិក្សា សម្លឹងឃើញឪពុកម្ដាយកាន់ប័ណ្ណសរសើរព្យួរឡើងលើជញ្ជាំងដោយទឹកមុខរីករាយ ធ្វើឱ្យខ្ញុំកាន់តែសប្បាយចិត្តនិងតាំងចិត្តខិតខំរៀនសូត្រឱ្យកាន់តែល្អនិងពូកែថែមទៀត”។
លោកឡឹមសៅ អនុប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ឱ្យដឹង៖ “ដោយដឹងពីការលំបាករបស់ប្អូនធ្វីតៀង ទើបសមាគមបានស្នើដល់គណៈនាយកសាលាចំណេះទូទៅជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យថាញ់ភូ ពិនិត្យអាទិភាពផ្ដល់អាហារូបករណ៍រៀងរាល់ឆ្នាំ ដើម្បីជួយដល់ប្អូនលំនឹងចិត្តក្នុងការរៀនសូត្រ។ នេះជាឆ្នាំទី ៣ហើយ ដែលធ្វីតៀង បានទទួលអាហារូបករណ៍ សង្ឃឹមថា អំណោយនេះនឹងជំរុញស្មារតីនិងការប្តេជ្ញាចិត្តក្នុងការរៀនសូត្រ ដើម្បីការរៀនសូត្ររបស់សិស្សក្រីក្រដូចជាធ្វីតៀង កាន់តែសាយភាយពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រាប់សិស្សដែលមានស្ថានភាពលំបាកឯទៀត កាន់តែមានភាពជឿជាក់ ប្រឹងប្រែងរៀនសូត្រ ក្លាយជាមនុស្សមានប្រយោជន៍ក្នុងសង្គម”៕
យ្វីអាញ់ - ថាច់ធី
កាសែតកឹងធើ Online
Thông tin bạn đọc
Đóng Lưu thông tin