ពិធីបុណ្យកឋិនទានក្នុងវប្បធម៌របស់ជនរួមជាតិខ្មែរ

04:58, 11/11/2024

បុណ្យ​កឋិនទានគឺ​ជាពិ​ធី​បុណ្យ​សំខាន់​​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ មាន​​អត្ថ​ន័យឧត្តុង្គ​ឧត្តម​និង​ជ្រាល​ជ្រៅ​លើ​​ជំនឿផ្លូវ​ចិត្ត។ បុណ្យ​កឋិន​ទាន​មាន​​ប្រភព​មក​ពី​ព្រះ​ពុទ្ធ​សាសនា​ បាន​ប្រារព្ធ​ក្រោយ​ពេល​ព្រះ​សង្ឃ​ចេញ​វស្សា​បន្ទាប់ពី​​​គង់​ចាំ​វស្សា​អស់រយៈពេល​៣​ខែ​ ពិធី​បុណ្យ​នេះ​មិន​ត្រឹម​តែ​ជាពិ​ធី​កិច្ច​មួយ​ក្នុង​សាសនា​ប៉ុណ្ណោះ​ទេ ថែ​មទាំង​តំណាងឱ្យ​​ស្មារតី​សាមគ្គី​ក្នុង​សហគមន៍​និង​ការ​គោរព​ចំពោះ​ព្រះ​ពុទ្ធ​សាសនា។

សង្ឃិកសម្រាប់តម្កល់រណ្ដាប់កឋិន
សង្ឃិកសម្រាប់តម្កល់រណ្ដាប់កឋិន

តាមទស្សនៈ​របស់​ជន​រួម​ជាតិ​ខ្មែរ ការ​ដង្ហែកឋិន​មាន​អានិសង្ស​ច្រើន​និង​នាំមក​នូវ​សេចក្តី​សុខ​​ក្នុង​បច្ចុប្បន្ន​ជាតិនិង​ផលានិសង្សក្នុង​អនាគត​ជាតិ​ និង​សម្តែង​នូវ​ជំនឿ ការ​គោរព​របស់​ខ្លួន​ចំពោះ​ព្រះ​ពុទ្ធ​សាសនា។ ​ប្រការ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ​ផ្សារភ្ជាប់​និង​ក្តី​ជំ​នឿលើព្រះពុទ្ធ​សាសនា​ដែល​តែង​ផ្តល់​នូវការ​​ថែ​រក្សា​និងសេច​ក្តី​សុខ។

ក្នុងសម័យ​ពុទ្ធ​កាល​ ម្ចាស់ដើម​បុណ្យយក​សំពត់សម្រាប់​ដេរ​សំពត់​កឋិន​មក​ប្រ​គេន​ភិក្ខុ​សង្ឃ​គង់ចាំ​វស្សាអស់រយៈពេល​​​៣ខែ។ បន្ទាប់​ពី​ទទួល​សំពត់​កឋិន​រួច​ហើយ​​ ភិក្ខុ​សង្ឃ​ទាំង​អស់​ប្រ​ជុំ​នៅ​ក្នុង​ខណ្ឌសី​មា ជ្រើស​រើស​ភិក្ខុ​មួយ​អង្គ​ដែល​សក្តិ​សម ​​ហើយ​ប្រគល់​សំពត់​​ដល់​ភិក្ខុ​ដែល​បាន​ជ្រើស​នោះ​។​ ការ​ដេរ​សំពត់​កឋិន​ដើម្បី​ក្រាល​គ្រង​គឺ​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​អី​សំពត់​កឋិន​ត្រូវ​តែ​ដេរ​ឱ្យ​បាន​សម្រេច​នៅ​ក្នុង​ថ្ងៃ​នោះ​ដើម្បីយក​ទៅ​​ក្រាល​គ្រង​មុន​ពេល​អរុណ​រះ។ បើ​សំពត់​កឋិន​ដេរ​មិន​ទាន់​បាន​ស្រេច យឺត​ដល់​ថ្ងៃ​បន្ទាប់​ទៀត​ គឺ​មិន​អាច​ក្រាល​គ្រង​កឋិន​ដោយ​សំពត់​នោះ​ឡើយ។

ព្រះ​តេជគុណ ថាច់ធឿន ព្រះ​ចៅ​អធិការ​វត្ត​បឹង​ក្រ​ចាប់​ថ្មីមាន​ថេរ​ដី​ការ៖ បុណ្យ​កឋិន​ទាន​ប្រារព្ធ​ឡើង​ដើម្បី​ប្រគេន​ស្បង់​ស្បៃ​ត្រៃ​ចី​វរ​ដល់ព្រះ​សង្ឃដែល​​បាន​គង់​ចាំ​វស្សា​អស់​​​៣​ខែ។ ពិធី​បុណ្យ​នេះ​អាច​ធ្វើ​បាន​ត្រឹម​តែក្នុង​រយៈ​ពេល​​២៩​ថ្ងៃ ពី​ថ្ងៃ​១រោច​ខែ​អស្សុជ​ដល់​១៥កើត​ខែ​កត្តិក​។ បើ​ផុត​ពី​២៩​ថ្ងៃ​នេះ​ទៅ ចង់​ធ្វើបុណ្យ​មាន​លក្ខណៈ​បែប​នេះ​​ក៏​មិន​ហៅ​ថា​បុណ្យ​កឋិន​ទាន​បាន​ដែរ​។ វត្ត​នីមួយ​ៗ​ប្រារព្ធ​បុណ្យ​កឋិន​នេះ​បាន​ត្រឹម​តែ​១​ថ្ងៃ ហើយ​មាន​ភិក្ខុ​យ៉ាង​តិច​បំ​ផុត​១​អង្គ​គង់​ចាំ​វស្សា​គ្រប់​៣​ខែ​។ វត្ត​មាន​តែ​សាមណេរ​ក៏​មិន​អាច​ធ្វើ​កឋិន​បាន​ដែរ។

សព្វ​ថ្ងៃ​ ដើម្បី​សម្រប​តាម​សម័យ​កាលទំនើប អ្នក​ធ្វើ​កឋិន​បាន​ជាវ​ត្រៃ​ចីវរ​ដែល​បាន​ដេរ​ស្រាប់​នៅ​ក្នុង​ហាង​ដើម្បី​ជំនួសឱ្យ​ការ​ដេរ​ដោយ​ខ្លួន​ឯង។ ទោះ​បី​ដូច្នេះ រណ្តាប់សម្រាប់​កឋិន​ក៏​មិន​ផ្លាស់ប្តូរ​ ហើយ​ពិធី​កិច្ច​ក្រាល​គ្រង​នៅ​តែ​តាម​វិន័យ​បញ្ញត្តិ​។ ត្រៃចីវរ​​នៅ​តែ​ជា​វត្ថុ​សំខាន់បំផុត​ក្នុង​ពិធី​បុណ្យ​កឋិនទាន។ ក្រៅ​ពីត្រៃ​ចីវរ ពុទ្ធ​បរិស័ទ​នៅ​ទាំង​ប្រគេន​សម្ភារៈផ្សេងដល់ព្រះ​សង្ឃជា​ច្រើនទៀត​តាំង​ពី​​បាត្រ គ្រែ ទូ ដល់​សម្ភារៈទំនើប​ដូចទូ​ទឹក​កក ម៉ាស៊ីន​បោក​ ទូរទស្សន៍។ល។

ត្រៃចីវរនិងរណ្ដាប់សម្រាប់ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកឋិនទាន វត្តអំពូយារ ឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង)
ត្រៃចីវរនិងរណ្ដាប់សម្រាប់ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកឋិនទាន វត្តអំពូយារ ឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង)

បរិយាកាស​បុណ្យ​កឋិនទាន​ពោរពេញ​ដោយ​ភាព​សាមគ្គី ពេល​ក្បួន​ដង្ហែ​អង្គ​កឋិន​ធ្វើ​ដំណើរ ចាប់​តាំង​ពី​កុមារ​ដល់​មនុស្ស​វ័យ​ចាស់តែង​រីក​រាយ​ស្វាគមន៍​ក្បួន​ដង្ហែ​ ពេល​ខ្លះ​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​ទៅ​​កាន់​វត្ត​តែ​ម្ដង​។ ​លក្ខណៈពិសេសនៃ​ពិធី​បុណ្យ​នេះ​​របស់​វត្ត​មួយ​ចំនួន​នោះ​គឺមាន​ទីង​មោងនិង​សេះ​ដង្ហែ​តាម​ ចម្រុះ​ដោយ​សម្លេង​កង​រំពង​របស់​ក្រុម​ឆៃ​យ៉ាំ​និង​ក្រុម​របាំ។ ក្នុង​ថ្ងៃ​បុណ្យ​ បណ្តា​គ្រួ​សារ​តែង​រៀប​ចំ​​ផ្កាមាស ផ្កា​ប្រាក់​តែង​ដោយ​សន្លឹក​ប្រាក់​ដើម្បី​ប្រគេន​ដល់​វត្ត​។ លក្ខណៈពិសេស​របស់​បុណ្យ​កឋិន​ទាន​នោះ​គឺ​សទ្ធា​ជ្រះ​ថ្លា​​ចូល​រួម​ថវិកា​សម្រាប់​ប្រើ​ប្រាស់​ក្នុង​សកម្ម​ភាពកសាង​ ជួស​ជុល​វត្ត​គឺ​បច្ច័យ​កសាង អាច​មាន​តាំង​ពី​រាប់​សិប​ដល់​រាប់​រយ​លាន​ដុង​ ទៅ​តាម​លទ្ធ​ភាព​របស់​គ្រួ​សារនីមួយ​ៗ​ កត្តា​នេះ​សំដែង​ឡើង​នូវ​ចិត្តសប្បុរស​និង​ជឿ​ជាក់​លើ​ព្រះ​ពុទ្ធ​ព្រះធម៌។

ក្នុង​ស្ថានភាព​​សង្គម​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍ ពិធី​បុណ្យ​កឋិន​ទាន​នៅ​តែ​រក្សា​បាន​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ នេះ​​បាន​​បញ្ជាក់​នូវ​ការ​បន្ត​ស្នង​និង​ការ​សម្រប​នៃ​វប្ប​ធម៌​ខ្មែរ​ក្នុង​សម័យ​ទំនើប។ ទោះ​បី​ពិ​ធី​បុណ្យ​នេះ​មាន​ប្រ​ភព​ពី​​សាសនា​សុទ្ធ​សាធ តែ​បាន​ជន​រួម​ជាតិ​ខ្មែរ​ប្រារព្ធ​ដោយ​អធិក​អធម​ ហើយ​ចាត់ទុក​ថា​ជា​ពីធី​បុណ្យ​សំខាន់​ប្រចាំ​ឆ្នាំ។ ឆ្លង​តាម​ពិធី​បុណ្យ​នេះ ជន​រួម​ជាតិ​ខ្មែរ​មិន​ត្រឹម​តែ​សម្តែង​នូវ​ការ​គោរព​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​បុណ្ណោះ​ទេ​ ថែម​ទាំង​សម្តែង​នូវ​ភាព​សាមគ្គី​ក្នុង​សហគមន៍​នៃ​ជន​រួម​ជាតិ​ រួម​ចំណែក​រក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​និង​ភាពស្ថិត​ស្ថេរ​នៃ​ព្រះ​ពុទ្ធ​សាសនា។

វឌ្ឍា