រក្សារបរធ្វើនំស្នងបន្តពីគ្រួសារ

00:33, 05/06/2025

នៅភូមិតាដោក ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង) អ្នកគ្រូឌិញធីហុងជាគ្រូបង្រៀនសាលាបឋមសិក្សាតាយវ៉ាំង៣ ជាអ្នក​ដែលនៅផ្សារភ្ជាប់ជាមួយរបរធ្វើនំខ្ញីប្រពៃណី។ ថ្វីដ្បិតតែនេះមិនមែនជារបរសម្រាប់ចិញ្ចឹមជីវិតក៏ដោយ ប៉ុន្តែចំពោះអ្នកគ្រូការធ្វើនំខ្ញីគឺជាវិធីមួយរួមចំណែកក្នុងការអភិរក្សវប្បធម៌ពិសេសរបស់ជនជាតិខ្លួន។

កើត​ក្នុង​គ្រួ​សារ​ដែល​មាន​ប្រ​ពៃណី​ធ្វើ​នំ​ខ្ញី​តាំង​ពី​៣​ជំ​នាន់​ជី​ដូន​មក​ម្ល៉េះ​ អ្នក​គ្រូ​ចាប់​ផ្តើម​រៀន​ធ្វើ​នំ​តាំង​ពីអា​យុ​១១​ឆ្នាំ ​មក​ដល់​ពេល​នេះ​គឺ​ជាង​៤០​ឆ្នាំ​មក​ហើយ។ ពេល​នោះ​ ព្រោះ​ខ្លាច​ខូច​វត្ថុ​ធាតុ​ ដូច្នេះ​អ្នក​គ្រូ​បាន​ប្រើ​ដី​ឥដ្ឋ​ដើម្បី​រៀន​កាច់​ក្តៀង​នំ។ យូរ​ៗ​ទៅ​ ដោយ​ការ​ត​ស៊ូ​និង​ការ​ជក់​ចិត្ត​ អ្នក​គ្រូ​ស្ទាត់​ជំ​នាញ​បន្តិច​ម្តង​ៗ​នូវ​គ្រប់​ជំ​ហាន​ទាំង​អស់​ ចាប់​ពី​ការ​ច្រ​បល់​ម្សៅ​ កាច់​នំ​រហូត​ដល់​ចៀន​នំ។

អ្នកគ្រូឌិញធីហុង កំពុងចៀននំខ្ញី។
អ្នកគ្រូឌិញធីហុង កំពុងចៀននំខ្ញី។

ទោះ​បី​ភាគ​ច្រើន​ពេល​វេ​លា​ក្នុង​មួយ​ថ្ងៃ​អ្នក​គ្រូ​ហុង​ត្រូវ​បង្រៀន​នៅ​សាលា​ក៏​ដោយ តែ​អ្នក​គ្រូ​ហុង​នៅ​តែ​ឆ្លៀត​ពេល​យប់​ឬ​ថ្ងៃ​ចុង​សប្តាហ៍​ដើម្បី​ធ្វើ​នំ។ ក្នុង​ពិធី​បុណ្យ​ធំ​ៗ​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ សែន​ដូន​តា​ឬ​ពិធី​មង្គល​ការ​ បុណ្យ​ទាន​ អ្នក​គ្រូ​កាន់​តែ​មមា​ញឹក​ដើម្បី​ប្រ​គល់​នំ​ដល់​អតិថិ​ជន​ទាន់​ពេល។ មិន​ថា​រវល់​យ៉ាង​ណាក៏​ដោយ​ ប៉ុន្តែ​ចំ​ពោះ​អ្នក​គ្រូ​ការ​ធ្វើ​នំ​ខ្ញីជា​​ក្តី​សប្បាយ​​ព្រោះ​​ អ្នក​គ្រូ​យល់​ឃើញ​ថា​នេះ​ជា​ការ​រួម​ចំ​ណែក​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ។

អ្នក​គ្រូ​មិន​ចាត់​ទុក​ថា​ការ​ធ្វើ​នំ​ជា​ការ​ធ្វើ​អា​ជីវកម្ម​ទេ។ នំ​នីមួយ​ៗ​បាន​អ្នក​គ្រូ​លក់​ក្នុង​តម្លៃ​ត្រឹម​តែ​៤.០០០​ដុង ដែល​គ្រប់​សម្រាប់​ចំ​ណាយ​លើ​វត្ថុ​ធាតុ​និង​កម្លាំង​ពល​កម្ម​បន្តិច​ប៉ុណ្ណោះ។ ជា​មួយ​នឹង​ការ​ដាក់​ទិញ​ដើម្បី​តុប​តែង​អា​សនៈ​សម្រាប់​ពិធី​មង្គល​ការ​ អ្នក​គ្រូ​ធ្វើ​តាម​ការ​ស្នើ​របស់​អ្នក​ដាក់​ទិញ។ នំ​មួយ​គូ​អាច​ឡើង​ដល់​២៥០​-៣០០នំ តម្លៃ​ពី​១,២​ដល់​១,៨​លាន​ដុង អា​ស្រ័យ​លើ​ទំ​ហំ​និង​ចំ​នួន​នំ។ ដើម្បី​សម្រេច​នំ​តែង​លើ​អា​សនៈ​មួយ​គូ អ្នក​គ្រូ​ត្រូវ​ចំ​ណាយ​ពេល​បី​ថ្ងៃ​ដើម្បី​ធ្វើ៖ ពីរ​ថ្ងៃ​ធ្វើ​នំ​និង​មួយ​ថ្ងៃ​ដើម្បី​តុប​តែង អ្នក​គ្រូ​ដោត​នំ​ខ្ញី​ដោយ​ឫ​ស្សី​លើ​ដើម​ចេក។ អ្នក​គ្រូ​តែង​ធ្វើ​នំ​ដោយ​ខ្លួន​ឯង​ ពេល​ប្តី​មិន​រវល់​នឹង​ការ​ងារ​ស្រែ​ចម្ការ​ គាត់​នឹង​ជួយ​ចៀន​នំ កូន​ទាំង​ពីរ​របស់​អ្នក​គ្រូ​ក៏​ចេះ​ធ្វើ​នំ​ដែរ​ ប៉ុន្តែ​ដោយ​សារ​រវល់​រៀន​ ទើប​បាន​ជួយ​អ្នក​គ្រូ​នៅ​ពេល​ទំ​នេរ​ ចម្បង​គឺ​ជួយ​ច្រ​បល់​ម្សៅ​និង​ចៀន​នំ ចំ​ណែក​ការ​កាច់​នំ​ភាគ​ច្រើន​អ្នក​គ្រូ​ធ្វើ​ដោយ​ខ្លួន​ឯង​ នំ​មួយ​ចំ​ណាយ​ពេល​ប្រ​ហែល​៥​នា​ទី​​​ ចំ​នួន​នំ​ច្រើន​ត្រូវ​ការ​ពេល​វេលា​កាន់​តែ​ច្រើន។

ក្នុង​ភូមិ​មាន​អ្នក​ចេះ​ធ្វើ​នំ​ខ្ញី​ដែរ​ ប៉ុន្តែ​គ្មាន​នរ​ណា​ធ្វើ​នំ​លក់។ របរនេះ​មិន​ត្រឹម​តែ​ទាម​ទារ​ការ​តស៊ូ​ ប៉ិន​ប្រ​សប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ស្រឡាញ់​មុខ​របរ។ “ធ្វើ​នំ​ខ្ញី​ត្រូវ​តែ​អង្គុយ​យ៉ាង​យូរ​ ឈឺ​ខ្នង​ មាន​ភាព​នឿយ​ហត់​ណាស់​ ហើយ​ប្រាក់​ចំ​ណេញ​មិន​ច្រើន​ អ្នក​ដែល​មិន​ស្រឡាញ់​របរ​នឹង​ពិ​បាក​តាម​” អ្នក​គ្រូ​ឱ្យ​ដឹង​ដូច្នេះ។ ហេតុ​ដូច្នេះ​ហើយ​ អ្នក​គ្រូ​តែង​ខិត​ខំ​បង្រៀន​កូន​ស្រី​ដើម្បី​កុំ​ឱ្យ​បាត់​បង់​របរ ទោះ​បី​ដឹង​ថា​កូន​ពេល​ក្រោយ​មិន​តាម​របរ​ក៏​ដោយ​ យ៉ាង​ហោច​ណាស់​ប្អូន​ៗ​នឹង​យល់​ពី​តម្លៃ​និង​លក្ខណៈ​ល្អ​ស្អាត​របស់​ប្រ​ពៃណី​។

នំ​ខ្ញី​តែង​អាសនៈដែល​អ្នក​គ្រូ​ហុង​តែង។
នំ​ខ្ញី​តែង​អាសនៈដែល​អ្នក​គ្រូ​ហុង​តែង។

ក្រៅ​ពី​នំ​ខ្ញី​ អ្នក​គ្រូ​ហុង​ ក៏​ចេះ​ធ្វើ​នំ​ជា​ច្រើន​ទៀត​ដូច​ជា​ នំ​បារាំង​ នំ​ចាក់​ជាន់​ នំហឹង។ល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នំ​ទាំង​នេះ​អ្នក​គ្រូ​បាន​ធ្វើ​តែ​ក្នុង​ពេល​ដែល​មាន​អ្នក​ដាក់​ទិញ។ ចំ​ណែក​នំ​ខ្ញី​គឺ​ជា​នំ​ដែល​អ្នក​គ្រូ​ធ្វើ​ជា​ប្រ​ចាំ​ព្រោះ​ក្រៅ​ពី​ការ​ចំ​ណូល​ចិត្ត​ក្នុង​សហ​គមន៍​ខ្មែរ​ នំ​នេះ​ក៏​ជា​នំ​ប្រ​ពៃ​ណី​របស់​ខ្មែរ​ដែល​ត្រូវ​តែ​មាន​វត្ត​មាន​ក្នុង​ពិធី​មង្គល​ការ​ បុណ្យ​ទាន​នេះ​ជា​នំ​តំ​ណាង​ឱ្យ​មាន​ការ​ដុះ​ដាល​រីក​ចម្រើន។

 ទោះ​បី​ជា​មិន​ផ្សព្វ​ផ្សាយ​ឬ​បើក​ទូ​លាយ​ការ​ផលិត​ ប៉ុន្តែ​នំ​របស់​អ្នក​គ្រូ​តែង​តែ​មាន​អ្នក​ដាក់​ទិញ​ច្រើន​ ពិសេស​ក្នុង​ពិ​ធី​បុណ្យ​ទាន​ បុណ្យ​តេត​និង​ពិធី​មង្គល​ការ។ ក្នុង​បរិការណ៍​នៃ​តម្លៃ​ប្រ​ពៃណី​ជា​ច្រើន​កំ​ពុង​សាប​រលាប​បន្តិច​ម្តង​ៗ អ្នក​គ្រូ​ហុង​រួម​ចំ​ណែក​រក្សា​របរ​ធ្វើ​នំ​ខ្ញី​បាន​ក្លាយ​ជា​ទង្វើ​ដ៏​មាន​តម្លៃ​បំ​ផុត។ “ខ្ញុំ​ចង់​ថែ​រក្សា​របរ​ស្នង​បន្ត​ពី​គ្រួ​សារ​ដែល​មាន​ពី​ជី​ដូន​និង​គប់​វាល់​មួយ​ចំ​ណែក​ក្នុង​ការ​ថែ​រក្សា​វប្ប​ធម៌​ បើ​តិច​មាន​អ្នក​ចេះ​ធ្វើ​នំ​នេះ​ ពេល​ក្រោយ​នំ​នេះ​អាច​នឹង​បាត់​បង់​បន្តិច​ម្តង​ៗ កូន​ចៅ​ថ្ងៃ​ក្រោយ​មិន​ស្គាល់​នំ​នេះ​ ដែល​គួរ​ឲ្យ​សោក​ស្តាយ​ណាស់” អ្នក​គ្រូ​ឲ្យ​ដឹង​ដូច្នេះ។

ការ​ធ្វើ​នំ​មិន​មែន​ជា​របរ​សម្រាប់​ចិញ្ចឹម​ជីវិត​ ក៏​មិន​មែន​ដើម្បី​ជួញ​ដូរ​អា​ជីវកម្ម​ធំ​ ការ​ធ្វើ​នំ​ខ្ញី​ចំ​ពោះ​អ្នក​គ្រូ​ហុង​គឺ​ជា​ទង្វើ​ដើម្បី​រក្សា​ទុក​នូវ​អ្វី​ដែល​ដូន​តាបាន​បន្សល់​ទុក​មក។ នំ​នី​មួយ​ៗ​គឺ​ជា​មួយ​ផ្នែក​នៃ​កេរ​ដំ​ណែល ហើយ​ក៏​ជា​មួយ​ផ្នែក​នៃ​វប្ប​ធម៌​ដែល​អ្នក​គ្រូ​ចង់​បង្រៀន​ដល់​កូន​ចៅ​ដើម្បី​កុំ​ឲ្យ​យើង​ភ្លេច​រស​ជាតិ​នំប្រ​ពៃណី​ដែល​ជិត​ស្និទ្ធ៕

                              វឌ្ឍា-លីហាន់​