![]() |
រូបសំណាកព្រះព្រហ្ម។ |
ពាក្យថាព្រហ្មមានន័យថាសេចក្តីចម្រើន សេចក្ដីប្រសើរ។ ក្នុងព្រះពុទ្ធសាសនា ព្រះព្រហ្មគឺជាទេវតាដែលបានសម្រេចនូវឈានក្រោយពេលអស់អាយុនឹងបានកើតនៅស្ថានព្រហ្មលោកសមស្របនឹងធម៌ដែលខ្លួនសម្រេចបាន។ ព្រះតេជគុណឡឹមហ៊ីប ព្រះចៅអធិការវត្តទំនប់ ឃុំអាងនិញ ស្រុកចូវថាញ់មានសង្ឃដីកា៖ ចំពោះជនរួមជាតិខ្មែរព្រះព្រហ្មគឺជានិមិត្តរូបមិនចម្លែកនោះទេ ព្រោះអីតាំងពីតូចមក មាមីងខ្មែរងាយឃើញរូបព្រហ្មនៅតាមភូមិស្រុកក៏ដូជាក្នុងវត្ត។ តាមអាត្មាដឹង ព្រះព្រហ្មគឺអាទិទេពក្នុងចំណោមអាទិទេពកំពូលតែងមានវត្តមានក្នុងប្រវត្តិរបស់ព្រះពុទ្ធ។ ព្រះព្រហ្មមានមុខ៤ តំណាងឱ្យព្រហ្មវិហារធម៌ អាស្រ័យហេតុនេះព្រះព្រហ្មតែងបានមាមីងជនរួមជាតិខ្មែរគោរព។
តាមទស្សនរបស់សាសនាហិណ្ឌូ ព្រហ្មជាព្រះបង្កើតលោក ព្រះព្រហ្មជាព្រះអាទិទេពមួយក្នុងចំណោមអាទិទេពកំពូលទាំង៣របស់ហិណ្ឌូសាសនា។ ព្រហ្មជាបិតារបស់មនុស្ស ព្រោះហេតុនេះ ព្រះព្រហ្មបានគេគោរពចាត់ទុកជាព្រះបង្កើតលោក។ និមិត្តរូបព្រះព្រហ្មក្នុងហិណ្ឌូសាសនាជាព្រះអាទិទេពមានមុខ៤ ព្រះហស្ថ៤ តំណាងអោយទិសទាំង៤ កើត លិច ជើង ត្បូង។ មិនដូចអាទិទេពផ្សេងៗក្នុងហិណ្ឌូសាសនា លើព្រះហស្ថរបស់ព្រះព្រហ្មមិនកាន់អាវុធណាមួយឡើយ លើព្រះហស្ថព្រះព្រហ្មមានកាន់កេតនភ័ណ្ឌ៤យ៉ាងមានដូច ផ្កាឈូក ថូទឹក ខ្សែផ្គាំ និងគម្ពីរវេទ។
![]() |
រូបសិរសារព្រហ្មតម្កល់លើរបង។ |
ក្នុងទស្សនៈរបស់ជនរួមជាតិខ្មែរ ឳពុក ម្តាយក៏ហៅថាព្រហ្មដែរ ព្រោះអីឳពុកម្តាយមានព្រហ្មវិហារធម៌៤ចំពោះកូនៈ គឺមេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាចង់អោយកូនគ្រប់រូបទទួលបានសេចក្តីសុខ។ ករុណា សេចក្តីអាណិតអាសូរចំពោះកូនគ្រប់រូប។ មុទិតា សេចក្តីរីករាយ ត្រេកអរ នៅពេលឃើញកូនទាំងឡាយបានទទួលសេចក្តីសុខចំរើន។ ឧបេក្ខា ការតាំងសន្តានចិត្តជាកណ្តាល កាត់សេចក្តីដោយប្រើប្រាជ្ញា។
ជារៀងរាល់ឆ្នាំ ក្នុងពិធីចូលឆ្នាំថ្មីម្តងៗ មាមីងពុទ្ធបរិស័ទក្នុងភូមិស្រុកស្លៀកពាក់ស្អាតបាត យកវត្ថុទាំងឡាយមានទៀនធូបជាដើមមកវត្តដើម្បីចូលរួមពិធីដង្ហែមហាសង្ក្រាន្ត។ នៅទីនេះ ក្រោមការណែនាំរបស់អាចារ្យ អ្នករាល់គ្នារៀបជាជួរ ដង្ហែរប្រទក្សិណជុំវិញព្រះវិហារ៣ជុំ ដើម្បីសម្តែងបង្ហាញឡើងវិញតាមព្រេងនិទានរឿងបុត្រទាំង៧របស់កបិលមហាព្រហ្មដង្ហែសីសៈរបស់បិតាខ្លួនជុំវិញភ្នំសុមេរ។
ក្នុងស្ថាបត្យកម្មវត្តអារាមរបស់ជនជាតិខ្មែរណាមបូ ព្រះព្រហ្មតែងបានតម្កល់នៅបណ្តាទីកន្លែងដូច លើកំពូលព្រះវិហារ ខ្លោងទ្វារ របងវត្តជាដើម ហើយច្រើនបំផុតគឺនៅលើចេតិយ។ ប្រការនោះ ពន្យល់ថា ការដាក់លើកំពូលព្រះវិហារឬចេតិយ តែងមានព្រះសិរសាមហាព្រហ្ម ឆ្ពោះទៅទាំង៤ទិស កើត លិច ជើង ត្បូង ក៏បំពាក់អត្ថន័យអោយអ្នកដឹកនាំពេលណាក៏ត្រូវនៅអោយខ្ពស់ ទើបមើលបានឆ្ងាយ មើលកិច្ចការអោយសព្វជ្រុងជ្រោយ ដោះស្រាយបញ្ហាដោយយុត្តិធម៌ មិនអគតិ។ និយាយរួម ជនរួមជាតិខ្មែរ ដម្កល់ព្រះព្រហ្មនៅទីណា ក៏តម្កល់លើកំពូល មិនដែលតម្កល់ផ្ទាល់លើប្រឹថពីឡើយ។ ដោយសារជនរួមជាតិខ្មែរយល់ឃើញថា ព្រះព្រហ្មជាអាទិទេពគួរគោរពបូជា តម្កល់នៅទីខ្ពស់ទើបមើលឃើញសព្វកិច្ចការ ថែរក្សាការពារវត្ត ពុទ្ធបរិស័ទក្នុងភូមិស្រុកបានសុខសប្បាយ។
វឌ្ឍា-សុផល
Thông tin bạn đọc
Đóng Lưu thông tin