ពូឌៀងដេន កំពុងប្រមូលផលជីរបារាំង។ |
ឈ្លាសវៃក្នុងពលកម្មផលិត ពេលឪពុកម្តាយឱ្យដី៣កុង ពូដេនបានជីកអណ្តូងឡើងចម្ការដាំដំណាំគ្រប់ប្រភេទ១កុងវិលជុំដូច៖ ស្ពៃចង្កឹះ ស្ពៃខៀវ ខ្ទឹមស្លឹក ត្រសក់ ម្រះ។ល។ ដីនៅសល់២កុងធ្វើស្រែសម្រាប់បង្កើនប្រាក់ចំណូលដល់គ្រួសារ។ ខណៈពេលដែលពូផ្តោតលើការផលិតកសិកម្ម ប្រពន្ធពូបិតស្រានិងចិញ្ចឹមជ្រូកបង្កើនប្រាក់ចំណូលបន្ថែម។ ដោយការឧស្សាហ៍ព្យាយាម លុយដែលរកបានសន្សំទិញដីស្រែបន្ថែម។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈជាង១០ឆ្នាំ គ្រួសារពូបានរួចផុតពីភាពក្រីក្រនិងមានដីស្រែសរុបចំនួន១២កុង។ ប៉ុន្មានឆ្នាំជិតៗនេះ ពេលចិញ្ចឹមជ្រូក បិតស្រាមិនអំណោយផល ពូដេនបង្វែរមកចិញ្ចឹមគោសាច់វិញ។ ដីដែលនៅសល់ដាំដំណាំ ពូដេនឡើងរងបន្ថែមដី១កុងដើម្បីបង្វែរមកដាំជីរបារាំងនិងឆ្លៀតយកដីជុំវិញតាមមាត់ប្រឡាយសម្រាប់ដាំស្មៅឱ្យគោស៊ី។ ពូដេននិយាយ៖ ដាំជីរបារាំងមិនសូវបង់កម្លាំងថែទាំ ចំណេញខ្ពស់ហើយអាចឆ្លៀតយកផលិតផលគុណភាពអន់ធ្វើជាចំណីគោ។ ខ្ញុំដាំជីរបារាំងតាមទិសសរីរាង្គ ដីមានជីជាតិល្អនិងប្រើជីគីមីតិច មិនសូវមានដង្កូវ ប៉ុន្តែជីរបារាំងក៏លូតលាស់បានល្អ មានទិន្នផលខ្ពស់។ ក្នុងមួយឆ្នាំ ខ្ញុំប្រមូលផលជីរបារាំង៣ដង ក្នុងនោះប្រមូលផលស្លឹក២ដងនិងគ្រាប់ម្តង។ តាមពូដេន ស្លឹកជីរបារាំងផ្តល់ទិន្នផលប្រហែល៣,៥តោន/កុង/រដូវ លក់តម្លៃពី១២.០០០ដុង-១៥.០០០ដុង/គីឡូក្រាម ចំណែកគ្រាប់ពូជដែលប្រមូលផលបានប្រហែល៧០គីឡូក្រាម/កុង លក់ក្នុងតម្លៃជាង៣០០.០០០ដុង/គីឡូក្រាម។
បច្ចុប្បន្ន ពូដេនកំពុងចិញ្ចឹមគោសាច់១០ក្បាល ក្នុងនោះមានគោមេ៤ក្បាលនិងគោសាច់៦ក្បាល។ មធ្យមក្នុងមួយឆ្នាំ ពូលក់គោសាច់ពី៣-៤ក្បាល ដោយតម្លៃជាង៣០លានដុង/ក្បាល។ ចំណែកដីស្រែ១០កុងគឺធ្វើពូជស្រូវដែលមានគុណភាពខ្ពស់ដូចៈ ST២៥ ស្រូវក្រអូបនិងអនុវត្តភាពជឿនលឿនផ្នែកវិទ្យាសាស្ត្របច្ចេកទេស ដូច្នេះហើយទើបសម្រេចទិន្នផលនិងប្រាក់ចំណេញខ្ពស់។ ពូដេនឱ្យដឹង៖ ដាំជីរបារាំង១កុងចំណេញជាង៤០លានដុង/រដូវ ស្មើនឹងការធ្វើស្រែ១០កុង។ ប៉ុន្មានឆ្នាំនេះ ដោយសារការដាំជីរបារាំងចិញ្ចឹមគោសាច់និងធ្វើស្រូវក្រអូបដែលលក់បានតម្លៃប្រាក់ចំណេញខ្ពស់ ម៉្លោះហើយជីវភាពរបស់គ្រួសារខ្ញុំមានភាពធូរធារ សង់ផ្ទះរឹងមាំនិងទិញសម្ភារៈប្រើប្រាស់គ្រប់គ្រាន់។
លោកត្រឹងក្វាងថាយ-ប្រធានសមាគមកសិករសង្កាត់ទី៧ ទីក្រុងសុកត្រាំងឱ្យដឹង៖
ទម្រង់ដាំដុះនិងចិញ្ចឹមសត្វរបស់គ្រួសារបងឌៀងដេនគឺជាទម្រង់មួយក្នុងចំណោមទម្រង់ដែលមានប្រសិទ្ធភាពដោយសារការខិតខំប្រឹងប្រែងឧស្សាហ៍ ព្យាយាម ហ៊ានគិត ហ៊ានធ្វើ គ្រួសារបងបានចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមានដោយស្របច្បាប់រួមចំណែកក្នុងការបំបាត់អត់ បន្ថយភាពក្រីក្រនៅភូមិភាគ។
ជាមួយកម្លាំងពលកម្មនិងស្មារតីឈានឡើងដោយខ្លួនឯង ពូឌៀងដេនសក្តិសមជាគំរូក្នុងចលនាកសិករផលិតធ្វើអាជីវកម្មពូកែនៅភូមិភាគ ការច្នៃប្រឌិតក្នុងរបៀបធ្វើនិងការប្តេជ្ញាផ្លាស់ថ្មី បានជួយពូសម្រេចជោគជ័យក្នុងការកសាងទម្រង់ផលិតប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចនិងបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចរបស់គ្រួសារ៕
ដាលីន-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin