ប្រមូលផ្តុំជំរុញការងារបណ្តុះបណ្តាលរបរឱ្យពលករនៅជនបទ

04:53, 09/06/2025

ការងារបណ្តុះបណ្តាលរបរផ្សារភ្ជាប់នឹងដោះស្រាយការងារធ្វើឱ្យពលករនៅតំបន់ជនជាតិភាគតិចពេលកន្លងតែងបានស្រុកចូវថាញ់(សុកត្រាំង)​យកចិត្តទុកដាក់ រួមចំណែកលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បន្ថយក្រដោយចីរភាពឱ្យប្រជាជននៅជនបទ។

មជ្ឈមណ្ឌលអប់រំរបរ-អប់រំអចិន្ត្រៃយ៍ស្រុកចូវថាញ់ ខេត្តសុកត្រាំងចាត់តាំងបណ្តុះបណ្តាលរបរកាត់ដេរឧស្សាហកម្មឱ្យពលករនៅជនបទ។
មជ្ឈមណ្ឌលអប់រំរបរ-អប់រំអចិន្ត្រៃយ៍ស្រុកចូវថាញ់ (សុកត្រាំង)ចាត់តាំងបណ្តុះបណ្តាលរបរកាត់ដេរឧស្សាហកម្មឱ្យពលករនៅជនបទ។

ជា​មួយ​ទិស​ដៅ​ប្រ​មូល​ផ្តុំ​បណ្តុះ​បណ្តាល​របរ​នៅ​​ភូមិ​ភាគ​ បង្ក​ការ​ងារ​ធ្វើ​លំ​នឹង​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​ពល​ករ​នៅ​ជន​បទ​ មជ្ឈ​មណ្ឌល​អប់​រំ​របរ​-អប់​រំ​អចិន្ត្រៃយ៍​ស្រុក​ចូវ​ថាញ់​បាន​សហ​ការ​ជា​មួយ​បណ្តា​ឃុំ​ ទីរួម​ស្រុក​និង​អង្គ​ភាព​នា​នា​ចាត់​តាំង​បណ្តុះ​បណ្តាល​ឱ្យ​ប្រ​ជា​ជន។ អា​ស្រ័យ​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ចលនា​ជួយ​ប្រ​ជា​ជន​ឃើញ​នូវ​ប្រ​សិទ្ធ​ភាព​នៃ​ថ្នាក់​ចូល​រួម​បណ្តុះ​បណ្តាល​របរ តាម​នោះ​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​ ចលនា​មា​មីង​ចូល​រួម​ថ្នាក់​រៀន​របរ​ដោយ​មាន​សិក្ខា​កាម​ចូល​រួម​ពី​មួយ​ថ្ងៃ​កាន់​តែ​ច្រើន។ ឆ្នាំ​២០២៤ មជ្ឈ​មណ្ឌល​អប់​រំ​រប​រ-អប់​រំ​អចិន្ត្រៃយ៍​ស្រុក​បើក​​ថ្នាក់​បណ្តុះ​បណ្តាល​របរ​បាន​៣២​ថ្នាក់​ ដោយ​មាន​ពល​ករ​ចំ​នួន​៥០០​រូប​ចូល​រួម។ ក្នុង​នោះ​បណ្តុះ​បណ្តាល​ក្រៅ​កសិកម្ម​បើក​បាន​ចំ​នួន​១៨​ថ្នាក់​ របរ​កសិកម្ម​បើក​បាន​១៤​ថ្នាក់​ សហការ​ជា​មួយ​មជ្ឈ​មណ្ឌល​យ៉ា​ភឿក​ហ៊ឹង​ចាត់​តាំង​បណ្តុះ​បណ្តាល​កុំ​ព្យូ​ទ័រ​បាន​ចំ​នួន​៧​ថ្នាក់​សរុប​ថវិកា​អនុ​វត្ត​ជិត​១​ពាន់​លាន​ដុង។

ចាត់​តាំង​ឧទ្ទេស​នាម​ជូន​សិក្ខា​កាម​នៃ​បណ្តា​ថ្នាក់​បណ្តុះ​បណ្តាល​របរ​លើ​វិស័យ​ក្រៅ​កសិកម្ម​ ចម្បង​គឺ​ថ្នាក់​កាត់​ដេរ​ឧស្សាហ​កម្ម​ ក្រោយ​ពី​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​បាន​ធ្វើ​ការ​សាក​ល្បង​និង​ចូល​រួម​ទី​ផ្សារ​ពល​ករ​នៃ​បណ្តា​ក្រុម​ហ៊ុន​អា​ជីវកម្ម​​ក្នុង​និង​ក្រៅ​ខេត្ត​ មាន​ពល​ករ​ចំ​នួន​៧៧​រូប​ចូល​រួម​ ដោយ​មាន​ប្រាក់​ចំ​ណូល​ពី​៤-៥​លាន​ដុង/ខែ។ ដោយ​ឡែក​សិក្ខា​កាម​ណា​មិន​ចូល​រួម​ទី​ផ្សារ​ពល​ករ​ក៏​បាន​បង្ក​លក្ខណៈ​ឱ្យ​ធ្វើ​ការ​នៅ​តាម​មូលដ្ឋាន​ផលិត​ បណ្តា​អជីវ​កម្ម​នៅ​ភូមិ​ភាគ​និង​មាន​ប្រ​ភព​ចំ​ណូល​លំ​នឹង​ពី​៣-៥​លាន​ដុង/ខែ ធា​នា​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​ប្រ​ចាំ​ថ្ងៃ។

គ្រួ​សារ​បង​ស្រី​ថាច់​ធី​ថាញ់​ញ៉ា នៅ​ភូមិ​ភឿក​អាង​ ឃុំ​ភូ​តឹង​ ស្រុក​ចូវ​ថាញ់​បាន​ឱ្យ​ដឹង​៖ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​បាន​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​​ទើប​ខ្ញុំ​ក្តាប់​បាន​ច្បាស់​ពី​បច្ចេក​ទេស​និង​យល់​ច្បាស់​ពី​លក្ខន្តិកៈ​ធ្វើ​ការ​នៅ​រោង​ចក្រ​ជំ​នាញ​កាត់​ដេរ។ ក្រោយ​ពី​ចូល​រួម​ថ្នាក់​កាត់​ដេរ​ឧស្សាហ​កម្ម​ សព្វ​ថ្ងៃ​ខ្ញុំ​បាន​ទទួល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​កាត់​ដេរ Tuntex សុក​ត្រាំង​ខ្ញុំ​មាន​ក្តី​រីក​រាយ​ណាស់។

ចំ​ពោះ​សិក្ខា​កាម​ដែល​ចូល​រួម​ថ្នាក់​បណ្តុះ​បណ្តាល​របរ​លើ​វិស័យ​កសិកម្ម​ដូច​ ផលិត​ស្រូវ​ទិន្ន​ផល​ខ្ពស់​ ចិញ្ចឹម​គោ ចិញ្ចឹម​ជ្រូក​ ចិញ្ចឹម​ជលផល សិក្ខា​កាម​ក្រោយ​ពី​រៀន​បញ្ចប់​វគ្គ​តែង​បាន​បើក​ទម្រង់​នៅ​ផ្ទះ​និង​អនុ​វត្ត​ចំ​ណេះ​ដឹង​ដែល​បាន​បណ្តុះ​បណ្តាល​ចូល​ក្នុង​ការ​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ។

​បង​ត្រឹង​វ៉ាំង​ដាក នៅ​ភូមិ​កំ​ពង់​ទ្រព្យ​អា​ ឃុំ​អាង​ហ៊ីប ស្រុក​ចូវ​ថាញ់ រីក​រាយ​ពេល​បាន​ចូល​រួម​ថ្នាក់​រៀន​របរ​ចិញ្ចឹម​គោ​បាន​ឱ្យ​ដឹង៖ អា​ស្រ័យ​ចូល​រួម​ថ្នាក់​បណ្តុះ​បណ្តាល​របរចិញ្ចឹម​គោ ទើប​ខ្ញុំ​បាន​ក្រេប​ជញ្ជក់​ចំ​ណេះ​ដឹង​ពី​ការ​ថែ​ទាំ​គោ អា​ស្រ័យ​ហេតុ​នោះ​ គោរបស់​ខ្ញុំ​ឆាប់​ធំ​។ សព្វ​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​មាន​គោ​ចំ​នួន​៦​ក្បាល​ ដូច្នេះ​ពី​២-៣​ឆ្នាំ​ខ្ញុំ​លក់​គោ​១​ក្បាល​រក​ប្រាក់​ចំ​ណូល​ជិត​២០​លាន​ដុង/ក្បាល។

លោក​ឡឹម​ហ្វិញ​មិញ​ត្វយ-នា​យក​មជ្ឈ​មណ្ឌល​អប់​រំ​របរ​-អប់​រំ​អចិន្ត្រៃយ៍​ស្រុក​ចូវ​ថាញ់​បាន​ឱ្យ​ដឹង​៖ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​នៃ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ថ្នាក់​ចំ​ពោះ​វិស័យ​បណ្តុះ​បណ្តាល​របរ​ជន​បទ​ ក្នុង​ឆ្នាំ​២០២៤​កន្លង​ហើយ​ មជ្ឈ​មណ្ឌល​អប់​រំ​របរ​-អប់​រំ​អចិន្ត្រៃយ៍​ស្រុក​ចូវ​ថាញ់​សម្រេច​បាន​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​ អត្រា​ពល​ករ​មាន​ការ​ងារ​ធ្វើ​ក្រោយ​ពី​បាន​បណ្តុះ​បណ្តាល​គឺ​៩៥%។ មជ្ឈ​មណ្ឌល​នឹង​បន្ត​រក្សា​ថ្នាក់​អប់​រំ​ជា​ប្រ​ចាំ​នៃ​ឆ្នាំ​សិក្សា​២០២៤​-២០២៥​និង​ចាត់​តាំង​ជម្រើស​សិក្ខា​កាម​ បង្រៀន​បណ្តា​ថ្នាក់​អប់​រំ​ជា​ប្រ​ចាំ​​ក្នុង​ឆ្នាំ​២០២៥-២០២៦។ ចាត់​តាំង​បណ្តុះ​បណ្តាល​របរ​កម្រិត​បឋម​ក្រោម​៣​ខែ​ជូន​ដល់​សិក្ខា​កាម​ចំ​នួន​៧៣៨​រូប​លើ​ភូមិដ្ឋាន​ស្រុក​ បម្រុង​ជម្រើស​សិក្ខា​កាម​រៀន​ដូច​ កាត់​ដេរឧស្សាហ​កម្ម​ត្បាញ (ពក​ ប្ញស្សី) អគ្គិ​សនី កុំ​ព្យួទ័រ​ អគ្គិ​សនី​ឧស្សាហ​កម្ម​ កាត់​សក់ បច្ចេក​ទេស​ដាំ​ស្ល បច្ចេក​ទេស​សាង​សង់​ ចិញ្ចឹម​ជល​ផល​ បច្ចេក​ទេស​ចិញ្ចឹម​សត្វ​ បង្កាត់​ពូជ​ស្រូវ។

ពេល​ខាង​មុខ​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​បណ្តុះ​បណ្តាល​ឱ្យ​ពល​ករ​នៅ​ជន​បទ​ មជ្ឈ​មណ្ឌល​អប់​រំ​របរ​-អប់​រំ​អចិន្ត្រៃយ៍​ស្រុក​ចូវ​ថាញ់​បន្ត​ផ្លាស់​ថ្មី​ខ្លឹម​សារ​និង​វិធី​សាស្រ្ត​បណ្តុះ​បណ្តាល​ លើក​កម្ពស់​សមត្ថ​ភាព​កង​ជួរ​គ្រូ​បង្រៀន​បង្រៀន​របរ បង្កើន​ការ​ងារ​ផ្សព្វ​ផ្សាយ​ចលនា​ដើម្បី​ប្រ​ជា​ជន​យល់​ពី​សារៈ​សំ​ខាន់​នៃ​ការ​រៀន​របរ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ កែលម្អ​ជីវភាព​ជូន​ប្រ​ជា​ជន៕

ហុង​ទើ-សុផល