បងស្រីលីធីថាញ់ស្វឹង (ខាងស្តាំ) ភូមិភឿកធ្វឹង ឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង) កំពុងឧទ្ទេសនាមពូជទន្លាប់ដល់អតិថិជន។ |
ជាង១០ឆ្នាំមុន បងស្រីស្វឹងលក់ផ្លែឈើនៅវត្តព្រះបួនព្រះភក្ត្រ ឃុំភូតឹង ឃើញភ្ញៀវទេសចរមកវត្តទស្សនារើសផ្លែទន្លាប់និងរកទិញកូនពូជ ដូច្នេះ បងស្រីថាញ់ស្វឹងសួរហើយទើបបានដឹងពីតម្លៃសេដ្ឋកិច្ចនៃដើមទន្លាប់។ តាំងពីនោះ បងស្វឹងបានសុំវត្តបេះផ្លែទន្លាប់លក់និងយកគ្រាប់បណ្តុះពូជ។ បងស្រីឱ្យដឹង៖ ក្នុងបរិវេណវត្តបួនព្រះភក្ត្រមានដាំដើមទន្លាប់យ៉ាងច្រើននិងមាមីងខ្មែរនៅភូតឹងនរណាក៏ដាំគ្រប់ផ្ទះទាំងអស់ដើម្បីធ្វើម្លប់ ដោយដើមមានស្លឹកច្រើនហើយតិចជ្រុះស្លឹក មិនសូវមានដង្កូវនិងផ្លែក្រអូប ប៉ុន្តែមានអ្នកខ្លះមិនចេះហូប។ ដំបូងខ្ញុំបណ្តុះ១០០ដើម មានឈ្មួញមកទិញ និងទិញទាំងដើមឈើធំដើម្បីធ្វើលម្អ មាមីងទើបដឹងថាដើមទន្លាប់មានតម្លៃសេដ្ឋកិច្ច។ តាំងពីនោះ ខ្ញុំប្រមូលទិញផ្លែហើយយកគ្រាប់បណ្តុះកូនពូជលក់។ តាមបងស្រីស្វឹង គ្រាប់របស់ផ្លែទន្លាប់ងាយបណ្តុះគ្រាន់តែយកគ្រាប់ដាក់ក្នុងពែងជ័រមានដីនិងផេះអង្កាម ស្រោចទឹកមួយថ្ងៃពីរដង បន្ទាប់ពី១ខែដើមទន្លាប់នឹងចាប់ផ្តើមចេញស្លឹក។ ធម្មតាបងស្រីស្វឹងទុកប្រហែល៣ខែ ឈើពូជមានស្លឹកច្រើន លក់តម្លៃពី១២.០០០-២០.០០០ដុង/ដើម។ ដោយឃើញលក់ដើមទន្លាប់មានចំណេញ បងស្រីស្វឹងទៅគ្រប់ភូមិស្រុកប្រមូលទិញផ្លែយកគ្រាប់បណ្តុះពូជ។ ប្រកបមុខរបរបណ្តុះពូជទន្លាប់អស់រយៈពេលច្រើនឆ្នាំ បងស្រីស្វឹងដឹងច្បាស់ថាផ្លែណាមានគ្រាប់តិចឬគ្រាប់ច្រើន។ ផ្លែមានគា្រប់តិច គ្មានគ្រាប់បងទុកសម្រាប់លក់ ចំណែកផ្លែមានគ្រាប់ច្រើន ពុះយកគ្រាប់ដើម្បីបណ្តុះពូជ។
អស់រយៈពេល៦ឆ្នាំកន្លង បងស្រីស្វឹងបង្កើតក្រុមសហការបណ្តុះពូជទន្លាប់ មានសមាជិកចំនួន១០រូប បងធ្វើជាប្រធាននិងបងប្អូនក្នុងក្រុមរួមគ្នាទិញផ្លែនិងបណ្តុះពូជទន្លាប់សម្រាប់លក់ឱ្យអតិថិជន។ បងស្រីស្វឹងឱ្យដឹងបន្ថែម៖ ផ្លែទន្លាប់ប្រមូលផលច្រើន បំផុតចាប់ពីខែមីនាដល់ខែកញ្ញា (សុរិយគតិ)។ ផ្លែមានក្លិនក្រអូបឆ្ងាញ់ ខ្ញុំលក់តម្លៃពី៣០.០០០-៥០.០០០ដុង/គីឡូក្រាម។ មធ្យមក្នុងមួយឆ្នាំខ្ញុំប្រមូលទិញផ្លែពីរ បីតោនដើម្បីលក់ផ្លែផង លក់គ្រាប់ផងនិងបណ្តុះពូជ។ ខ្ញុំផ្គត់ផ្គង់ពូជឈើជាង១០.០០០ដើម/ឆ្នាំ ដល់អតិថិជនក្នុងនិងក្រៅខេត្តដូចជាៈ ទីក្រុងកឹងធើ ហ៊ូវយ៉ាង ត្រាវិញ រដ្ឋធានីហាណូយ… និងគម្រោង មួយចំនួនបានទិញដាំ ព្រមទាំងទិញដាំនៅតាមវត្ត តំបន់ឧស្សាហកម្ម តំបន់ទេសចរណ៍។ ក្រៅពីនេះ បងស្រីស្វឹងនៅទាំងប្រមូលទិញដើមទន្លាប់តូច ធំសម្រាប់លក់ឱ្យអតិថិជន ដើម្បីធ្វើជាលម្អ តម្លៃពី១,៥-២០លានដុង/ដើមលើដើមតូចធំ។ បងស្រីស្វឹងរីករាយឱ្យដឹង៖ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្លែទន្លាប់បានទទួលស្គាល់សម្រេចស្តង់ដារ OCOP ដូច្នេះ ពេលដល់រដូវ ខ្ញុំនឹងបង្ហោះលក់តាមបណ្តាញសង្គម យ៉ាឡូដើម្បីឱ្យអតិថិជនបានដឹងច្រើន។ ឥឡូវ ក្នុងមួយឆ្នាំ ខ្ញុំចំណេញជាង១០០លានដុងពីដើមទន្លាប់ ម្ល៉ោះហើយ គ្រួសារខ្ញុំចាកផុតក្រ មានជីវភាពធូរធារ។
លោកផាមវ៉ាំងទៀង-អនុប្រធានគណៈកម្មាធិការប្រជាជឃុំភូតឹង ស្រុកចូវថាញ់ឱ្យដឹង៖
ភូមិភាគកំពុងកសាងដើមទន្លាប់ជាផលិតផល OCOP មានសក្តានុភាពក្នុងកម្មវិធី “ឃុំមួយផលិតផលមួយ” ដើម្បីរួមចំណែកផ្សព្វផ្សាយ ភាពសម្បូរបែបផលិតផលឈើហូបផ្លែ។ តាំងពីនោះ ដើមទន្លាប់បានក្លាយជារបរចិញ្ចឹមជីវិតប្រកបដោយចីរភាពរបស់ប្រជាជននៅភូមិភាគ៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin