![]() |
ទិដ្ឋភាពពិធីបុណ្យកំសាន្តស្រុក-មហាសាមគ្គី។ |
ពិធីបុណ្យកំសាន្តស្រុកជាឱកាសដើម្បីសម្តែងនូវការដឹងគុណចំពោះអធិធម្មជាតិ សូមឱ្យស្រុកភូមិបានសុខសាន្ត ដំណាំបានផល។ ជនរួមជាតិខ្មែរជឿថា ដំណាំបានផលល្អក្រៅពីការខិតខំរបស់ខ្លួននៅមានទាំងការជួយថែរក្សាអំពីម្ចាស់ទឹកម្ចាស់ដី។ នេះជាពិធីបុណ្យរបស់ប្រជាកសិករប្រារព្ធឡើងដើម្បីរំឭកនឹកគុណម្ចាស់ទឹកម្ចាស់ដីនិងបុព្វបុរសដែលបានបន្សល់នូវមត៌កដ៏ត្រកាលនេះនិងផ្តល់នូវភោគផលស្រូវអង្ករ ដែលបានចិញ្ចឹមពួកគេឱ្យមានជីវិតរស់នៅ។
ពិធីបុណ្យនេះតែងបានគេចាត់តាំងនៅទីប្រជុំជន លើវាលស្រែដែលទើបបានច្រូតកាត់រួចឬក្នុងបរិវេណវត្ត។ មិនត្រឹមតែមានអត្ថន័យផ្នែកជំនឿប៉ុណ្ណោះទេ នេះក៏ជាឱកាសដើម្បីសហគមន៍ជិតស្និទ្ធនឹងគ្នា ចែករំលែកក្តីសប្បាយនិងលើកទឹកចិត្តគ្នាឆ្លងផុតការលំបាកក្នុងជីវិត។ គ្រួសារនីមួយៗគប់វាល់ប្រាក់កាសតាមលទ្ធភាពដើម្បីប្រារព្ធពិធីបុណ្យ បង្ហាញនូវស្មារតីសាមគ្គីរបស់សហគមន៍។ ជាធម្មតា ពិធីបុណ្យនេះតែងប្រព្រឹត្តឡើងក្នុងរយៈពេលពី១ដល់៣ថ្ងៃ យប់ ទៅតាមនិយមរបស់ស្រុកភូមិ។ ការងារទាំងអស់តាំងពីការគប់វាល់ប្រាក់កាស សង់រោងបុណ្យ តុបតែង រៀបចំកន្លែងធ្វើបុណ្យសុទ្ធតែមានការស្ម័គ្រចិត្តពីសហគមន៍។ ហើយមានអ្នកមានប្រិយភាពក្នុងភូមិស្រុកជំហរចេញដឹកនាំការងាររួម។
ពិធីបុណ្យកំសាន្តស្រុកបានប្រារព្ធតាមពិធីកិច្ចនៃព្រះពុទ្ធសាសនា។ គេតុបតែងពុទ្ធាសនៈដើម្បីឱ្យមាមីងមកចូលរួមអុជធូប។ គេនិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តនិងទេសនាក្នុងពេលយប់។ ពេលព្រឹកនិងថ្ងៃត្រង់ មាមីងប្រគេនភត្តចំពោះព្រះសង្ឃនិងឧទ្ទិសមគ្គផលដល់បុព្វការីជននិងបុព្វបុរសដែលមានសគុណកាប់ឆ្ការតំបន់ដីនេះ។ ទន្ទឹមនឹងពិធីកិច្ចសាសនា មានទាំងសកម្មភាពផ្សេងៗតាមនិយមរបស់តំបន់។ កន្លែងខ្លះមានទាំងធ្វើកិច្ចពូនភ្នំស្រូវ ហៅព្រលឹងស្រូវ ដាក់បាត្រនិងពុទ្ធាភិសេក ដោយមានអត្ថន័យសុំនូវសេចក្តីសុខ សេចក្តីចម្រើនដល់ភូមិស្រុក។
![]() |
ក្រុមសិល្បៈខ្មែរសម្តែងក្នុងពិធីបុណ្យកម្សាន្តស្រុក។ |
ពិធីបុណ្យកម្សាន្តស្រុកមានមាមីងចូលរួមយ៉ាងកុះករ មាមីងបានស្តាប់ព្រះបរិត្ត ធម៌ទេសនា ចែករំលែកបទពិសោធន៍និងការងារប្រចាំថ្ងៃ។ ហើយនេះជាឱកាសដើម្បីឱ្យយុវជន យុវតីជួបជុំរាំលេងសប្បាយ។ ក្រៅពីពិធីកិច្ចសាសនា មាមីងនៅទាំងបានទស្សនាសិល្បៈល្ខោនបាសាក់ឬច្រៀងរាំនឹងគ្នា ហើយលេងល្បែងប្រជាប្រិយរបស់ជនរួមជាតិខ្មែរនៅណាមបូ បង្កជាបរិយាកាសសប្បាយរីករាយ។
អាចារ្យស៊ើងសាមី គណៈកម្មការវត្តបឹងកក់ ឃុំភូមី ស្រុកមីទូ (សុកត្រាំង) ចែករំលែក៖ បុណ្យកម្សាន្តស្រុក មហាសាមគ្គីមានកំណើតតាំងពីយូរយារណាស់មកហើយ។ មានការស្រុះស្រួលចូលរួមមិនត្រឹមតែមាមីងខ្មែរប៉ុណ្ណោះទេ មានទាំងបងប្អូនជនជាតិគិញ ហ្វាមកចូលរួមផងដែរ។ ក្រោយពេលច្រូតកាត់ហើយរួចរាល់ បងប្អូនទាំង៣ជនជាតិរួបរួមធ្វើបុណ្យនេះឡើងដើម្បីរំឭកនឹកគុណដល់ម្ចាស់ទឹក ម្ចាស់ដី ដែលបានផ្តល់ដីដែលមានជីជាតិឱ្យប្រជាកសិកយើងផលិតធ្វើស្រែចម្ការច្បារដំណាំបានរីកចម្រើន។ និងរំឭកនឹកគុណបុព្វការីជនដែលបន្សល់ទុកនូវកេរដំណែលមត៌កឱ្យយើងដល់សព្វថ្ងៃនេះ។
បុណ្យកំសាន្តស្រុក-មហាសាមគ្គីជាលក្ខណៈវប្បធម៌ពិសេសរបស់ជនរួមជាតិខ្មែរ បង្ហាញនូវការដឹងគុណចំពោះធម្មជាតិនិងភាពស្និទ្ធស្នាលក្នុងសហគមន៍។ ទោះបីសង្គមមួយថ្ងៃកាន់តែទំនើបជឿនលឿន តែមាមីងនៅតែរក្សានិងពង្រីកពិធីបុណ្យនេះមកដល់សព្វថ្ងៃ ហើយចាត់ទុកដូចជាចំណែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពសា្មរតីរបស់ជនរួមជាតិខ្មែរ។ នេះមិនត្រឹមតែជាឱកាសដើម្បីរំឭកនឹកគុណបុព្វការីជន និងម្ចាស់ទឹកម្ចាស់ដីនិងសុំសេចក្តីសុខប៉ុណ្ណោះទេ ហើយនេះក៏ជាឱកាសមួយដើម្បីឱ្យមាមីងក្នុងភូមិស្រុកជួបជុំគ្នា ចែករំលែកកិច្ចការងារដើម្បីរួមគ្នាឈានឡើងក្នុងជីវភាពក្នុងអនាគត។
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin