ក្នុងការរួមរស់ជាមួយគ្នា ការប្រាស្រ័យទាក់ទងនិងទទួលយកវប្បធម៌គ្នាទៅវិញទៅមកគឺមិនអាចជៀសបាន។ នាពេលបច្ចុប្បន្ន ការសំយោគវប្បធម៌ក្នុងសហគមន៍ជនជាតិគិញ ខ្មែរ ហ្វាមាននិន្នាការកើនឡើងលើគ្រប់ផ្នែកដូចជា៖
ពិធីបង្កក់ខែ៖ចំពោះជនជាតិហ្វា ក្រោយពេលទារកប្រសូតិបាន១ខែ គ្រួសារនឹងរៀបចំពិធីសែនបង្កក់ខែ។ អ្នកចូលរួមគឺសាច់ញាតិនិងអ្នកជិតខាងរបស់ក្រុមគ្រួសារ។ តែតាមប្រពៃណីរបស់ជនរួមជាតិខ្មែរមានពិធីកិច្ចកាត់សក់បង្កក់ឆ្មប បានគេធ្វើឡើងក្រោយពេលទារកប្រសូតិបាន៧ថ្ងៃ។ ពិធីកិច្ចនេះមានលក្ខណៈខុសប្លែកបើប្រៀបជាមួយជនជាតិគិញនិងហ្វា គេធ្វើឡើងដើម្បីសម្តែងនូវការដឹងគុណចំពោះយាយឆ្មបដែលបានជួយឱ្យម្តាយនិងទារកប្រសូតិបានដោយសុវត្ថិភាព។ ក៏ប៉ុន្តែ តាមសម័យកាល ការទំនាក់ទំនងនៃវប្បធម៌និងការសង្ខេបខ្លីក្នុងពិធីកិច្ចទាំងឡាយ បានជាពិធីកិច្ចនេះមិនបានគេនិយមធ្វើទៀតឡើយ។ គ្រួសារខ្មែរជាច្រើនបានចាត់តាំងពិធីកិច្ចបង្កក់ខែ ខួបកំណើត១ឆ្នាំដូច ពិធីកិច្ចរបស់ជនជាតិគិញនិងហ្វា ក៏មានសែនបបរស្ករ បាយដំណើប ទា មាន់។ល។
![]() |
សំណែនក្នុងពិធីបង្កក់ខែរបស់ជនរួមជាតិខ្មែរក្នុងពេលបច្ចុប្បន្ន។ |
ពិធីអាពាហ៍ពិពាហ៍៖ នៅខេត្តសុកត្រាំង អាស្រ័យជនជាតិទាំង៣រស់នៅនិងមានចំណងអាពាហ៍ពិពាហ៍ជាមួយគ្នា បានជាមានការឥទ្ធិពលទៅវិញទៅមកក្នុងទំនៀមទម្លាប់អាពាហ៍ពិពាហ៍។ បច្ចុប្បន្ន ពិធីអាពាហ៍ពិពាហ៍របស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំងមួយថ្ងៃកាន់តែបំព្រួញខ្លីជាងសម័យមុនដោយអាស្រ័យការទំនាក់ទំនងវប្បធម៌មួយថ្ងៃកាន់តែស៊ីជម្រៅ ប្រការនេះមិនត្រឹមតែផ្លាស់ប្តូរទស្សនៈរបស់ជនរួមជាតិខ្មែរអំពីតម្លៃនិងក្រឹត្យក្រមក្នុងពិធីកិច្ចអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ ថែមទាំងធ្វើផ្លាស់ប្តូរពិធីកិច្ចក្នុងមង្គលការមួយចំនួន។ពិធីអាពាហ៍ពិពាហ៍រវាងជនជាតិខ្មែរនិងគិញ ឬខ្មែរនិងហ្វាតែងបានគេចាត់តាំងដោយពិធីកិច្ចរបស់ជនជាតិរៀងខ្លួន។ បើខាងប្រុសជាជនជាតិគិញឬហ្វាគេប្រារព្ធពិធីកិច្ចតាមទំនៀមទម្លាប់របស់គេ ក្រោយមកទៅខាងស្រីធ្វើតាមពិធីកិច្ចរបស់ជនជាតិខ្មែរ និងផ្ទុយមកវិញ។
អំពីពណ៌សំខាន់ក្នុងពិធីអាពាហ៍ពិពាហ៍ ជនជាតិគិញនិងហ្វាភាគច្រើននិយមពណ៌ក្រហម។ តាមទស្សនៈរបស់គេ ពណ៌ក្រហមតំណាងឱ្យសំណាងល្អ ភោគទ្រព្យនិងសុភមង្គល ហើយក៏អាចកម្ចាត់នូវឧបទ្រពចង្រៃ។ គេនិយមប្រើពណ៌ក្រហមគ្រប់កន្លែង ទាំងសម្លៀកបំពាក់ វត្ថុតុបតែងលម្អហើយទាំងអំបោះចងដៃក៏ប្រើពណ៌ក្រហមដែរ។
ផ្ទុយមកវិញ ក្នុងទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរនិយមប្រើអំបោះឆៅពណ៌សសម្រាប់ចងដៃ គេតែងចងដៃឱ្យអ្នកដែលជួបគ្រោះកាចដើម្បីបញ្ចៀសនូវឧបទ្រពចង្រៃទាំងឡាយនិងសូមនូវសេចក្តីសុខ។ តែក្នុងមង្គលការ ជនរួមជាតិខ្មែរនិយមប្រើពណ៌លឿង ព្រោះគេជឿថានេះជាពណ៏តំណាងឱ្យសំណាងល្អនិងសុភមង្គល។ ទស្សនៈនេះផ្តើមចេញពីឥទ្ធិពលនៃព្រះពុទ្ធសាសនាដែលជាសាសនាមានតួនាទីសំខាន់ក្នុងជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរ។
ទន្ទឹមនឹងនោះ ក្នុងពិធីអាពាហ៍ពិពាហ៍នៅខេត្តសុកត្រាំង ទោះជាជនជាតិដូចឬខុសគ្នា គេតែងតែបិទក្រដាសក្រហមនៅលើទ្វារនិងលើអាសនៈបុព្វការីជនសរសេរដោយអក្សរហានឬអក្សរខ្មែរ។ តាមប្រពៃណី ជនរួមជាតិខ្មែរពីសម័យមុនគ្មានទម្លាប់បិទក្រដាសក្រហមនោះទេ នេះគឺជាការទទួលឥទ្ធិពលពីវប្បធម៌របស់ជនជាតិហ្វា។
ក្នុងពិធីបុណ្យសព៖ ទាំង៣ជនជាតិប្រើពណ៌សដូចគ្នា។ ពិធីកិច្ចក្នុងបុណ្យសពរបស់ជនជាតិគិញនិងហ្វាគឺស្ទើរតែដូចគ្នា ជនជាតិគិញនិងហ្វាទទួលឥទ្ធិពលពីលទ្ធិខុងជឺ ដែលជាលទ្ធិមានឥទ្ធិពលយ៉ាងខ្លាំងក្នុងទំនៀមទម្លាប់របស់ពួកគាត់។ តាមលទ្ធិខុងជឺ ខ្លួនប្រាណអាស្រ័យឳពុកម្តាយបង្កើតឡើង ដូច្នេះត្រូវរក្សាឱ្យបានពេញលេញរហូតដល់ពេលស្លាប់ ទ្រឹស្តីរបស់លទ្ធិខុងជឺមិនអនុញ្ញាតឱ្យកូនចៅយកសពមាតាបិតារបស់ខ្លួនទៅបូជានោះទេ។ ពេលបច្ចុប្បន្ន ជនជាតិគិញនិងហ្វារស់នៅខេត្តសុកត្រាំងក៏បូជាសពរួចផ្ញើអដ្ឋិធាតុនៅក្នុងវត្តខ្មែរ ប្រការនេះអាចមកពីទំនាក់ទំនងវប្បធម៌ ហើយក៏អាចមកពីដីតិចចង្អៀត មួយផ្នែកទៀត តម្លៃធ្វើផ្នូរក៏មិនថោក បានជាជនជាតិគិញបូជាសពដូចជនជាតិខ្មែរដែរ។ ហើយជនជាតិខ្មែរកាត់គិញ-ហ្វាក៏បញ្ចុះសពដូចគិញ-ហ្វាដែរ។ ក្នុងពិធីបុណ្យសពរបស់ជនរួមជាតិខ្មែរសព្វថ្ងៃក៏មានការដុតក្រដាសសែនដូចជនជាតិគិញនិងហ្វាដែរ ក្នុងទំនៀមទម្លាប់របស់ជនជាតិខ្មែរពេលដង្ហែសពទៅកាន់ឈាបនដ្ឋាន គេបាចប្រាយលាជលាយដោយសំឡី ក៏ព្រោះឥទ្ធិពលនៃវប្បធម៌របស់ជនជាតិគិញ ហ្វា ទើបជនជាតិខ្មែរក៏លាយបញ្ចូលក្រដាសសែន ពេលខ្លះមានក្រដាសប្រាក់រាយបាចពេលដង្ហែសពដែរ។
បុណ្យឆេងម៉េងឬសែនផ្នូរគឺជាពិធីបុណ្យប្រពៃណីរបស់ជនជាតិហ្វា ប៉ុន្តែនៅសុកត្រាំង មិនត្រឹមតែជនជាតិហ្វាទើបប្រារព្ធពិធីនេះទេ ទាំងជនជាតិគិញនិងជនជាតិខ្មែរកាត់ក៏ធ្វើពិធីនេះដែរ។ ទោះបីជនជាតិខ្មែរមានទំនៀមទម្លាប់ដាក់អដ្ឋិធាតុក្នុងចេតិយ តែដោយឥទ្ធិពលនៃវប្បធម៌ហ្វានោះគឺទំនៀម “ប្រក់ផ្ទះថ្មី” ឱ្យផ្នូរ គេក៏បិទក្រដាស៥ពណ៌លើចេតិយ។
![]() |
ការសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិទាំង៣គឺគិញ-ខ្មែរ-ហ្វានៅសុកត្រាំង។ |
ទំនាក់ទំនងវប្បធម៌មិនត្រឹមតែមានក្នុងពិធីកិច្ចនិងទំនៀមទម្លាប់ប៉ុណ្ណោះទេ ទាំងក្នុងភាសានិយាយក៏ដូច្នេះដែរ ពាក្យជាច្រើនមានប្រភពមកពីភាសាចិនដូចជា៖ គុយទាវ ឆៃប៉ូវ តៅហ៊ូ មីសួ។ល។ ឬពាក្យសម្រាប់ហៅដូចជា៖ ហ៊ា (បងប្រុស) ចែ (បងស្រី) អ៊ី (មីង) បានជនជាតិខ្មែរនិងគិញនៅសុកត្រាំងនិយមប្រើដែរ។ ផ្ទុយមកវិញ ភាសាខ្មែរក៏មានឥទ្ធិពលនិងបានជនជាតិគិញខ្ចីយកប្រើដូចជា៖ ការ៉ាង (ចង្រ្កាន) បូហុក (ប្រហុក) បអក (ផ្អក) កាអម (ក្អម) ស៊ីមឡ (សម្ល) មិញអេន (ម្នាក់ឯង) ចាំងហ្កី (មកពីពាក្យចង្រៃ តែក្នុងទីនេះចង់សំដៅដល់ការចង្អៀតចង្អល់ចិត្ត)។ល។ ទីរួមខេត្តវិញចូវជាកន្លែងមានជនរួមជាតិខ្មែរនិងហ្វារស់នៅច្រើន ព្រោះហេតុដូច្នេះ ប្រជាជននៅទីនេះអាចនិយាយស្ទាត់ជំនាញទាំង៣ភាសាក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ។
អនុបណ្ឌិតឡឹមហ្វាងវៀង-នាយកមជ្ឈមណ្ឌលវប្បធម៌ខេត្តសុកត្រាំងឱ្យដឹង៖ សុកត្រាំងគឺជាសក្ខីភាពយ៉ាងរស់រវើកនៃទំនាក់ទំនងវប្បធម៌រវាង៣ជនជាតិគិញ-ខ្មែរ-ហ្វា។ ឆ្លងកាត់រាប់រយឆ្នាំរស់នៅនិងកាប់ឆ្ការតំបន់ដីភាគខាងត្បូង ជនជាតិនីមួយៗបានរក្សាអត្តសញ្ញាណពិសេសរបស់ខ្លួន ក្នុងនោះក៏មានការឥទ្ធិពលក្នុងផ្នែកភាសា បុណ្យទាន សិល្បៈសំដែងនិងផ្នត់រស់នៅ។ ទំនាក់ទំនងវប្បធម៌នៅខេត្តសុកត្រាំងមិនត្រឹមតែឆ្លងតាមរយៈការសម្តែងសិល្បៈប៉ុណ្ណោះទេ ជនជាតិគិញនិងហ្វាក៏ចូលរួមរៀនរាំក្បាច់រាំប្រពៃណីខ្មែរ ឬកូនក្មួយជនជាតិខ្មែរចេះសរសេរអក្សរក្បាច់ សម្តែងចម្រៀងប្រជាប្រិយទ្រីវចូវ។ ក៏ព្រោះការបើកទូលាយចិត្ត គោរពគ្នានិងការចែករំលែកបានបង្កើតទៅជាលក្ខណៈវប្បធម៌ដ៏ពិសេសរបស់ខេត្តសុកត្រាំង។
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin