វត្តអូរជុំអារាមព្រែកចេក វត្តខ្មែរមួយគត់នៅទីរួមខេត្តង៉ាណាំ

06:02, 27/12/2024

ទីរួមខេត្តង៉ាណាំ ជាតំបន់ឆ្ងាយដាច់ស្រយាលរបស់ខេត្តសុកត្រាំងនិងជាកន្លែងដែលមានជនរួមជាតិខ្មែររស់នៅជិត៤.០០០នាក់។ ដោយមានចំនួន​ជន​ជាតិ​ភាគតិចមានចំនួនតិច បើធៀបនឹងភូមិភាគដទៃ ដូច្នេះ ទីរួមខេត្តង៉ាណាំ មានវត្តទក្ខិណនិកាយខ្មែរត្រឹមតែមួយគត់នោះ គឺវត្តអូរជុំអារាមព្រែក​ចេក។

វត្ត​អូរជុំ​អា​រាម​ព្រែក​ចេក​ ឃុំ​វិញ​គ្វើយ​ ទីរួម​ខេត្ត​ង៉ាណាំ បាន​កសាងកាល​ឆ្នាំ​១៧២៨ ​ឆ្លង​កាត់​១៤​ជំនាន់​ព្រះ​ចៅ​អធិការ​ បច្ចុប្បន្ន ​ព្រះ​តេជ​គុណ​ស៊ើង​ភឿក​ឡើយ ​ជាព្រះ​ចៅ​អធិការ​ទី១៥។ ​ថ្វី​ដ្បិត​តែ ​វត្ត​នេះ​ស្ថិត​នៅ​តំ​បន់​ជន​បទ​ដែល​ពុទ្ធ​បរិស័ទមានចំ​នួន​តិច​ បើធៀប​ជាមួយ​នឹង​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​ដទៃ​ ប៉ុន្តែ​វត្ត​អូរជុំ​អា​រាម​ព្រែក​មាន​ភាព​លេច​ធ្លោ​និង​តែង​តែ​បាន​អ្នក​រាល់​គ្នា​ដឹងឮ ​ព្រោះ​ជាវត្ត​ដែល​សម្បូរ​ដោយប្រ​ពៃ​ណី​បដិវត្តន៍​។​ សំណេះ​សំ​ណាល​ជា​មួយ​នឹង​យើង​ខ្ញុំ ​ព្រះ​តេជ​គុណ​ស៊ើង​ភឿក​ឡើយ​-​ព្រះ​ចៅ​អធិ​ការ​វត្តអូរជុំ​អា​រាម​ព្រែក​ចេក ​ឃុំ​វិញ​គ្វើយ ​ទី​រួម​ខេត្ត​ង៉ា​ណាំ​ (​សុក​ត្រាំង)​ មាន​សង្ឃ​ដី​កា៖​ តាម​ការ​រៀប​រាប់​របស់​មា​មីង ​មូល​ហេតុ​ដែល​បុព្វ​បុរស​ដាក់​ឈ្មោះ​វត្ត​អូរជុំ​អា​រាម​ព្រែក​ចេក ​ព្រោះពី​មុន​មាន​ស្រះ ​ព្រែក​ប្រ​ឡាយ​ជាច្រើន​នៅ​ជុំ​វិញ​វត្ត​។ ​ពិសេស​ នៅ​លើ​តាមមាត់​ព្រែក​មានដាំ​ដើម​ចេក​ជា​ច្រើន ​មា​មីង​តែង​តែ​មក​កាប់​ផ្លែ​និង​ដើម​ចេក​សម្រាប់​ចម្អិន​ធ្វើ​ជា​ម្ហូបអា​ហារ​។ ​តាំង​ពី​នោះ​ បុព្វ​បរុស​បាន​ដាក់​ឈ្មោះ​ថា​វត្ត​អូ​រជុំ​អា​រាម​ព្រែក។

អស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំរង​ទុក្ខ​លំ​បាក​ វត្ត​អូរជុំ​អា​រាម​ព្រែកចេក​ត្រូវ​រង​ការ​ឈឺចាប់​ បាត់​បង់​ក្នុង​សង្គ្រាម​តស៊ូប្រ​ឆាំង​បារាំង​និង​អា​មេរិក ​ប៉ុន្តែ​ដោយ​មាន​ការ​តស៊ូ​និង​ការ​​​ប្រឹង​ប្រែង​ ​ព្រះ​ចៅ​អធិការ​គ្រប់ជំនាន់បាន​កៀរ​គរ​មា​មីង​ពុទ្ធ​បរិស័ទ​ដើម្បី​ជួស​ជុល​ កសាង​វត្ត។​ ដោយ​ទទួល​បាន​ទំ​នុក​ចិត្ត​ពី​ពុទ្ធ​បរិស័ទ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ព្រះ​តេជ​គុណ​ស៊ើ​ងភឿក​ឡើយ​មិន​បង្អង់​ក្នុង​ការ​កែ​លម្អស្ថា​បត្យកម្ម​ ទន្ទឹម​នឹង​នោះ ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​សម្រាប់​វត្ត​និង​ភូមិ​ស្រុក​។​ នៅ​ខែ​មិថុនា ​ឆ្នាំ​២០២១ ​ព្រះ​តេជ​គុណ​ស៊ើង​ភឿក​ឡើយ​និង​គណៈ​កម្ម​ការ ​ព្រម​ទាំង​មា​មីង​ពុទ្ធ​បរិស័ទ​ទាំង​អស់​យល់​ព្រម​សាង​សង់​ឧបដ្ឋាន​សាលា​ថ្មី។ ​តាំង​ពី​នោះ ​​សប្បុរស​ជន​និង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​បាន​គប់​វាល់​កសាង​សម្រេច​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី​២០ ​​មករា ​ឆ្នាំ​២០២៣។​ ឧបដ្ឋាន​សា​លា​បាន​សាង​សង់​ដោយ​បេ​តុង​រឹង​មាំ ​ប្រ​កប​ដោយ​ក្បូរ​ក្បាច់​រចនា​តាម​ប្រ​ពៃ​ណី​ព្រះ​ពុទ្ធ​សាសនាទក្ខិណ​និកាយ​ខ្មែរ ​សរុប​ថវិកា​ជាង​៥ពាន់​លាន​ដុង។

ឧបដ្ឋានសាលាវត្តអូជុំអារាមព្រែកចេក។
ឧបដ្ឋានសាលាវត្តអូរជុំអារាមព្រែកចេក។

ពិសេស ​ដោយ​មាន​បំ​ណង​ចង់​ជំនួស​ឱ្យ​សំ​ណង់​ដែល​ចាស់​ទ្រុឌ​ទ្រោម​ ការក​សាងថ្មី​ដើម្បី​បម្រើ​សេច​ក្តី​តម្រូវ​ការ​ក្នុង​សកម្ម​ភាព​ជំ​នឿ​សាសនា​របស់​មា​មីង មាន​​ភាព​សប្បាយ​រីក​រាយ​និង​សុវត្ថិភាព ​វត្ត​អូរជុំ​អា​រាម​ព្រែក​ចេក​បាន​សង់​ព្រះ​វិហារ​ថ្មី​ជំនួស​ឱ្យ​ព្រះ​វិហារ​ចាស់​​​ទ្រុឌ​ទ្រោម​និង​បានប្រារព្ធ​ចាត់​តាំង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​នៅ​ថ្ងៃ​ទី​២២ ​​មី​នា ​ឆ្នាំ​២០២៣។​ បន្ទាប់​ពី​បាន​កសាង​អស់​រយៈ​ពេល​ជាង​៦​ឆ្នាំ ​ព្រះ​វិហារ​ថ្មី​វត្ត​អូ​រជុំ​អា​រាម​ព្រែក​ចេក​បាន​សម្រេច​រួច​រាល់​ មាន​បណ្តោយ​២០​ម៉ែត្រ ​ទទឹង​១១,៥​ម៉ែត្រ​ កម្ពស់​២១​ម៉ែត្រ ​សរុប​ថវិកា​៤ពាន់៣៥៤លាន​ដុង។ ​ក្នុង​នោះ ​ខេត្ត​សុកត្រាំងឧបត្ថម្ភ​១ពាន់១៥០លាន​ដុង ថវិកា​ដែល​នៅ​សល់​​ពុទ្ធ​បរិស័ទ​រួមគ្នាគប់​វាល់​។

ព្រះវិហារថ្មីវត្តអូជុំអារាមព្រែកចេក។
ព្រះវិហារថ្មីវត្តអូរជុំអារាមព្រែកចេក។

ថ្វី​ដ្បិត​តែ​ ជា​វត្ត​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល ​ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​តេជ​គុណ​ស៊ើង​ភឿក​ឡើយ​ ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​តែងគោរព​ប្រតិបត្តិ​នូវ​ឱវាទ​របស់​ព្រះ​ពុទ្ធ​។​ ពិសេស គ្រប់គ្នា​តែង​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍ ​គោល​នយោ​បាយ​របស់​បក្ស ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ចូល​រួម​កសាង​ជន​បទ​ថ្មី​ ចលនា​កសាងផ្លូវ​ជន​បទ ​រួម​គ្នាបំពេញ​កុសលធម៌ ជួយ​ដល់​គ្រួសារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។​ តាម​ពូ​យ័ញ​ស្វឹង​ ជា​សមាជិក​គណៈ​កម្មការ​វត្ត​អូរ​ជុំ​អា​រាម​ព្រែក​ចេក​ ឃុំ​វិញ​គ្វើយ ​ទីរួម​ខេត្ត​ង៉ា​ណាំ ​(សុក​ត្រាំង)​ ឱ្យ​ដឹង​៖ ​រៀង​រាល់​ឆ្នាំ ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​តេជ​គុណ​ស៊ើង​ភឿក​ឡើយ ​ក្រៅ​ពី​ធ្វើ​ពិ​ធី​កិច្ច​សាសនា​ប្រ​ពៃ​ណី​របស់​ជន​ជាតិ ​វត្ត​ក៏​បាន​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូន​ៗ​ជន​ជាតិ​នារដូវ​វិស្សម​កាល​រយៈ​ពេល​៣​ខែ ​ថ្នាក់​រៀន​ក៏​មាន​ការ​ចូល​រួម​របស់​ប្អូន​ៗ​ជាជន​ជាតិ​គិញ​និង​ហ្វា។​ ទន្ទឹម​នឹង​នោះ ​ក្នុង​ឱកាស​បុណ្យ​ទាន​ធំ​ៗ ​វត្ត​តែង​អប់​រំពុទ្ធ​បរិស័ទ​រួម​គ្នា​ថែ​រក្សា​វប្បធម៌ ​ទំ​នៀម​ទម្លាប់​ប្រពៃណី ចលនា​កូន​ចៅ​ខិត​ខំ​រៀន​សូត្រ ​ឈាន​ឡើង​ក្នុង​ការ​ផលិត ​មិន​ចូល​រួម​ក្នុង​អំ​ពើ​អបាយ​មុខ​សង្គម​។​ តាំង​ពីនោះ ​ភូមិ​ស្រុក​បាននសុខ​សាន្ត​ត្រាណ​ សប្បាយ​រីក​រាយ ​មា​មីង​រួម​គ្នា​ថែ​រក្សា​វប្បធ​ម៌ ​ភា​សា​ អក្សរ​របស់​ជន​ជាតិ​និង​កាន់​តែ​រឹត​ចំ​ណង​សាមគ្គី​ភាព​រវាង​បង​ប្អូន​រស់​នៅ​ជា​មួយ​គ្នា​។

ឆ្លង​កាត់​អស់​រយៈ​ពេល​ជិត​៣០០​ឆ្នាំ ​ដោយ​មាន​ការ​សាមគ្គី​របស់ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត ​ពុទ្ធ​បរិស័ទ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ​វត្ត​អូ​រជុំ​អា​រាម​ព្រែក​ចេក​បាន​និង​កំពុង​ក្លាយ​ជា​កន្លែង​ដ៏​ភ្លឺ​ស្វាង​នៃ​សហគមន៍​ ជា​កន្លែង​ផ្សព្វ​ផ្សាយ​ស្មារតី​មេត្តា​ករុណា​របស់​ព្រះ​ពុទ្ធ​សាសនា៕

វឌ្ឍា