ក្រុមកីឡាករទូក-ងវត្តសង្កែ កំពុងបញ្ចេញកម្លាំងហាត់សម |
តាមប្រសាសន៍លោក ឡឹមហ្វាងម៉ូវ អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង ពិធីប្រណាំងទូក-ង បានរៀបចំរៀងរាល់ឆ្នាំ ហើយបានក្លាយជាប្រពៃណី ដោយឡែកឆ្នាំនេះរៀបចំជាទ្រង់ទ្រាយតំបន់វាលរាបទន្លេគឺវឡុង។ យោងតាមនោះ ខេត្តបានអញ្ជើញបណ្ដាទូក-ងមកពីបណ្ដាខេត្ត ក្រុងក្នុងតំបន់វាលរាបទន្លេគឺវឡុងចូលរួមប្រណាំង។ ការប្រណាំងទូក-ង សុកត្រាំង តំបន់វាលរាបទន្លេគឺវឡុងនឹងប្រព្រឹត្តឡើងនៅថ្ងៃ១៤និង១៥ ខែវិច្ឆិកា នៅវេទិកាប្រណាំងទូក-ង ក្រុងសុកត្រាំង។ តាមការគ្រោងទុក នឹងមានទូក-ងបុរសនិងនារី៦០គ្រឿង ផ្នែកនារីចូលរួមអុំប្រណាំងចម្ងាយខ្សែទឹក១.០០០ម៉ែត្រ ចំណែកផ្នែកបុរសអុំប្រណាំងចម្ងាយខ្សែទឹក១.២០០ម៉ែត្រ។ ប្រណាំងទូក-ង ជាព្រឹត្តិការណ៍សំខាន់នៃពិធីបុណ្យ មានភាពទាក់ទាញប្រជាជននិងភ្ញៀវទេសចរជាច្រើននៅក្នុងនិងក្រៅប្រទេសមកទស្សនា។ ដូច្នេះ ការងាររៀបចំមុន ក្នុងពេលនិងក្រោយពីប្រណាំង ត្រូវបានត្រៀមបម្រុងពីចម្ងាយ ដើម្បីធានានូវលក្ខណ:ល្អបំផុតសម្រាប់ក្រុមកីឡាករទូក-ងដែលចូលរួម និងភ្ញៀវទេសចរមកទស្សនាកម្សាន្ត។
ព្រះតេជព្រះគុណ ថាច់វ័ន ព្រះចៅអធិការរង វត្តមុនីស្រះកែវ ឃុំឡឹមកៀក ស្រុកថាញ់ទ្រី មានថេរដីកា៖ “ឆ្នាំនេះ ពិធីប្រណាំងទូក-ងមានទ្រង់ទ្រាយធំ ដូច្នេះវត្តកៀរគរពុទ្ធបរិស័ទនិងសប្បុរសជនរួមវិភាគទាន ដើម្បីបោះទូក-ងថ្មីចូលរួមប្រណាំង។ ពេលមានទូក-ងគឺពុទ្ធបរិស័ទត្រេកអរខ្លាំងណាស់ ហើយចំនួនមនុស្សមកចូលរួមហាត់សមក៏ច្រើនកុះករ។ បន្ទាប់ពីអាក់ខានចូល រួមប្រណាំងអស់រាប់សិបឆ្នាំកន្លង នៅពេលមានទូក-ងថ្មី ក្រុមកីឡាករក៏ស្រុះស្រួលមកហាត់សមជាង១ខែមុន”។ ព្រះតេជព្រះគុណ សើុងផុង ព្រះចៅអធិការវត្តសង្កែ ឃុំទ្រឿងខាញ់ ស្រុកឡុងភូ មានថេរដីកា៖ “រៀងរាល់ឆ្នាំ វត្តតែងយកទូក-ងទៅចូលរួមអុំប្រណាំង សំដៅព្រួតដៃថែ រក្សាវិញ្ញាសាកីឡាប្រពៃណីរបស់ជនជាតិ ទោះបីឈ្នះឬចាញ់ វាមិនសំខាន់ទេ។ ឆ្នាំនេះ ការប្រណាំងទូក-ងមានទ្រង់ទ្រាយធំ វត្តបានបោះទូក-ងថ្មី ហើយក្រុមកីឡាករកំពុងមានការស្រុះស្រួលមកវត្តហាត់សម ដោយស្មារតីសាមគ្គី ស្រឡាញ់កីឡាប្រពៃណីរបស់ជនជាតិ”។
តាមប្រសាសន៍លោក ត្រឹងវ៉ាន់ឡូវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ប្រធានគណៈកម្មការរៀបចំពិធីបុណ្យពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង បានក្លាយជា “និមិត្តរូប” របស់ខេត្ត។ រៀងរាល់ឆ្នាំ មានភ្ញៀវទេសចរជាង ១០០.០០០លើកនាក់មកទស្សនាកម្សាន្ត នោះមិនទាន់រាប់ចំនួនមនុស្សដែលតាមដានតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតផង។ នេះជាឱកាសល្អសម្រាប់ឧទ្ទេសនាម ផ្សព្វផ្សាយរូបភាពមនុស្សតំបន់ដី លក្ខណៈវប្បធម៌ពិសេសដោយឡែក ក៏ដូចជាសក្ដានុភាពនិងឧត្តមភាពរបស់ខេត្តសុកត្រាំងជូនដល់មិត្តភក្ដិនៅក្នុងនិងក្រៅប្រទេស។ អាស្រ័យហេតុនេះ អនុគណៈកម្មការនៃគណៈកម្មការរៀបចំពិធីបុណ្យកំពុងប្រញឹកផ្សព្វផ្សាយផែនការអនុវត្តជាក់ស្ដែង ទៅតាមភារកិច្ចនីមួយៗ ដើម្បីនាំមកជូនប្រជាជននិងភ្ញៀវទេសចរនូវពិធីប្រណាំងទូក-ងពោរពេញដោយភាពទាក់ទាញអារម្មណ៍ ដិតដាមដោយវប្បធម៌ប្រពៃណីរបស់ជនជាតិ៕
លីធាន - ថាច់ធី
កាសែតកឹងធើ Online
Thông tin bạn đọc
Đóng Lưu thông tin