មកស្គាល់ផ្ទះសម័យបុរាណរបស់ជនរួម​ជាតិខ្មែរតាមរយៈសំណង់កុដិឈើនៅវត្តស្រឡូង

12:35, 23/06/2025

សម័យបុរាណ ផ្ទះរបស់ជនរួមជាតិខ្មែរជាផ្ទះខ្ពស់ផុតពីដី មានដំបូលស្រួចនិងប្រើប្រាស់ប្រភេទសម្ភារៈសម្រាប់​សាងសង់ដែលមានច្រើនក្នុងតំបន់ដូចជា៖ ឈើ ស្បូវ និងឫស្សីជាដើម។ គេបានអនុវត្តសំណង់ទម្រង់បែបនេះគឺដើម្បី​ការសម្របសម្រួលទៅនឹងអាកាសធាតុក្នុងតំបន់។ ការសង់លំនៅឋានផុតពីដីមិនត្រឹមតែផ្ដល់ជាចរន្ដខ្យល់ធម្មជាតិដើម្បីទប់ទល់នឹងកម្ដៅប៉ុណ្ណោះទេ ថែមទាំងការពារហានិភ័យដែលបណ្ដាលមកពីធម្មជាតិដូចជាទឹកជំនន់ និងសត្វសាហាវទៀតផង។

កុដិឈើសង់តាមស្ថាបត្យកម្មលំនៅឋានសម័យបុរាណ។
កុដិឈើសង់តាមស្ថាបត្យកម្មលំនៅឋានសម័យបុរាណ។

សម័យ​បច្ចុប្បន្ន ពេល​សង្គម​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍ ផ្ទះ​ឈើ​បែប​បុរាណ​​​របស់​ជន​រួម​ជាតិ​ខ្មែរ​​បាន​សាប​រលាប​​ជំ​នួស​ដោយ​ផ្ទះ​សង់​ដោយ​បេតុង។ មិន​សូវ​មាន​អ្នក​​​ដឹង​រូប​រាង​ផ្ទះ​​សម្បែង​​របស់​ជនរួម​​ជាតិ​ខ្មែរក្នុង​សម័យ​មុន​​មាន​បែប​បទ​យ៉ាង​ណានោះ​ទេ​​ ព្រោះ​អី​​​ផ្ទះ​ឈើ​ផុត​ពី​ដី​មិន​​មាន​នៅ​ក្នុង​សហគមន៍នៃ​​ជន​រួម​ជាតិ​ទៀត​ឡើយ។ ប្រ​សិន​ចង់​ស្គាល់ផ្ទះ​បុ​រាណ​ខ្មែរ​ ​យើង​បាន​ឃើញ​ត្រឹម​តែ​​ប្លង់​គំ​រូ​តាំង​ពិព័រណ៍ក្នុង​សារមន្ទីរប៉ុណ្ណោះ។​ ប៉ុន្តែ ពេល​មក​ដល់​ខេត្ត​សុក​ត្រាំង ភ្ញៀវ​ទេសចរ​អាច​គយ​គន់​​ស្ថា​បត្យ​កម្ម​ផ្ទះ​បុរាណ​របស់​ជនរួម​​ជាតិ​ខ្មែរ​​ដែល​បាន​សង់​ឡើង​នៅ​វត្ត​ស្រ​ឡូង ឃុំ​ដាយ​តឹម ស្រុក​មី​ស្វៀង​ (សុក​ត្រាំង)។

វត្ត​ស្រ​ឡូង​គឺ​ជា​វត្ត​មួយ​ក្នុង​ចំ​ណោម​វត្ត​ខ្មែរ​ដែល​ល្បី​ឈ្មោះ​នៅ​ខេត្ត​សុក​ត្រាំង ដោយ​លក្ខណៈ​ពិ​សេស​គឺ​មាន​ព្រះ​វិហារ​បិទ​ដោយ​ចាន​និង​ចាន​ទៀប​ដេរដាស់នៅ​លើ​ជញ្ជាំង​។ ​ជា​មួយ​នឹង​សំ​ណង់​ព្រះ​វិហារ ភ្ញៀវ​ទេសចរ​នៅ​ទាំង​​ចាប់​អារម្មណ៍នឹង​កុដិ​ឈើ​ដែល​សង់​តាម​លំ​នាំ​ផ្ទះ​បុរាណ​​របស់​ជនរួម​​ជាតិ​ខ្មែរ។ កុដិ​ឈើ​នេះមាន​កម្ពស់​ខ្ពស់​ពី​ដី​ប្រ​មាណ​៣​ម៉ែត្រ​​ សសរ​ធ្វើ​ពី​ឈើ​និង​បេ​តុង។ ដំ​បូល​ប្រក់​ដោយ​ក្បឿង នៅ​ជ្រុង​ទាំង​បួន​នៃ​ដំ​បូល​មាន​បំ​ពាក់​​កន្ទុយ​មាន់​ឬ​ឃ្វាយ។ ផ្នែក​ខាង​លើ​មាន​អាសនៈ​ព្រះ​ពុទ្ធនិង​តម្កល់​ព្រះ​ត្រៃ​បិដក ផ្នែក​ខាង​ក្រោម​មាន​តាំង​ពិព័រណ៍​​វង់​ភ្លេង​ប្រ​ពៃ​ណី​និង​វត្ថុ​បុរាណ​រួម​ចំ​ណែក​រក្សា​និង​ឧទ្ទេស​នាម​តម្លៃ​វប្ប​ធម៌​ពិ​សេស​របស់​ជន​ជាតិ​ដល់​អ្នក​ជំ​នាន់​ក្រោយ​និង​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ស្គាល់។ ​

កុដិ​ឈើ​នេះ​មិន​សូវ​សម្បូណ៌​ដោយ​ក្បូរ​ក្បាច់​ដូច​សំ​ណង់​ដ​ទៃ​ក្នុង​វត្ត​តែ​​នៅ​តែ​មាន​ភាព​ស្រស់​ស្អាត ព្រោះ​ហេតុ​នេះ កុដិ​ឈើ​មួយ​ខ្នង​នេះ​​មាន​យុវជន​និង​ភ្ញៀវ​ទេសចរ​ជាច្រើន​មក​ថត​រូប​​ទុក​ជា​អនុស្សាវរីយ៍​ ។

​ព្រះ​តេជគុណ​គីម​ហ្វាង​ហ៊ឹង​ ព្រះ​ចៅ​អធិការ​វត្ត​ស្រ​ឡូង ឃុំ​ដាយ​តឹម ស្រុក​មី​ស្វៀង​ (សុក​ត្រាំង) មាន​សង្ឃ​ដី​កា៖ ការ​​កសាង​កុដិ​ឈើ​ដើម្បី​ថែ​រក្សា​នូវ​វប្ប​ធម៌ហើយ​ឱ្យ​កូន​ក្មួយ​ក្នុង​ភូមិ​ស្រុក​ដឹង​ស្គាល់​ក៏​ដូច​ជា​បង្ហាញ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​វត្ត​ដឹង​ថា​ផ្ទះ​បុរាណ​ខ្មែរ​យើង​មាន​រូប​រាង​ដូច​ម្តេច។ មួយ​ផ្នែក​ទៀតគឺ​​​ឱ្យ​យាយ​តា​មាន​ទី​កន្លែង​រៀន​ធម៌​និង​បើក​សាលា​កម្មដ្ឋាន​។

ជា​ព្រះ​ចៅ​អធិការ​​មួយ​អង្គ​តែង​​អស់​ពី​​ចិត្ត​ក្នុង​ការ​រក្សា​​វប្ប​ធម៌​របស់​ជន​ជាតិ ព្រះ​អង្គ​តែង​យក​ចិត្ត​ទុក​ដាក់​ស្តារ​ឡើង​វិញ​​នូវ​តម្លៃ​វប្ប​ធម៌​ដែល​​​បាន​សាប​រលាប ម្ល៉ោះហើយ​នោះ​គឺ​​ជា​ដើម​ហេតុ​​នៃ​ការ​​​កសាង​​កុដិ​ឈើ​មួយ​ខ្នង​នេះ។

ដោយ​អត្ថន័យ​ជា​​ទី​រក្សា​​នូវ​​អត្ត​សញ្ញាណ​វប្បធម៌​ប្រពៃណី វត្ត​ទក្ខិណ​និកាយ​ខ្មែរ​លើ​ភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង​និយាយ​ដោយ​ឡែក និងនៅ​​ណាម​បូ​និ​យាយ​រួម​តែង​​រក្សា​ល្អ​តួ​នា​ទី​របស់ខ្លួន តាំង​ពី​នោះ​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​ និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ប្រ​ពៃណីខ្មែរ។ ក្នុងនោះ  កុដិ​ឈើ​​ដែល​បាន​សាង​សង់​នៅ​វត្ត​ស្រ​ឡូង​បាន​​និង​កំ​ពុង​រួម​ចំណែក​យ៉ាង​​សកម្ម​ក្នុង​ការ​អភិ​រក្ស​វប្បធម៌​ប្រពៃណី​ជាតិ៕

វឌ្ឍា