ក្រុមសិល្បៈវត្តពាមបួនថ្មី​រក្សាវប្បធម៌ជនជាតិ

09:38, 08/02/2025

ស្ថិតនៅសង្កាត់លេខ៤ ទីក្រុងសុកត្រាំង វត្តពាមបួនថ្មីមិនត្រឹមតែល្បីឈ្មោះដោយមានស្ថាបត្យកម្មពិសេសដោយយកពណ៌សនិងពណ៌ទឹកមាសជាចម្បង ទីនោះថែមទាំងជាកន្លែងរក្សាបណ្តាតម្លៃវប្បធម៌ប្រពៃណីថ្លៃថ្នូររបស់ជនជាតិខ្មែរ។ ទីធ្លារបស់វត្តបានក្លាយជាទីប្រជុំរបស់យុវជន អ្នក​ស្នេហាសិល្បៈ ពេលដែលទីនេះបានបង្កើតក្រុមសិល្បៈ១ក្រុមដោយឈ្មោះហៅថា “ក្រុមសិល្បៈវត្តពាមបួនថ្មី”។

ព្រះចៅអធិការនិងគណៈកម្មការវត្តពាមបួនថ្មីកំពុងទស្សនាក្រុមប្រគំភ្លេងពិណពាទ្យ។
ព្រះចៅអធិការនិងគណៈកម្មការវត្តពាមបួនថ្មីកំពុងទស្សនាក្រុមប្រគំភ្លេងពិណពាទ្យ។

បង្កើត​កាល​​ឆ្នាំ​២០២០ ដំ​បូង​ក្រុម​សិល្បៈវត្ត​ពាម​បួន​ថ្មី​គ្រាន់​តែ​ជា​ការ​ប្រ​ជុំរបស់​មិត្ត​យុវជន​មាន​​ចិត្ត​ស្នេហា​សិល្បៈ​ដោយ​មាន​បំណងចង់​រក្សា​និង​ពង្រីក​បណ្តា​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជនរួម​​ជាតិ​ខ្មែរ​។ ដោយ​មានសមាជិក​ចូល​រួម​ចំ​នួន​​៣០​រូប​ចែក​ជា​៤​ក្រុម​រួម​មាន៖ ក្រុមរបាំ​យក្ស​ស្វា ក្រុមភ្លេង​​ពិណ​ពាទ្យ ក្រុមរាំ​របាំ​​ជូន​ពរ​និង​ក្រុម​ឆៃ​យ៉ាំ។ គំនិត​បង្កើត​ក្រុម​សិល្បៈផ្តើម​ចេញ​ពី​​គំ​និត​របស់​ព្រះ​ចៅ​អធិការ​ឌិញ​ហ្វាង​ស៊ឺ ព្រះអង្គ​តែងបារម្ភ​ថា​ ក្នុង​​និន្នាការ​​សិល្បៈ​​សម័យអភិវឌ្ឍ​ខ្លាំង​ក្លា​​តែង​មាន​ឥទ្ធិ​ពល​ដល់​តម្លៃ​សិល្បៈប្រ​ពៃ​ណី​របស់​ជន​ជាតិ។ អាស្រ័យ​ហេតុ​នេះ ដោយ​បំណង​អភិរក្ស​និងចង់​សាយ​ភាយ​លក្ខណៈ​វប្បធម៌​ពិសេស​របស់​ជនរួម​​ជាតិ​ខ្មែរ ព្រះ​ចៅ​អធិ​ការ​បាន​បង្កើត ​”ដំបូល​ផ្ទះ​រួម” សម្រាប់អ្នក​ស្នេហា​សិល្បៈ​ជន​ជាតិ។

លក្ខណៈ​ពិ​សេស​របស់​ក្រុម​សិល្បៈ​វត្ត​ពាម​បួន​ថ្មី​គឺការ​ចម្រុះ​ដោយ​អាយុ​និង​មុខរបរ​របស់​សមាជិក។ សមាជិកមាន​​​អាយុ​តូច​បំ​ផុត​​១១​ឆ្នាំ ដល់អ្នក​កំពុង​ធ្វើ​កម្មករ​ហើយ​សមាជិក​ខ្លះ​ជា​សិស្សសាលា។ ទោះ​បី​មាន​ស្ថាន​ភាព​ខុស​គ្នា សមាជិក​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​មាន​ក្តី​ចំណូល​ចិត្ត​ជា​មួយ​សិល្បៈ​ជន​ជាតិ​ហើយ​មាន​បំណង​បាន​រក្សា​បណ្តា​តម្លៃ​ស្មារតី​ដែល​​បុព្វបុរស​​បាន​រក្សា​មក​ជា​ច្រើន​ជំនាន់។

ក្រុមរាំរបាំជូនពរ។
ក្រុមរាំរបាំជូនពរ។

លោក​ត្រឹង​គឿង ប្រ​ធាន​គណៈ​កម្មការ​វត្ត​ពាម​បួន​ថ្មី​ចែក​រំលែក៖ ពេល​កន្លង​ ក្រុម​សិល្បៈ​វត្ត​ពាម​បួន​ថ្មី​បង្កើតឡើង​យ៉ាង​​មាន​ប្រ​សិទ្ធ​ភាព បង្ករ​​ទីលាន​កម្សាន្ត​មាន​ប្រយោជន៍ បង្ក​​ក្តី​សប្បាយ​ក្រោយ​ពេល​ធ្វើ​ការ​នឿយហត់។ ព្រម​ជា​មួយ​នោះ ក្រុម​បាន​រួម​ចំណែក​ក្នុង​ការ​អភិរក្សអត្ត​សញ្ញាណវប្ប​ធម៌​ប្រ​ពៃ​ណីរប់​ជន​ជាតិ។

