![]() |
គ្រួសារពូឌៀងវោន អនុសង្កាត់តឹមទ្រុង សង្កាតទី១០ (ទីក្រុងសុកត្រាំង) កំពុង រៀបចំសម្អាតទីសក្ការបូជាបុព្វការីជនដើម្បីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៥។ |
ក្នុងបរិយាកាសអ៊ូអរថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរជិតមកដល់ យើងខ្ញុំឃើញមាមីងពុទ្ធបរិស័ទកំពុងតុបតែងផ្ទះសម្បែង រៀបចំសម្អាតទីសក្ការបូជាបុព្វការីជនដើម្បីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី។ គ្រួសារពូឌៀងវោន នៅអនុសង្កាត់តឹមទ្រុង សង្កាត់ទី១០ ទីក្រុងសុកត្រាំង ឆ្នាំនេះគ្រួសារពូទទួលបុណ្យចូលឆ្នាំដោយភាពកក់ក្តៅ ព្រោះថាកូនចៅរបស់ពូបានមកជុំគ្នា ក្នុងប៉ុន្មានថ្ងៃនេះ គ្រួសារពូបានត្រៀមបម្រុងយ៉ាងម៉ត់ចត់ដើម្បីទទួលបុណ្យចូលឆ្នាំថ្មីដោយក្តីសប្បាយរីករាយនិងសុភមង្គល។ ពូឌៀងវោនចែករំលែក៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីគឺជាឱកាសអប់រំកូនចៅឱ្យដឹងអំពីកតញ្ញុតាធម៌និងសាមគ្គីធម៌ ចេះស្រឡាញ់រាប់អានគ្នានៅក្នុងភូមិស្រុក ព្រមជាមួយនោះក្រើនរំលឹកអ្នករាល់គ្នាឱ្យចេះធ្វើបុណ្យសុន្ទរ៍ទានដើម្បីក្នុងឱកាសឆ្នាំថ្មីឱ្យមានក្តីសប្បាយរីករាយនិងសុភមង្គលសម្រាប់ខ្លួននិងក្រុមគ្រួសារ។
![]() |
វត្តជ្រោយទឹមចាស់ សង្កាត់ទី១០ (ទីក្រុងសុកត្រាំង) កំពុងតុបតែងដើម្បីទទួលបុណ្យចូលឆ្នាំថ្មី។ |
ចំពោះជនរួមជាតិខ្មែរ វត្តអារាមមិនត្រឹមជាកន្លែងសម្រាប់ប្រតិបត្តិពិធីកិច្ចសាសនានិងប្រជុំជីវភាពវប្បធម៌របស់សហគមន៍ប៉ុណ្ណោះទេ ជាងនោះទៅទៀតសម្រាប់ជនរួមជាតិខ្មែរ វត្តគឺជាកន្លែងមិនអាចរំលងចោលបានក្នុងឱកាសបុណ្យទាន ហេតុដូច្នេះ ក្នុងប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំថ្មី បណ្តាវត្តទក្ខិណនិកាយខ្មែរលើភូមិដ្ឋានខេត្តនិយាយរួម វត្តជ្រោយទឹមចាស់និយាយដោយឡែកកំពុងរៀបចំតុបតែងខ្លោងទ្វារ កន្លែងប្រារព្ធពិធីកិច្ចជូនដំណើរទេវតាឆ្នាំចាស់ ទទួលទេវតាឆ្នាំថ្មីឬហៅថាពិធីដង្ហែមហាសង្រ្កាន្ត។ ព្រះតេជគុណត្រឹងថា ពហុស្សូតវត្តជ្រោយទឹមចាស់មានសង្ឃដីកា៖ ដើម្បីទាក់ទាញនិងបង្កបរិយាកាសសប្បាយរីករាយឱ្យពុទ្ធបរិស័ទមកវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី វត្តបានតុបតែងជាច្រើនផ្នែក។ ព្រោះឆ្នាំនេះជាឆ្នាំម្សាញ់ បានជាវត្តមានធ្វើនិមិត្តរូបសត្វពស់ដោយអាគ្រីលីត មានប្រវែងប្រមាណ១,៥ម៉ែត្រ កម្ពស់១ម៉ែត្រ ក្រៅពីនេះវត្តបានតុបតែងកន្លែងតាំងពិព័រណ៍សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ជនរួមជាតិខ្មែរដូចជា៖ រទេះគោ ល្អី ត្បាល់ថ្ម អង្រុត។ល។ ពិធីកិច្ចដ៏សំខាន់មួយទៀតក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនោះគឺពិធីពូនភ្នំខ្សាច់។ ខ្សាច់សម្រាប់ពូនភ្នំ ត្រូវយកខ្សាច់ស្អាត ហើយពូនជា៩គំនរ ១គំនរធំនៅកណ្តាលនិង៨គំនរនៅជុំវិញទាំង៨ទិស គេសន្មត់នេះគឺភ្នំខ្សាច់។ ពេលពូនភ្នំខ្សាច់បានរួចរាល់ គេនឹងធ្វើរបងព័ទ្ធជុំវិញដើម្បីការពារការប៉ះទង្គិចនិងខូចខាត។
សមមិត្តទ្រីវហ្វាងថាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ទី១០ឱ្យដឹង៖
បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរនឹងប្រព្រឹត្តឡើងពីថ្ងៃ១៤ដល់ថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានពិធីកិច្ចសាសនានិងសកម្មភាពវប្បធម៌ សិល្បៈ កីឡាពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ។ ប្រការនេះឱ្យឃើញច្បាស់នូវការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចចំពោះជនរួមជាតិខ្មែរ បង្ករាល់លក្ខណៈដើម្បីជនរួមជាតិបានទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយក្តីសប្បាយរីករាយ រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីល្អស្អាតរបស់ជនជាតិ៕
ថាញ់វ៉ាង-អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin