ទម្រង់គោទឹកដោះជួយសមាជិកាខ្មែរលំនឹងជីវភាព

04:55, 20/03/2025

នាពេលកន្លង ទម្រង់ចិញ្ចឹមគោទឹកដោះបាននាំមកនូវប្រាក់ចំណូលស្ថេរភាពដល់សមាជិកាជាច្រើន ពិសេស សមាជិកាខ្មែរនៅលើភូមិដ្ឋានឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង)។ ពីប្រសិទ្ធភាពនៃទម្រង់នេះ មួយជំហានម្តងៗបានកែលម្អជីវភាព ឈានឡើងចាកផុតក្រ។

មីងលីធីសាមេន (ខាងឆ្វេង) ភូមិបូលៀង១ ឃុំធ្វឹងហ៊ឹង ឈានឡើងចាកផុតក្រពីទម្រង់ចិញ្ចឹមគោទឹកដោះ។
មីងលីធីសាមេន (ខាងឆ្វេង) ភូមិបូលៀង១ ឃុំធ្វឹងហ៊ឹង ឈានឡើងចាកផុតក្រពីទម្រង់ចិញ្ចឹមគោទឹកដោះ។

ស្វែង​រក​គ្រួ​សារ​មីង​លី​ធី​សា​មេន ភូមិ​បូ​លៀង​១ ឃុំ​ធ្វឹង​ហ៊ឹង​ជា​គ្រួ​សារ​ឈាន​ឡើង​ចាក​ផុត​ក្រ ដោយ​សារ​ទម្រង់​ចិញ្ចឹម​គោទឹក​ដោះ។ នាំ​យើង​ខ្ញុំ​ទៅ​ទស្សនា​ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​របស់​គ្រួ​សារ មីង​សា​មេន​ចែក​រំ​លែក៖ ការ​ចិញ្ចឹម​គោ​ទឹក​ដោះ​ថ្វី​ដ្បិត​តែ​មាន​ការ​លំ​បាក​ ប៉ុន្តែ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​លើស​ច្រើន​ដង​បើ​ធៀប​នឹង​ការ​ធ្វើ​ស្រែ។ ដើម្បី​ឱ្យ​ហ្វូង​គោ​ឆាប់​ធំ​ត្រូវ​ចេះ​បច្ចេក​ទេស​ថែ​ទាំ​ តាម​ដាន​សុខ​ភាព​និង​អត្រា​ផ្តល់​ទឹក​ដោះ​របស់​គោ ក្រៅ​ពី​នេះ​ ចំ​ណី​របស់​គោ​ត្រូវ​ធានា​បាន​ជាតិ​បំ​ប៉ន​គ្រប់​គ្រាន់​ឱ្យ​មាន​បរិមាណ​ទឹក​ដោះ​ខ្ពស់​និង​គុណ​ភាព។ ទន្ទឹម​នឹង​នោះ​ ការ​ជ្រើស​រើស​ពូជ​គោ​ក៏​មា​ន​សារៈ​សំ​ខាន់​ណាស់។ ដោយ​ការ​ឧស្សាហ៍​ព្យា​យាម​ថែទាំ​ ការ​ខិត​ខំ​រៀន​សូត្រ​បច្ចេក​ទេស​ចិញ្ចឹម​ ម្ល៉ោះ​ហើយ​ ដំ​បូង​ពីគោ​១​ក្បាល​ បច្ចុប្បន្ន​ គ្រួ​សារ​មីង​មាន​គោ​កើន​ឡើង​ដល់​១០​ក្បាល​ ក្នុង​នោះ​ មាន​៣​ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ​ មធ្យម​សម្រេច​ប្រ​ហែល​៤០គីឡូក្រាម/ថ្ងៃ​ តម្លៃ​ពី​១៣.៥០០-១៦.៥០០​ដុង/គីឡូក្រាម។ មីង​សា​មេន​ចែក​រំ​លែក​៖ រៀង​រាល់​ឆ្នាំ គ្រួ​សារ​ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​ប្រ​ហែល​១៥០លាន​ដុង ពី​ការ​ចិញ្ចឹម​គោ​ទឹក​ដោះ​បូក​ផ្សំ​ជា​មួយ​ប្រាក់​៦​លាន​ដុង/ខែ ពីធ្វើ​ការ​បន្ថែម​របស់​ប្តី​ ដូច្នេះ​ ជីវភាព​គ្រួ​សារ​បាន​លំ​នឹង​បន្តិច​ម្តង​ៗ​និង​ឈាន​ឡើង​ចាក​ផុត​ក្រ។ ឆ្នាំ​២០២០ គ្រួ​សារ​មីង​សង់​ផ្ទះ​១​ខ្នង​ តម្លៃ​ជិត​៣០០​លាន​ដុង។

គ្រួ​សារ​មីង​លី​ធី​ធឿង នៅ​ភូមិ​ជា​មួយ​គ្នា​ មា​ន​បទ​ពិសោ​ធន៍​ជាង​១០​ឆ្នាំ ចិញ្ចឹម​គោ​ទឹក​ដោះ។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ មីង​ធឿង​ចែក​រំ​លែក៖ កាល​ពី​មុន​ គ្រួ​សារ​ខ្ញុំ​មាន​ស្ថាន​ភាព​លំ​បាក​ ឆ្នាំ​២០០៥ បាន​ឧបត្ថម្ភ​គោ​ស៊ីន​១​ក្បាល​ពី​គម្រោង​លើក​កម្ពស់​ជីវភាព​ ប៉ុន្តែ​បន្ទាប់​ពី​ការ​ចិញ្ចឹម​២​ឆ្នាំ ឃើញ​គ្មាន​ប្រ​សិទ្ធ​ភាព​ ខ្ញុំ​សម្រេច​ចិត្ត​បុល​ធនា​គារ​គោល​នយោ​បាយ​សង្គម​វិនិ​យោគ​ចិញ្ចឹម​គោ​ទឹក​ដោះ​១ក្បាល។ ដោយ​មាន​ឆន្ទៈ​ក្នុង​ការ​រក​ស៊ី​ រៀន​របៀប​ថែ​ទាំ​ពី​បង​ប្អូន​​សមាជិកា ដូច្នេះ​ ហ្វូង​គោ​ឆាប់​ធំ​ ដំ​បូង​​ពី​គោ​ទឹក​ដោះ​១​ក្បាល​ បន្ទាប់​ពី​លក់​៥​លើក បច្ចុ​ប្បន្ន​​គ្រួ​សារ​មីង​រក្សា​ទុក​បាន​១៣​ក្បាល។ មីង​ធឿង​ឱ្យ​ដឹង​៖ ក្នុង​ចំ​ណោម​គោ​១៣​ក្បាល​ មាន​គោ​៣​ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ​ មធ្យម​សម្រេច​ប្រ​ហែល​ពី​៣៥-៤០​គីឡូក្រាម/ថ្ងៃ​ តម្លៃ​១៣.៥០០​ដុង/​គីឡូក្រាម បន្ទាប់​ពី​គិត​ការ​ចំ​ណាយ​រួច​ ក្នុង​មួយ​សប្តាហ៍​ ខ្ញុំ​ចំ​ណេញ​ប្រ​ហែល​៣,៥​លាន​ដុង។ បាន​ដឹង​ ថ្មី​ៗ​នេះ​ គ្រួ​សារ​មីង​លក់​២​ក្បាល​ បាន​ប្រ​ហែល​៤២​លាន​ដុង។ ជា​មួយ​នឹង​ប្រាក់​ចំ​ណូល​ជាង​២០០​លាន​ដុង/ឆ្នាំ ជីវភាព​របស់​គ្រួ​សារ​មីង​ធឿង​កាន់​តែ​ធូរ​ធារ​។

សមមិត្ត​ត្រឹង​ធី​ហ្វេ-ប្រ​ធាន​សមា​គមនា​រី​ឃុំ​ធ្វឹង​ហ៊ឹង​ឱ្យ​ដឹង​៖

អាច​ឃើញ​ថា ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​បាន​ជួយ​សមា​ជិកា​ខ្មែរ​ជា​ច្រើន​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវភាព។ ដើម្បី​ឱ្យ​បង​ប្អូន​នា​រី​ផលិត​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ នា​ពេល​ខាង​មុខ​ សមា​គម​នឹង​សហការ​យ៉ាង​សកម្ម​ជា​មួយ​នឹង​ផ្នែក​ជំ​នាញ​ ដើម្បី​ចាត់​តាំង​បណ្តា​ថ្នាក់​ហ្វឹក​ហាត់​ជឿន​លឿន​ពី​វិទ្យា​សាស្ត្រ-បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ។ ទន្ទឹម​នឹង​នោះ​ ឧបត្ថម្ភ​ប្រ​ភព​ទុន​អាទិ​ភាព​ ដើម្បី​សមា​ជិកា​មាន​លក្ខ​ណៈ​បើក​ទូ​លាយ​ចិញ្ចឹម​សត្វ​ រកប្រាក់​ចំ​ណូល​បន្ថែម​ ឈាន​ឡើង​ធ្វើ​មាន​ដោយ​ស្រប​ច្បាប់​៕

ថាញ់​វ៉ាង​ - លីហាន់​