ក្នុង​ចំណោម​សមាជិក​ទាំង​អស់​ ប្អូន​ថាច់​ធី​ថាញ់​ថាវ​ជា​សមាជិក​របស់​ក្រុម​រាំ​របាំជូន​ពរ​វត្ត​ពាម​បួន​ថ្មី​គឺ​ជា​តួយ៉ាង។ ទោះ​បីផ្ទះ​នៅ​ភូមិ​​កិញ​ឆាង ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់ តែ​ដោយ​ក្តី​ស្នេហាសិល្បៈ​ ទោះ​បី​ផ្លូវ​ឆ្ងាយ​ ថាវក៏​មក​ចូល​រួម​ជា​មួយ​ក្រុម។​ “ប្អូន​ស្រឡាញ់​សិល្បៈ​តាំង​ពី​តូច កាល​នៅ​តូច​ប្អូន​តែង​មើល​ទូរទស្សន៍​និង​រៀន​រាំ​ដោយ​ខ្លួន​ឯង។ ពេល​ប្អូន​ដឹង​វត្ត​មាន​បង្កើត​ក្រុម​សិល្បៈ ប្អូន​បាន​សុំ​ចូល​រួម​ភ្លាម​ដើម្បីបំពេញ​​នូវ​ចំណង់​ចំណូល​ចិត្តនិង​ចង់​រក្សា​បណ្តា​តម្លៃ​វប្ប​ធម៌​ជនជាតិ” ប្អូន​ថាវ​ចែក​រំលែក។

ដោយក្តី​ខិត​ខំ​មិន​ឈប់​ឈររបស់​ព្រះ​ចៅ​អធិការ គណៈ​កម្មការ​និងសមាជិក​ក្រុម​សិល្បៈវត្ត​ពាម​បួន​ថ្មីមិន​ត្រឹម​តែ​រក្សា​ខ្ជាប់​ខ្ជួន​​តម្លៃ​នៃ​វប្ប​ធម៌ថែម​ទាំង​បាន​បង្កើត​ទី​លាន​កម្សាន្ត​មាន​ប្រ​យោជន៍​ឱ្យ​យុវជន។ ពេល​​ហាត់សម​និង​សម្តែង​ម្តង​ៗ​គឺ​ជា​ឱ​កាស​ដើម្បី​បង្ហាញ​នូវ​មោទនភាព​អំពី​អត្ត​សញ្ញាណ​វប្ប​ធម៌ ជា​ឱ្យ​កាស​ឱ្យ​មិត្ត​យុវជន​ស្វែង​យល់​បន្ថែម​អំពី​វប្ប​ធម៌​របស់​ជនរួម​​ជាតិខ្មែរ។ ក្រុម​សិល្បៈ​តែង​សម្តែង​ក្នុង​ឱកាស​បុណ្យ​ទាន​​និង​ពិធី​បុណ្យ​​ដែល​វត្ត​ចាត់​តាំង ក្រៅ​ពី​នេះ​ នៅ​ចូល​រួម​ក្នុង​បណ្តា​ព្រឹត្តិ​ការណ៍ធំៗ​របស់​ខេត្ត​ដូច​​បុណ្យ​អក​អំបុក​និងពិធី​ផ្សេងៗទៀត។

វត្ត​ពាម​បួន​ថ្មី​ តាម​រយៈរូប​ភាព​ក្រុម​សិល្បៈ កំពុង​បញ្ជាក់តួនាទី​របស់​ខ្លួន​បន្តិច​ម្តងៗក្នុង​ការ​អភិរក្ស​និង​ពង្រីក​សិល្បៈ​ប្រ​ពៃ​ណី។ បណ្តា​តម្លៃ​ដែល​ក្រុម​នាំ​មក​មិន​ត្រឹម​តែ​ជា​ក្តី​រីក​រាយ ក្តី​រំភើប​ក្រោយ​ពី​​មួយ​ថ្ងៃ​ធ្វើ​ការ​ហត់​នឿយប៉ុណ្ណោះ ថែម​ទាំងជា​កម្លាំង​ចិត្ត​ជួយ​មិត្ត​យុវជន​ពង្រីក​បាន​ទេព​កោសល្យ​សិល្បៈ​របស់​ខ្លួន។ ក្រឡេកមើលដំណើរដែល​​បាន​ឆ្លង​កាត់ ក្រុម​សិល្បៈវត្ត​ពាម​បួន​បាន​បង្ហាញ​ឱ្យ​ឃើញ​​ បណ្តា​តម្លៃ​វប្បធម៌របស់​ជន​ជាតិ​នឹង​មិនអាច​​សាប​សូន្យ។ ឱ្យ​តែ​មាន​ចំណូលចិត្ត​និង​ការ​ខិត​ខំ​​ថែ​រក្សា​​ តម្លៃ​ទាំង​អស់​នឹង​បាន​​សាយ​ភាយ​ ហើយ​រស់រវើក​ក្នុង​​រូបារម្មណ៍​នៃ​យុវជន​ជំនាន់​ក្រោយ​។

វឌ្ឍា