![]() |
ទិដ្ឋភាពនៃពិធីបុណ្យជ្រោយរំចេក។ |
បុណ្យជ្រោយរំចេក ឬហៅថាបុណ្យមាត់សមុទ្រ បានចាត់តាំងជារៀងរាល់ឆ្នាំពីថ្ងៃ១៤និង១៥កើត ខែផល្គុន នៅអនុសង្កាត់កាឡាំងអាបៀងនិងអនុសង្កាត់វិញអាង សង្កាត់ទី២ ទីរួមខេត្តវិញចូវ (សុកត្រាំង)។ ពិធីបុណ្យនេះមានប្រវត្តិមកដល់បច្ចុប្បន្នគឺជាង៣០០ឆ្នាំ ហើយក៏ជាចំណែកមួយមិនអាចខ្វះបានក្នុងជីវភាពជំនឿរបស់ប្រជាជននៅទីនេះ។
បុណ្យជ្រោយរំចេកគឺជាពិធីបុណ្យប្រារព្ធឡើងដើម្បីបួងសួងសុំឱ្យភូមិស្រុកសុខសាន្ត ភ្លៀងខ្យល់ធ្លាក់ស្មើ ដំណាំអំណោយផល ក្រៅពីនោះក៏ជាឱកាសដើម្បីសហគមន៍សម្តែងនូវការដឹងគុណចំពោះធម្មជាតិ ម្ចាស់ទឹកម្ចាស់ដីនិងមហាសាគរ។ ទន្ទឹមនឹងនោះ គេក៏រំលឹកនឹកគុណចំពោះបុព្វបុរសដែលមានគុណកាប់ឆ្ការតំបន់ដីនេះ ព្រមជាមួយនោះសម្តែងនូវការដឹងគុណចំពោះមហាសាគរដែលបានផ្តល់ភោគផលដល់ប្រជានេសាទដូចជាបង្គា ត្រី និងជលផលផ្សេងៗ និងរំលឹកគុណម្ចាស់ទឹលម្ចាស់ដីបានផ្តល់ផលដំណាំដល់ប្រជាកសិករ។
មានតំណាលថា នៅចុងសតវត្សរ៍១៧ លោកតាហ៊ូបានកសាងចេតិយលើទួលខ្សាច់ក្បែរវត្តសិរីក្រសាំង។ តាំងពីពេលនោះមក ពិធីបុណ្យជ្រោយរំចេកបានប្រារព្ធនៅទីនេះជាដរាបដើម្បីប្រជាពុទ្ធបរិស័ទអុជធូបនិងបួងសួង។ លោកក៏បានជ្រើសយកថ្ងៃពេញបូណ៌មីខែផល្គុនដើម្បីប្រារព្ធពិធីបុណ្យដើម្បីឧទ្ទិសផលនិងសុំសេចក្តីសុខ ព្រោះថារយៈពេលនេះមេឃស្ងប់ សមុទ្រគ្មានរលកធំជួយឱ្យអ្នកនេសាទចេញទៅសមុទ្រនេសាទបានផល។
ផ្តើមពិធីបុណ្យគឺពិធីបង្សុកូលនៅក្បែរភ្នំខ្សាច់ដើម្បីរំលឹកនឹកគុណបុព្វការីជន និងសម្តែងនូវការដឹងគុណមហាសាគរ ហើយសុំនូវសេចក្តីសុខនិងសំណាងល្អមកដល់ប្រជាជននៅក្បែរចេតិយដែលលោកតាហ៊ូកសាង។
![]() |
ចេតិយបុរាណមានអាយុកាលជាង៣០០ឆ្នាំ កសាងដោយលោកតាហ៊ូ។ |
បន្ទាប់មកគឺពិធីកិច្ចដង្ហែព្រះពុទ្ធរូបពីវត្តសិរីក្រសាំងមកកាន់មណ្ឌលនៃពិធីបុណ្យ។ នៅទីនេះ គេបានសង់មហាសាលមួយរាងបួនជ្រុងទ្រវែង ពេលក្រោយមក វត្តបានកសាងសាលាទានមួយខ្នង ជាកន្លែងសម្រាប់តម្កល់ព្រះពុទ្ធរូបនិងប្រារព្ធពិធីកិច្ចនានា។ ពេលព្រះពុទ្ធរូបបានដង្ហែមកដល់ ប្រជាជននាំគ្នាធ្វើពិធីគោរពទង់ព្រះពុទ្ធសាសនាហើយដង្ហែព្រះពុទ្ធរូបចូលទៅកាន់មណ្ឌលនៃពិធីបុណ្យ។ បន្ទាប់មកគឺពិធីកិច្ចនមស្ការព្រះរតនត្រៃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្តែងព្រះធម្មទេសនា ដោយមានការចូលរួមយ៉ាងកុះកររបស់ប្រជាជនពីគ្រប់ទិសទី។
ក្រោយពេលធ្វើកិច្ចតាមសាសននិយមរួច គេក៏ចាត់តាំងលេងល្បែងប្រជាប្រិយ សិល្បៈចម្រៀងដោយសម្បូរបែប ញ៉ាំងឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។ បណ្តាល្បែងកីឡាដែលបានចាត់តាំងក្នុងពិធីបុណ្យភាគច្រើនគឺបង្ហាញនូវរបរចិញ្ចឹមជីវិតរបស់ប្រជាជននៅទីនេះដូច៖ របរនេសាទ របរកសិកម្ម បង្ហាញនូវភាពជិតស្និទ្ធយ៉ាងស្អិតរមួតរវាងមនុស្សនិងធម្មជាតិ។
ពិធីបុណ្យជ្រោយរំចេកមិនត្រឹមតែជាពិធីបុណ្យនៃជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីរឹតបន្តឹងនូវសាមគ្គីភាព ការជួយគ្នាទៅវិញទៅមករវាងជនជាតិទាំង៣គឺគិញ ខ្មែរ ហ្វា។ ពិធីបុណ្យនេះបានក្លាយជានិមិត្តរូបនៃភាពសាមគ្គី ញ៉ាំងឱ្យសហគមន៍ជនជាតិទាំងអស់រស់នៅជាមួយគ្នាដោយសុខសាន្តនិងជួយគ្នាក្នុងរាល់ស្ថានភាព។
អាចារ្យថាច់ថន - គណៈកម្មការវត្តសិរីក្រសាំងមានប្រសាសន៍៖ ពីសម័យដើម ពិធីបុណ្យជ្រោយរំចេកចាត់តាំងដោយទ្រង់ទ្រាយតូច តែអាស្រ័យដោយការយកចិត្តទុកដាក់ ជំនួយអំពីរដ្ឋអំណាចភូមិភាគ ទ្រង់ទ្រាយរបស់ពិធីបុណ្យមួយថ្ងៃកាន់តែធំឡើង។ ខ្ញុំមានក្តីរំភើបរីករាយយ៉ាងខ្លាំងពេលដឹងថាបុណ្យជ្រោយរំចេកបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះក៏ជាកម្លាំងចិត្តដើម្បីឱ្យយើងខ្ញុំបន្តការរក្សានិងពង្រីកវប្បធម៌ប្រពៃណី ក៏ដូចជាបណ្តាតម្លៃដ៏ថ្លៃថ្នូរនៃពិធីបុណ្យ។
ពិធីបុណ្យជ្រោយរំចេកមិនត្រឹមតែជាឱកាសដើម្បីសហគមន៍លើកតម្កើងបណ្តាតម្លៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ហើយនេះក៏ជានិមិត្តរូបនៃស្មារតីសាមគ្គីនិងជួយគ្នាទៅវិញទៅមករបស់បណ្តាជនជាតិរស់នៅជាមួយគ្នានៅតំបន់នេះ។
ជាមួយតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រដ៏ពិសេសនេះ យោងតាមសេចក្តីសម្រេចលេខ ៥៤៧/QĐ-BVHTTDL ចុះថ្ងៃទី៥ មីនា ឆ្នាំ២០២៥របស់ក្រសួងវប្បធម៌-កីឡានិងទេសចរណ៍បានទទួលស្គាល់ពិធីបុណ្យជ្រោយរំចេកគឺជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះគឺជាមោទនភាពដ៏ធំចំពោះបក្ខភាគ រដ្ឋអំណាចនិងប្រជាជនខេត្តសុកត្រាំង ជាពិសេសគឺចំពោះទីរួមខេត្តវិញចូវនិងជនរួមជាតិខ្មែរដែលរស់នៅតំបន់មាត់សមុទ្រនេះ។
![]() |
គណៈចាត់តាំងទទួលសេចក្តីសម្រេចរបស់ក្រសួងវប្បធម៌-កីឡានិងទេសចរណ៍អំពីការទទួលស្គាល់បេតិកភណ្ឌអរូបីជាតិរបស់ពិធីបុណ្យជ្រោយរំចេក។ |
សមមិត្តត្រឹងទ្រីវ៉ឹង - អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្តវិញចូវឱ្យដឹង៖ ដើម្បីរក្សានិងពង្រីកតម្លៃនៃពិធីបុណ្យជ្រោយរំចេក រដ្ឋអំណាចនឹងបង្កើនការផ្សព្វផ្សាយ អប់រំក្នុងសហគមន៍នៃជនរួមជាតិនិងពុទ្ធបរិស័ទ ជាពិសេសគឺជំនាន់យុវជនអំពីតម្លៃនៃពិធីបុណ្យនេះ។ ជារៀងរាល់ឆ្នាំ បណ្តាពិធីកិច្ច ទំនៀមទម្លាប់និងប្រភេទសិល្បៈប្រពៃណីនិងពិធីបុណ្យបានរក្សាដោយខ្ជាប់ខ្ជួន។ ព្រមជាមួយនោះ បង្កលក្ខណៈដើម្បីឱ្យជនរួមជាតិបងប្អូនមានឱកាសចូលរួមក្នុងបណ្តាសកម្មភាពអភិរក្សនិងពង្រីកតម្លៃនៃបេតិកភណ្ឌដើម្បីផ្សព្វផ្សាយ ឧទ្ទេសនាមដល់ប្រជាជនក្នុងនិងក្រៅខេត្តសុកត្រាំង។
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin