លក្ខណៈនៃស្ថាននាមខ្មែរនៅខេត្តសុកត្រាំង

00:17, 05/06/2025

ស្ថាននាមគឺជាឈ្មោះទីកន្លែងសម្រាប់ហៅតំបន់ឬទីតាំងណាមួយ ជាធម្មតាតែងទាក់ទងដល់លក្ខណៈធម្មជាតិ ប្រវត្តិនិងប្រពៃណីរបស់ទីនោះ។ ស្ថាននាមមិនត្រឹមតែសម្រាប់កំណត់ទីតាំងឬហៅឈ្មោះភូមិ ស្រុក ផ្លូវឬព្រែកទន្លេប៉ុណ្ណោះទេ នៅទាំងមានតម្លៃផ្នែកប្រវត្តិសាស្ត្រនិងវប្បធម៌។ល។ ទាំងអស់នេះជាកត្តាសំខាន់ដើម្បីយល់ដឹងអំពីដំណើរការអភិវឌ្ឍនៃតំបន់ដីនោះ។ អាស្រ័យមុខ​ងារ​​ទាំងអស់នេះ ស្ថាននាមគឺជាផ្នែកមួយមិនអាចខ្វះបានក្នុងសង្គម។

នៅ​ខេត្ត​សុក​ត្រាំង ជា​ទូ​ទៅ​ បណ្តា​ភូមិ​ស្រុក​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​សុទ្ធ​តែ​មាន​ឈ្មោះ​ហៅ​ជា​ភាសាខ្មែរ​បាន​គេ​​ហៅ​ត​គ្នាមក​​ជា​ច្រើន​ជំ​នាន់​។ ក៏​ប៉ុន្តែ​ ព្រោះ​​គ្មាន​ឯក​សារ​កត់​ត្រា​ជា​ផ្លូវ​ការ មាន​ស្ថាន​នាម​ខ្លះ​បាន​ហៅ​ឃ្លាត​​ឈ្មោះ​ដើម​ នាំ​ឱ្យ​ពិ​បាក​ក្នុង​ការ​កំ​ណត់​ច្បាស់​ប្រភព​ដើម​របស់​ស្ថាន​នាម​នោះ។

បើ​ប្រៀប​ជា​មួយ​ជន​ជាតិ​គិញ របៀប​ដាក់​ឈ្មោះ​ភូមិ​ស្រុករបស់​ជន​រួម​ជាតិ​ខ្មែរសាមញ្ញ​​ហើយ​ងាយ​យល់​ជាង​។ បើ​ជន​ជាតិ​គិញដាក់​ឈ្មោះ​ស្ថាន​នាមភាគ​ច្រើន​មាន​ពាក្យ​ផ្សំ​ជា​មួយ​ពាក្យ​ មី (ល្អ​ស្អាត) អាង (សុខ​សាន្ត) តឹង (ថ្មី) វិញ (យូរ​អង្វែង) ភឿក (សំ​ណាង) ភូ (សម្បូរ) ថាញ់ (រុង​រឿង)។ល។ ដោយ​ប្រា​ថ្នា​​ចង់​​រស់​នៅ​ដោយ​​សុខ​សាន្ត​ សម្បូរ​សប្បាយ ចំ​ណែក​ឈ្មោះ​​ភូមិ​របស់​ជន​រួម​ជាតិ​ខ្មែរ​វិញ​​តែងដាក់​​​​តាម​អ្វី​ដែល​អាច​មើល​ឃើញ​​​ ដូជ​ជា៖​ សណ្ឋាន​ដី ឈ្មោះ​រុក្ខជាតិ សត្វ​ធាតុឬ​ដាក់​តាម​ឈ្មោះ​មនុស្ស​ ដែល​​ជិត​ស្និទ្ធ​ជា​មួយ​​ជី​វភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ ដូច​៖

នៅ​ខេត្តសុក​ត្រាំង​​ឈ្មោះ​ស្រុក​ភូមិ​ខ្មែរ​ភាគ​ច្រើន​ទាក់​ទង​ដល់​ព្រែក​ទន្លេ​ព្រោះ​នៅ​ទី​នេះ​​ព្រែក​ទន្លេ បឹង​បួរ ច្រើន​ខ្វាត់​ខ្វែង។
នៅ​ខេត្តសុក​ត្រាំង​​ឈ្មោះ​ស្រុក​ភូមិ​ខ្មែរ​ភាគ​ច្រើន​ទាក់​ទង​ដល់​ព្រែក​ទន្លេ​ព្រោះ​នៅ​ទី​នេះ​​ព្រែក​ទន្លេ បឹង​បួរ ច្រើន​ខ្វាត់​ខ្វែង។

ឈ្មោះ​ស្រុក​ភូមិ​ដាក់​តាម​លំ​ហូរ​ទឹក​ដូច​ជា​ ព្រែក ទន្លេ បឹងបួរ កំ​ពង់​ភ្ជាប់​ជា​មួយ​ឈ្មោះ​សត្វ​ឬ​រុក្ខ​ជា​​តិ​ដុះ​ឬ​រស់​នៅ​ច្រើន​នៅ​ទី​នោះ៖

ព្រែក៖ ព្រែក​អណ្ដើក ព្រែក​ត្រ​កួន (ស្រុក​មី​ស្វៀង) ព្រែក​អំ​ពូរ ព្រែក​ចាក ព្រែក​ដូង (ស្រុក​ត្រឹង​ដេ)​ ព្រែក​ចេក (ស្រុក​ង៉ា​ណាំ) និង​​​ពាក្យ​កំ​ពង់​ផ្សំ​ជា​មួយ​ឈ្មោះ​រុក្ខ​ជាតិ​ដូច៖ កំពង់​ដូង កំពង់​គរ (​មី​ស្វៀង) កំ​ពង់​ប្រ​ទាល (ត្រឹង​ដេ)។ល។

បឹង៖ បឹង​ទន្សា បឹង​ខ្លា​ត្រី បឹង​ក្រ​ពត បឹង​ស្នោ បឹង​ចក បឹង​ចុង បឹង​ប្រ​លឹត (ស្រុក​ត្រឹង​ដេ) បឹង​កក់ បឹង​ឈូក បឹង​ខ្យង​ បឹង​ត្រាវ (ស្រុក​មី​ទូ) ​បឹង​ក្រ​ចាប់​ (ស្រុក​ឡុង​ភូ) បឹង​ទុង (​ទី​រួម​ស្រុក​វិញ​ចូវ)។ល។​

ដៃ (ដៃព្រែក) ដៃ​អំ​ពូ ដៃ​ក្រូច ឬ​ពាក្យ​ដៃ​ផ្សំ​ជា​មួយ​ឈ្មោះ​មនុស្សដូច៖ ដៃ​ដូន​អ៊ុយ ដៃ​តាសួសិ៍ ដៃ​តា​សូរ។ល។

ស្ថាននាម​ទាក់​ទង​ដល់​ប្រ​វត្តិ​រឿង​រ៉ាវឬរឿង​ព្រេង៖ បាយ​ឆៅ ពាម​កន្ថោរ​ (ស្រុក​មី​ស្វៀង) បួន​ព្រះ​ភក្ត្រ ពាង​សំ​រឹទ្ធិ៍ (ស្រុក​ចូវ​ថាញ់) ព្រែក​ពិន្ទង (ស្រុកមីទូ) ដៃ​ឈើខ្មៅ (ស្រុក​ថាញ់​ទ្រី) ព្រែក​គយ​ (ស្រុក​ត្រឹង​ដេ)។ល។

ហៅ​តាម​សណ្ឋាន​ដី​ឬ​លក្ខណៈធម្ម​ជាតិ៖ ជ្រោយ​ទឹម (​ហៅ​កាត់​ពី​ជ្រោយ​ទន្ទឹម) អំ​ពូយារ ផ្នោរកញ្ជើ ផ្នោរ​កំបុត ផ្នោរ​ស្លា ផ្នោរ​រកា ពាម​បួន ខ្សាច់ ភូមិ​បឹង បឹង​ធំ កំ​ពង់​ធំ ចុង​ផ្នោរ ទឹក​ប្រៃ ទឹក​សាប ព្រែក​ឈ្វេង ពង​ទឹក ពពុះ​ទឹក ព្រៃ​ជាប់ ព្រៃ​កន្ទ្រុំ។ល។

ស្ថាន​នាម​ដាក់​តាម​ឈ្មោះ​រុក្ខ​ជាតិ​​ដែល​ដុះ​ឬ​ដាំ​ច្រើននៅ​កន្លែង​នោះ៖ សំ​រោង រំ​ដេញ សង្កែ ចម្ប៉ា ស្បូវ ដើម​ពោធិ៍ ក្រ​សាំង ដើម​អំ​ពិល ដើម​ត្នោត ផ្តៅ​ពេន ដើម​ស្វាយ ព្រីង ដើម​ជ្រៃ។ល។ ការ​ដាក់​ឈ្មោះ​​ស្រុក​ភូមិ​តាម​ឈ្មោះ​រុក្ខ​ជាតិ​គឺ​ជាការ​​ពេញ​និយម​ព្រោះ​រុក្ខ​ជាតិ​ជិត​ស្និទ្ធ​​​និង​ទី​រស់​នៅ​របស់​អ្នក​ស្រុក។

ស្ថាននាមទាក់ទង​ដល់​ឈ្មោះ​មនុស្ស៖ នេះ​គឺ​ជា​​ការ​ដាក់​ឈ្មោះ​​របស់​នាក់​ដែល​ធ្លាប់​រស់​នៅ​ឬ​​បាន​កាប់​ឆ្ការ​​ក​កើត​ភូមិ​នៅ​តំ​បន់​ដី​នោះ​ បាន​នាក់​ទាំង​ឡាយ​គោរព​​ហើយ​ហៅ​តគ្នា​​​ក៏​បាន​ក្លាយ​ជា​ឈ្មោះ​របស់​ភូមិ​ដូចជា៖ តា​អុង តា​អង់ តា​ម៉ឺន តាមាំង តា​កាន់ តា​ឡី តា​មាឃ តាឱ តា​វ តាទាវ តាសេក ដូន​ទ្រូ តាដើក​។ល។

តាមព្រឹទ្ធាចារ្យ​​ស៊ើង​ថា​នៅ​ឃុំ​តាយ​វ៉ាំង ស្រុក​ត្រឹង​ដេ (សុក​ត្រាំង) ​ឱ្យ​ដឹង៖ នៅ​ស្រុក​តាយ​វ៉ាំង​ពី​ជំ​នាន់​មុន​មាន​​បឹង​បួរ​ជា​ច្រើន​ ហេតុ​ដូច្នេះ​មាន​ភូមិ​ជា​ច្រើន​ដាក់​ឈ្មោះ​ភ្ជាប់​ជា​មួយ​ពាក្យ​​ “បឹង” ពីព្រោះ​ដូន​តា​ពី​សម័យ​ដើម​តែង​ដាក់​ឈ្មោះ​ស្រុក​ភូមិ​សាមញ្ញ​តាម​អ្វី​ដែល​​​មើល​ឃើញ​។

អាស្រ័យ​​​យោង​តាម​លក្ខណៈធម្មជាតិ​និង​លក្ខណៈពិសេស​​នៃ​តំ​បន់​​ជា​វិធី​ពេញ​និយម​ក្នុង​ការ​ដាក់​ឈ្មោះ​​ ហេតុ​នេះ​ហើយ យើង​ងាយ​ប្រ​ទះ​ឃើញ​ឈ្មោះ​ស្រុក​ភូមិ​ដូច​គ្នា​នៅតាម​​បណ្តា​ស្រុក​ដូច​ជា៖ បឹង​ធំ (ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ និង ឃុំ​ថាញ់គ្វើយ ស្រុក​មី​ស្វៀង) ភូមិ​បឹង (​ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង និង ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ) ហើយ​ឈ្មោះ “ដើម​ពោធិ៍”ស្ទើ​តែ​​​នៅ​ស្រុក​​ណា​ក៏​មាន​ដែរ។

ប៉ុន្តែបើ​ពិ​និត្យ​តាម​​ន័យ​ចំ​ ពេល​ខ្លះ​យើង​​មិន​អាច​​ដឹង​​​​ច្បាស់​លាស់​​ប្រ​ភពដើម​​​​នៃ​ឈ្មោះ​ទាំង​អស់​នោះ​ទេ​ មួយ​ផ្នែក​ទៀត​ នៅកន្លែង​ខ្លះ​​មិន​​​ឯក​ភាពពី​ប្រ​ភព​ដើម​នៃ​ឈ្មោះ​ទាំង​អស់​នោះ​ ហើយ​មាន​ការ​និយាយ​ខុស​ពី​គ្នា ឧ​ទាហរណ៍​ដូច​ជា​ឈ្មោះ​ បឹង​ទន្សា បើ​​យើង​ពិនិត្យ​តាម​ន័យ​ចំ​គឺ​យល់​ថា​ទី​នេះ​មាន​បឹង​ហើយ​មាន​ដើម​ទន្សា​ច្រើន​ តែមាន​មតិ​ខ្លះនិយាយ​ថា​ ពាក្យ​ទន្សា​នេះ​និយាយ​ក្លាយ​មក​ពី​​ក្រ​សារ​ ព្រោះ​នៅ​ទី​នោះ​មាន​សត្វ​ក្រ​សារ​ច្រើន​។ ហើយក៏​មាន​ឈ្មោះ​ស្រុក​ភូមិ​ខ្លះយើង​មិន​អាច​ដឹង​ប្រ​ភព​ដើម​​​ច្បាស់​លាស់ដែរ។

​នៅ​ខេត្ត​សុក​ត្រាំងសព្វ​ថ្ងៃ​​ក៏មាន​ឈ្មោះ​រដ្ឋ​បាល​ភូមិ​ជាផ្លូវ​ការ​មាន​ប្រ​ភពដើម​ពី​​ខ្មែរ​ដូចជា​៖ បឹង​ធំ កគោ ខ្វាន់​តាង (ស្រុក​ឡុង​ភូ) ព្រែក​ដូង តា​ដោក បឹង​ចុង (ស្រុក​ត្រឹង​ដេ)។ល។ ឬ​ឈ្មោះ​ហៅ​ក្លាយ​ពី​ភា​សា​ខ្មែរ​ដូច​ អំ​ពាច​ទៅ​ជា​ត្រា​បេត ផ្នោរ​ស្លា​ទៅ​ជា​សូ​ឡា (ស្រុក​មី​ស្វៀង) ដៃ​ដូន​អ៊ុយ​​ជា​ដាយ​អ៊ូយ ព្រែក​ពិន្ទង​ជា​បែក​ទង (ស្រុក​មី​ទូ)។ល។ ឬ​ប្រែ​ន័យ​​ពី​ភាសា​ខ្មែរ​ទៅ​ភាសា​វៀត​ដូច៖ ដុំ​ផេះ​ជា​សម​ត្រ (ថាញ់​ទ្រី) ដើម​អំ​ពិល​ជា​សែវ​ម៉ែ (​ទី​រួម​ខេត្ត​វិញ​ចូវ) ដើម​ស្វាយ​ជា​សុក​ស្វាយ (មី​ទូ)។ល។

ឈ្មោះ​ស្រុក​ភូមិ​ខ្មែរ​នៅ​សុក​ត្រាំង​មិន​ត្រឹម​តែ​​សម្រាប់​កំ​ណត់​ទី​តាំង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ឆ្លុះ​បញ្ចាំងការ​សម្រប​ខ្លួនជាមួយ​បរិស្ថាន​រស់​នៅរបស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​នេះ​។ ទោះ​បីនៅ​ការ​​​លំ​បាក​​​​សន្និដ្ឋានប្រ​ភព​ដើម​​​របស់​​ឈ្មោះ​​ទាំង​នោះ​ក៏​ដោយ តែ​តម្លៃ​វប្ប​ធម៌​​ប្រ​វត្តិ​នៃ​​ឈ្មោះ​ទាំង​អស់​នោះ​គឺ​ជា​កេរ​ដំ​ណែល​ដ៏​មាន​តម្លៃ​ដែល​អ្នក​ជំ​នាន់​មុន​បន្សល់​ទុក​មក។​

វឌ្ឍា