![]() |
ព្រះវិហារវត្តឥន្ទកោសីជ្រោយទឹមថ្មីបានកសាងសម្រេចរួចរាល់ ក្នុងខែមករា ឆ្នាំ២០២៥។ |
ស្ថិតនៅភូមិតឹមគៀង ឃុំដាយតឹម ស្រុកមីស្វៀង ខេត្តសុកត្រាំងវត្តឥន្ទកោសីជ្រោយទឹមថ្មី មានតាំងពីគ.សឆ្នាំ១៨៦០ ព.ស២៤០៤ អស់រយៈកាលជាច្រើនឆ្នាំវត្តបានកសាងស្អាតសមរម្យដូចសព្វថ្ងៃនេះបានឆ្លងកាត់ចំនួន១៣ជំនាន់ព្រះចៅអធិការដែលមានស្នាព្រះហស្តកសាងនិងជួសជុលបណ្តាសំណង់ស្ថាបត្យកម្មក្នុងវត្ត សព្វថ្ងៃវត្តបានរៀបចំសម្រេចរួចរាល់សម្រាប់ធ្វើពិធីបុណ្យសម្ពោធឆ្លងបញ្ចុះខណ្ឌសីមាថ្មីដើម្បីទទួលមាមីងពុទ្ធបរិស័ទគ្រប់ចតុទ្ទិសមកចូលរួម។
ក្នុងប៉ុន្មានថ្ងៃនេះ មានមាមីងពុទ្ធបរិស័ទក្នុងចំណុះជើងវត្តបានជួយរៀបចំបោសសម្អាតនិងតុបតែងបណ្តាសំណង់នានាដូចសាលា កុដិ ព្រះវិហារ។ល។ ដើម្បីរៀបចំពិធីបុណ្យសម្ពោធឆ្លងបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីពេលខាងមុខនេះ។ មីងឡឹមធីញ៉ នៅភូមិតឹមគៀង ឃុំដាយតឹម ស្រុកមីស្វៀងរីករាយឱ្យដឹង៖ ខ្ញុំមានក្តីសប្បាយរីករាយណាស់ពីព្រោះបានឃើញព្រះវិហារកសាងសម្រេចរួចរាល់និងត្រៀមបម្រុងធ្វើពិធីបុណ្យសម្ពោធឆ្លងបញ្ចុះខណ្ឌសីមា ជាង២ខែហើយ ថ្ងៃណាក៏ខ្ញុំមកវត្តជួយបោសសម្អាត ដាំស្លសម្រាប់ឱ្យមាមីងមកវត្តជួយការងារ ទោះបីមានការនឿយហត់ប៉ុន្តែនរណាក៏មានក្តីសប្បាយរីករាយដែរ។
ព្រះវិហារបានកសាងតាមស្ថាបត្យកម្មក្បូរក្បាច់រចនាដ៏ប្រណីតរបស់ជនជាតិខ្មែរដូច មករ គ្រុឌ កិន្នរ និងក្បូរក្បាច់រចនាដទៃទៀត។ល។ សព្វថ្ងៃនៅក្នុងព្រះវិហារបានតុបតែងនិងជីករណ្តៅប្ញសសីមារួចរាល់។ លោកដាវទឺយ៉ា-អនុប្រធានគណៈកម្មការវត្តឥន្ទកោសីជ្រោយទឹកថ្មីឱ្យដឹង៖ ព្រះវិហារជាកន្លែងសម្រាប់ព្រះសង្ឃធ្វើសង្ឃកម្មនិងធ្វើកិច្ចនមស្ការព្រះរតនៈត្រៃ ពេលឃើញព្រះវិហារចាស់ទ្រុឌទ្រោម ព្រះសង្ឃនិងគណៈកម្មការវត្តបានស្របមតិកសាងព្រះវិហារថ្មីដោយមានការគប់វាល់ពីមាមីងពុទ្ធបរិស័ទនិងសប្បុរសជនជិតឆ្ងាយ។ អស់រយៈកាល ៥ឆ្នាំកសាងមកដល់ពេលនេះព្រះវិហារបានកសាងសម្រេច ដូច្នេះព្រះសង្ឃនិងគណៈកម្មការ អាចារ្យញោមវត្ត មាមីងពុទ្ធបរិស័ទមានក្តីសប្បាយរីករាយណាស់។
![]() |
ព្រះសង្ឃកំពុងរៀបចំតុបតែងនៅមហាសាលបំពេញកុសល។ |
នៅជុំវិញព្រះវិហារ បានរៀបចំតុបតែងទិសបំពេញកុសលចំនួន៧និងមហាសាលបំពេញកុសលចំនួន១។ មុនថ្ងៃចូលបុណ្យ ព្រះសង្ឃនិងគណៈកម្មការ អាចារ្យញោមវត្ត មាមីងពុទ្ធបរិស័ទបានធ្វើពិធីកិច្ចដង្ហែប្ញសសីមាព័ទ្ធជុំវិញព្រះវិហារ៣ជុំក៏បានរៀបចំសម្រេចរួចរាល់។ ទន្ទឹមនោះ ដើម្បីធានាសុវត្ថិភាពក្នុងរយៈពេលចាត់តាំងពិធីបុណ្យ រដ្ឋអំណាចភូមិភាគបានចាត់ឱ្យកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ វត្តបានចាត់ការងារដល់គណៈកម្មការ អនុគណៈកម្មការកៀរគរក្រុមរបស់ខ្លួនសម្រាប់បម្រើការក្នុងពិធីបុណ្យ។ល។
ព្រះតេជគុណលីសារេន-ចៅអធិការវត្តឥន្ទកោសីជ្រោយទឹមថ្មីមានសង្ឃដីកា៖ ដោយឃើញព្រះវិហារចាស់ទ្រុឌទ្រោម ព្រះសង្ឃនិងគណៈកម្មការវត្តបានស្របមតិកសាងព្រះវិហារថ្មី សព្វថ្ងៃបានសម្រេចរួចរាល់ ព្រះវិហារមានបណ្តោយ១៨ម៉ែត្រ ទទឹង១៣ម៉ែត្រ កម្ពស់៣២ម៉ែត្រ។ ថវិកាដោយបានការគប់វាល់របស់មាមីងពុទ្ធបរិស័ទក្នុងនិងក្រៅចំណុះជើងវត្ត។ សព្វថ្ងៃការងាររៀបចំសម្រាប់ពិធីបុណ្យសម្ពោធឆ្លងបញ្ចុះខណ្ឌសីមាបានសម្រេចរួចរាល់ដោយបានការជំនួយឧបត្ថម្ភពីព្រះសង្ឃនិងគណៈកម្មការ អាចារ្យញោមវត្ត មាមីងពុទ្ធបរិស័ទក្នុងនិងក្រៅចំណុះជើងវត្ត។
ដោយបានការស្របមតិរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តនិងរដ្ឋអំណាចភូមិភាគព្រមទាំងគណៈកម្មការ អាចារ្យញោមវត្ត មាមីងពុទ្ធបរិស័ទបានរៀបចំការងាររួចរាល់សម្រាប់ពិធីបុណ្យសម្ពោធឆ្លងបញ្ចុះខណ្ឌសីមា៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin