បុរសវ័យក្មេងជក់អារម្មណ៍នឹងសិល្បៈចម្លាក់របស់ជនជាតិ

04:54, 15/05/2025

កណ្តាលថ្ងៃត្រង់ក្តៅចែស​ នៅតាមរបៀងព្រះវិហារវត្តពាមបួនថ្មី ដែលជាវត្តមានស្ថាបត្យកម្មពិសេសនិងល្បីល្បាញនៅខេត្តសុកត្រាំង។ យុវជនលីវមិញរី នៅសង្កាត់៤ ទីក្រុងសុកត្រាំង (សុកត្រាំង) កំពុងឆ្លាក់ក្បាច់លើដីឥដ្ឋ។ ទោះបីញើសហូរជោកប្រាណ ប៉ុន្តែប្អូននៅតែផ្តោតចិត្តលើពុម្ពក្បាច់ដែលខ្លួនកំពុងឆ្លាក់។ ក្បូរក្បាច់ដ៏រស់រវើកបានចេញរូបរាងបន្តិចម្តងៗ​។

ប្អូនលីវមិញរី-សង្កាត់៤ ទីក្រុងសុកត្រាំងកំពុងឆ្លាក់ក្បាច់លើដីឥដ្ឋ។
ប្អូនលីវមិញរី-សង្កាត់៤ ទីក្រុងសុកត្រាំងកំពុងឆ្លាក់ក្បាច់លើដីឥដ្ឋ។

កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​គ្មា​ន​ប្រ​ពៃណី​ពីរ​បរ​ចម្លាក់​និង​គ្មា​ន​បាន​ឆ្លង​កាត់​ថ្នាក់​វិចិត្រ​សិល្បៈ។ ប្អូន​មាន​និស្ស័យ​ជា​មួយ​សិល្បៈ​ចម្លាក់​ដោយ​ចៃ​ដន្យ​ គឺ​ពេល​ប្អូន​កំ​ពុង​បួស​រៀន​នៅ​វត្ត​ពាម​បួន​ថ្មី​ សង្កាត់​៤ ក្រុង​សុក​ត្រាំង​ ពេល​នោះ​ វត្ត​ពាម​បួន​ថ្មី​កំ​ពុង​ដំ​ណើរ​ការ​កសាង​សាលា​ធម្ម​សភា ប្អូន​បាន​តាម​មើល​សិប្ប​ករ​ចម្លាក់​ចាវ​ភឿង​នៅខេត្ត​អាង​យ៉ាង​ដែល​កំ​ពុង​ឆ្លាក់​ក្បូរ​ក្បាច់​ដើម្បី​បិទ​តុប​តែង​សាលា​ធម្ម​សភា។ ដោយ​ជក់​អារម្មណ៍​ជា​មួយ​ក្បាច់​រចនា​ប្រ​ពៃណី​របស់​ជន​ជាតិ​ ពេល​នោះ ប្អូន​រី​​ស្វែង​យល់​និង​ចិញ្ចឹម​ទុក​នូវ​ការ​ជក់​អា​រម្មណ៍​នៃ​វិស័យ​សិល្បៈ​ចម្លាក់​នេះ​ ប្អូន​រៀប​រាប់​៖ ឆ្នាំ​២០១៦ ខ្ញុំ​បាន​រៀន​នៅ​សាលា​មធ្យម​សិក្សា​បាលី​ណាម​បូ​ ចុង​សប្តាហ៍​ខ្ញុំ​ទៅ​វត្ត​ជួយ​ការ​ងារ​កសាង​វត្ត​ ពេល​នោះ​ លោក​គ្រូ​ចាវ​ភឿង​ហៅ​ខ្ញុំ​ធ្វើ​ការ​ជា​មួយ​។ ក្រោយ​មក​ខ្ញុំ​ក៏​ជក់​អា​រម្មណ៍​នឹង​ចម្លាក់​ក្បាច់​ខ្មែរ។

ប្អូន​បាន​ឱ្យ​ដឹង​ ប្អូន​គ្មាន​ទេព​កោសល្យ​ខាង​គំ​នូរ​ ព្រោះ​នេះ​ជា​មូលដ្ឋាន​នៃ​ការ​ចម្លាក់​ ចង់​ឆ្លាក់​បាន​ល្អ​ ដំបូង​យើង​ត្រូវ​តែ​ចេះ​គូរ។ មិន​បាក់​ទឹក​ចិត្ត​ប្អូន​ក៏​ប្តូរ​ផ្តាច់​ចិត្ត​តាម​រៀន។ លោក​គ្រូ​បាន​ផ្ញើ​រូប​ក្បាច់​ដើម្បី​ឱ្យ​ខ្ញុំ​រៀន​គូរ រូប​ចែ​នាគ​គឺ​ជា​រូប​ដំ​បូង​ដែល​ខ្ញុំ​រៀន​គូរ រូប​នេះ​ខ្ញុំ​រៀន​គូរ​អស់​រយៈ​ជាង​មួយ​ឆ្នាំ​ទើប​លោក​គ្រូ​ឃើញ​ថា​បាន តែ​មិន​​បាន​ដោយ​ល្អ​ឥត​ខ្ចោះ​ទេ បាន​ត្រឹម​តែ​​​គ្រាន់​បើ​ប៉ុណ្ណោះ។

អា​ស្រ័យ​រវល់​រៀន​នៅ​សាលា​មធ្យម​សិក្សា​បាលី​ណាម​បូ​ ដូច្នេះ​ ប្អូន​រី​មិនអាច​រៀន​ជា​មួយ​លោក​គ្រូ​ដោយ​ខ្ជាប់​ខ្ជួន ម្ល៉ោះ​ហើយ​ការ​រៀន​ឆ្លាក់​នេះ​បាន​អូស​បន្លាយអស់​ពេល​ជា​យូរ ឆ្លៀត​ពេល​រដូវ​វិស្សមកាល​បាន​ឈប់​ពី​១-២​ខែ​ទើប​ប្ងូន​បាន​​រៀន​ជា​មួយ​គ្រូ​ជា​ប្រ​ចាំ ក្នុង​ពេល​ទំ​នេរ​ប្អូន​តែង​រៀន​គូ​ដោយ​ខ្លួន​ឯង។ ព្រោះ​ដោយ​ក្តី​ជក់​ចិត្ត ប្អូន​តែង​គូរ​ក្បាច់​រាល់​ពេល​ទំ​នេរ សៀវ​ភៅ​សរ​សេរ​របស់​ប្អូន​ដេរ​ដាស​ទៅ​ដោយ​ក្បាច់​រចនា នេះ​បង្ហាញ​នូវ​ការ​ខិត​ខំ​និង​ប្តូរ​ផ្តាច់​របស់​ប្អូន។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​សាលា​មធ្យម​សិក្សា​បាលី​ណាម​បូ​និង​លាចាក​សិក្ខា​បទ​ក្នុង​ឆ្នាំ​២០២២ប្អូន​រី​ចាប់​ផ្តើម​ទៅ​តាម​លោក​គ្រូ​រៀន​ឆ្លាក់​ក្បាច់​រហូត​មាន​ពេល​ខ្លះ​ទៅ​ដល់​ខេត្ត​​អាង​​យ៉ាង​និង​ត្រាវិញ។ ចង់​ចេះ​ឆ្លាក់​ក្បាច់​មិន​ត្រឹម​តែ​ចេះ​គូរ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ឆ្លង​កាត់​ច្រើន​ដំ​ណាក់​កាល​ផ្សេង​ទៀត​ដូច៖ វាយ​ដី ឆ្លាក់​ក្បាច់​លើ​ដី លាយ​ជាតិ​ផ្សំ​ដើម្បី​ចាក់​ពុម្ព វាស់​ខ្នាត់និងបែង​ខ្នាត​ក្បាច់។ ប្អូន​ឱ្យ​ដឹង​ចង់​ធ្វើ​បាន​ពុម្ព​ក្បាច់​ស្អាត​ មុន​ដំ​បូង​ត្រូវ​ចេះ​វាស់​និង​បែង​ខ្នាត​ក្បាច់​ឱ្យ​បាន​សម​រូប​រាង ពេល​ខ្លះ​ត្រូវ​ធ្វើ​ឱ្យ​ដូច​ក្បូរ​ក្បាច់​តាម​ប្រា​សាទ​បុ​រាណ។

ដើម្បី​ធ្វើ​ឱ្យ​បាន​សម្រេច​ពុម្ព​ក្បាច់​មួយ​ៗ​ប្អូន​ត្រូវ​ចំ​ណាយ​ពេល​១​ថ្ងៃ​ចំ​ពោះ​ពុម្ព​តូច ពី​៣-៤​ថ្ងៃ​ចំ​ពោះ​ពុម្ព​ធំ។  ក្បាច់​ដែល​លំ​បាក​បំ​ផុត​គឺ​លើ​ផ្តែរ​ត្រូវ​តែ​ឆ្លាក់​ដោយ​ផ្ចិត​ផ្ចង់​និង​ថ្វី​ដៃ​ដោយ​ប៉ិន​ប្រ​សប់​ពី​ព្រោះ​មាន​ច្រើន​ស្រ​ទាប់។ ប្រ​ការ​នេះ​បាន​ឱ្យ​ឃើញ​ថា​ របរ​ចម្លាក់​នេះ​គ្រាន់​តែ​មាន​ការ​ជក់​អារម្មណ៍​វា​មិន​គ្រប់​ទេ ត្រូវ​តែ​មាន​ការ​ព្យា​យាម​អត់​ធ្មត់​ពី​ព្រោះ​បើ​យើង​ធ្វើ​ដោយ​ប្រ​ញាប់​ប្រ​ញាល់​ពេក​វា​មិន​បាន​សម្រេច​ក្នុង​របរ​ចម្លាក់​នេះ។

មាន​ប្អូន​ៗ​ខ្លះ​ក៏​សុំ​រៀន​ ខ្ញុំ​ក៏​បាន​បង្ហាញ​អស់​ពី​សមត្ថ​ភាព​ មិន​លាក់​អ្វី​ទាំង​អស់​។ រៀន​ឆាប់​ចេះ​ឬ​យូរ​អា​ស្រ័យ​លើ​ខ្លួន​និង​មាន​ការ​ព្យា​យាម​ឬ​ក៏​មិនព្យា​យាម​ប៉ុណ្ណោះ។ ចំ​ណែក​គ្រូ​គ្រាន់​តែ​ណែ​នាំ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ឱ្យ​ស្អាត​ទេ ប្អូន​បាន​ឱ្យ​ដឹង​ដូច្នេះ។

ជា​អ្នក​គ្មាន​ទេព​កោ​សល្យ​ពីរ​សិល្បៈចម្លាក់​ ប៉ុន្តែ​ដោយ​ការ​ជក់​អា​រម្ម​ណ៍និង​ព្យា​យាម​ ប្អូន​រី​បាន​បង្ហាញ​ថ្វី​ដៃ​ធ្វើ​បាន​ពុម្ព​ក្បាច់​យ៉ាង​ល្អ​ប្រ​ណីត​រួម​ចំ​ណែក​ធ្វើ​ឱ្យ​កាន់​តែ​សោ​ភណ​ភាព​ដល់​វត្ត​ខ្មែរ​នា​នា។ បាន​ដឹង​ វណ្ណ​កម្ម​របស់​ប្អូន​បាន​ឆ្លាក់​នៅ​វត្ត​ចំ​នួន​២​នៅ​ខេត្ត​អាង​យ៉ាង​គឺ​ស្វាយ​ទង​និង​វត្ត​ទ្រៀក បណ្តា​ក្បូរ​ក្បាច់​រចនា​ដែល​ប្អូន​ធ្វើ​ច្រើន​បំ​ផុត​គឺ​នៅ​វត្ត​ពាម​បួន​ថ្មី​ជា​កន្លែង​ដែល​ប្អូន​ព្យា​យាម​ផ្ចិត​ផ្ចង់​ច្នៃ​ប្រ​ឌិត​រាល់​ថ្ងៃ។ ចំ​ពោះ​ប្អូន​ការ​ច្នៃ​ពុម្ព​ក្បូរ​ក្បាច់​មិន​ត្រឹម​ជា​ការ​ងារ​សាមញ្ញ​ តែនៅ​ទាំង​ជា​ភារៈ​ក្នុង​ការ​រក្សា​និង​បង្ក​ភាព​សាយភាយនូវ​ អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ។ ក្បូរ​ក្បាច់​នៅ​តាម​សសរ​វត្ត​មាន​ដូច​ សត្វ​នាគ គ្រុឌ​ កិន្នរ។ល។ សុទ្ធ​តែ​មា​ន​ព្រលឹង​ពី​វប្ប​ធម៌​និង​ការ​ប្តេជ្ញា​របស់​សិប្ប​ករ។ ការ​ងារ​នោះ​មិនត្រឹម​តែ​ជួយ​ឱ្យ​ប្អូន​លើក​កម្ពស់​ថ្វី​ដៃ​តែ​នៅ​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​បណ្តា​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ៕     

                                    វឌ្ឍា-សុផល