ពិធីដង្ហែក្បូនប្រទីបតាមភូមិស្រុក។ |
មុននេះ គេច្រើនយកដើមចេកគួបចូលគ្នាធ្វើជាប្រទីប។ ក្រោយមកដោយជីវភាពរបស់មាមីងខ្មែរមានភាពធូរធារ ក្បូនបណ្តែតប្រទីបបានធ្វើដោយឈើ ឫស្សី ពក ក្រដាសពណ៌និងផ្ទាំងស្នោរ។ ដោយមានវត្ថុធាតុទាំងនោះ មាមីងខ្មែរបានច្នៃប្រឌិតតុបតែងបន្ថែមក្បូរក្បាច់រចនាយ៉ាងល្អប្រណីតមានរាងដូចព្រះវិហារ នាគឬផ្កាឈូក។ល។
ជនរួមជាតិខ្មែរបានដង្ហែប្រទីបទៅតាមភូមិស្រុកនិងមានស្គរឆៃយ៉ាំនិងមានស្វា យក្សហែតាមផង។ ពេលយប់មាមីងបានប្រមូលផ្តុំឈរនៅមាត់ព្រែកដើម្បីបណ្តែតប្រទីប។ ពន្លឺចែងចាំងពីប្រទីបបង្កជាទស្សនីយភាពគួរឱ្យគយគន់។ ប្រទីបបានបណ្តែតតាមខ្សែទឹក នេះមិនត្រឹមតែសម្តែងនូវការគោរពចំពោះព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះទេ ថែមទាំងបួងសួងសូមឱ្យបាបគ្រោះទាំងឡាយវិនាសតាមខ្សែទឹក។
ពិធីបណ្តែតប្រទីបទាក់ទងជាមួយប្រវត្តិជំនឿក្នុងព្រះពុទ្ធសាសនា។ ថ្ងៃមួយ ជាទេសកាលមានភ្លៀងព្យុះបោកបក់ កួចយកសំបុកសត្វក្អែកធ្លាក់ចុះទៅក្នុងសមុទ្រ។ លុះពេលល្ងាច ក្អែកញីឈ្មោលហើរត្រឡប់មកពីរកចំណីវិញ ស្រាប់តែបាត់សំបុកព្រមទាំងពង ហើយឃើញស្នាមបាក់រប៉ាត់រប៉ាយ ក្អែកសញីឈ្មោលនោះ ក៏វិយោគបោកខ្លួនព្រោះស្ដាយស្រណោះពង ទាល់តែស្លាប់ទាំងគូទៅ ហើយក្អែកឈ្មោលបានទៅកើតជាព្រះឥន្ទ្រាធិរាជនិងក្អែកញីបានកើតជាអគ្គមហេសីព្រះឥន្ទនៅនាត្រៃត្រិង្សសួគ៌ទេវលោក ។
និយាយអំពីពងក្អែកទាំង៥ ដែលធ្លាក់ទៅក្នុងទឹក ហើយត្រូវខ្សែទឹកហូរនាំយកទៅនោះ ក៏បានសត្វមាន់ ស្ដេចនាគ អណ្ដើក គោ និង ខ្លា បានរើសម្នាក់មួយយកទៅបីបាច់ថែរក្សា នៅទីអាស្រ័យរៀងៗខ្លួន ។
លុះទារកទាំង៥នោះធំដឹងក្តីក៏មានចិត្តគិតឃើញរៀងខ្លួនថា ”ខ្លួនអញជាមនុស្សសោះចុះហេតុអ្វីបានជាមាតាបិតាសុទ្ធតែជាសត្វដូច្នេះ“។ គិតសព្វគ្រប់ហើយ ទើបរកមធ្យោបាយរៀងៗខ្លួន លាបិតាមាតាចិញ្ចឹម ដើម្បីដើរស្វែងរករៀនសិល្បវិជ្ជា សន្សំកុសលកសាងពុទ្ធភូមិ រៀងៗខ្លួន ។ សត្វជាអាណាព្យាបាលទាំង៥មានបណ្ដាំតែមួយដូចគ្នាថា ”បើកូនចេញទៅធ្វើការកសាងពុទ្ធភូមិបានសម្រេចនៅថ្ងៃណា វេលាណា យើងសូមផ្ញើឈ្មោះរបស់យើងឲ្យនៅជាប់នឹងឈ្មោះអ្នកផង “។ ព្រោះហេតុនោះ បានជាក្នុងភទ្ទកប្បយើងនេះ មានព្រះពុទ្ធ៥ព្រះអង្គ ទ្រង់ព្រះនាមថា ”កកុសន្ធោ (មាន់) កោនាគមនោ (នាគ) កស្សបោ (អណ្ដើក) គោតមោ (គោ) អរិយមេត្តេយ្យោ (ខ្លា)“ ។
មានថ្ងៃមួយ ព្រះឥន្ទព្រមទាំងអគ្គមហេសីដែលជាមាតាបិតាដើម ក៏និម្មិតខ្លួនជាក្អែកសញីឈ្មោល ហើរមកទំលើមែកឈើជិតនោះ ហើយសារសព្ទប្រាប់មាណពទាំង៥ឲ្យបានជឿប្រាកដថា "ខ្លួននេះឯងហើយ ជាមាតាបិតា" ។ មាណពទាំង៥ក៏លុតជង្គង់ថ្វាយបង្គំ ថ្លែងសេចក្ដីសោកស្ដាយការមិនអាចទំនុកបម្រុងឪពុកម្ដាយនោះ។ គូក្អែកស បានផ្ដាំពួកកូនថា "បើកូនរាល់គ្នា រលឹកអាល័យយើង ហើយចង់បូជាអ្វីដល់យើង ចូរកូនគូសខ្វែងជើងក្អែកនៅគ្រប់វត្ថុដែលជាសំណែននោះហើយឧទ្ទិសឲ្យយើងទៅ យើងនឹងទទួលបានមិនខានឡើយ" ថាតែប៉ុណ្ណេះគូក្អែកសក៏អន្តរធានបាត់ទៅ។
មាណព្វទាំង៥បានចាំបណ្ដាំហើយក៏នាំគ្នាទៅរករៀនសិល្បវិជ្ជា បួសជាតាបស ចម្រើនព្រតក្នុងព្រៃ ខាងក្រោយមកក៏នាំគ្នាធ្វើបុណ្យសុន្ទរ៍ទានរំលឹកគុណតាមបណ្ដាំនោះជាដរាប ព្រមទាំងគូសខ្វែងជើងក្អែកនៅលើវត្ថុជាសំណែន សែនរួចបណ្ដែតតាមខ្សែទឹកហូរទៅ ដើម្បីបូជាក្អែកសញីឈ្មោលរហូតជាប់ជាទំនៀមបណ្តែតប្រទីបមកដល់សព្វថ្ងៃនេះ ។ ប៉ុន្តែតាមមតិអ្នកស្រុកខ្លះអះអាងថា "គេធ្វើពិធីបណ្ដែតប្រទីបនេះ ដើម្បីឧទ្ទិសបូជាដល់ស្នាមព្រះពុទ្ធបាទនិងព្រះចង្កូមកែវ ដែលប្រតិស្ថាននៅនាពិភពនាគ ។
ប្រទីបត្រៀមបំរុងហែរទៅតាមស្រុកភូមិ |
តាមសង្ឃដីការបស់ព្រះតេជគុណលីវមិញធ្វឹង នៅវត្តព្រែកអណ្តើក ឃុំថាញ់ភូ ស្រុកមីស្វៀង មាមីងខ្មែរចាត់តាំងពិធីបណ្តែតប្រទីបដើម្បីសម្តែងនូវការដឹងគុណព្រះគង្គា ពិសេសគឺសម្រាប់ទ្រទ្រង់ជីវភាពនិងកសិកម្ម។ ទឹកបានចាត់ទុកថាជាជីវិតរបស់មនុស្ស។ ទន្ទឹមនោះ ពិធីនេះនៅទាំងបានមាមីងខ្មែរប្រារព្ធឡើងដើម្បីខមាទោសចំពោះព្រះធរណីនិងព្រះគង្គា។ យល់ឃើញថា ក្នុងពេលប្រជុំជីវភាពនិងពលកម្មតែងប៉ះពាល់មិនគាប់បីលើព្រះធរណីនិងព្រះគង្គានិងធ្វើឱ្យកខ្វក់បរិស្ថាន។ អាស្រ័យហេតុនោះ ពិធីបណ្តែតប្រទីបជាឱកាសដើម្បីធ្វើកិច្ចខមាទោស សម្តែងនូវក្តីអំណរគុណនិងសូមឱ្យព្រះធរណីនិងព្រះគង្គាអហោសិកម្មទាំងអំបាលម៉ានហើយជួយបីបាច់ថែរក្សាឱ្យបានសុខក្សេមក្សាន្ត។
ពិធីបណ្តែតប្រទីបមិនត្រឹមតែជាពិធីកិច្ចក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងប្រកបដោយតម្លៃមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ។ មាមីងខ្មែរយល់ច្បាស់ពីតួនាទីយ៉ាងសំខាន់របស់ធម្មជាតិ ពិសេសគឺទឹកនិងដី។ ដីជាកន្លែងរស់នៅនិងសម្រាប់ធ្វើការង្កបង្កើនផល ចំណែកទឹកនាំមកនូវភាពរស់នៅចិញ្ចឹមជីវិតនិងធ្វើស្រែចំការ។ ពិធីនេះជាកិច្ចសម្រាប់មាមីងខ្មែរសម្តែងនូវការដឹងគុណចំពោះធម្មជាតិនិងរំលឹកដល់យើងទាំងឡាយពីសារសំខាន់នៃការការពារបិស្ថាននិងរស់នៅគប្បីសម្របខ្លួនជាមួយបរិស្ថាន។
នេះជាឱកាសសម្រាប់មាមីងខ្មែរសម្តែងនូវស្មារតីសាមគ្គី ផ្សារភ្ជាប់ជាមួយគ្នា។ ការចូលរួមពិធីនេះតាំងពីចាស់ដល់ក្មេងនៅក្នុងសហគមន៍ មិនត្រឹមតែរួមចំណែកអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជួយបង្កលក្ខណៈសម្រាប់ស្នងបន្តដល់ជំនាន់ក្រោយ។
ពិធីបណ្តែតប្រទីបរបស់ជនរួមជាតិខ្មែរនៅណាមបូជាលក្ខណៈវប្បធម៌ដ៏ពិសេស សម្តែងនូវការផ្សារភ្ជាប់ក្នុងជំនឿសាសនានិងជីវភាពប្រចាំថ្ងៃ។ ទន្ទឹមនោះ ការលើកតម្កើងបណ្តាតម្លៃវប្បធម៌ប្រពៃណី ពិធីបណ្តែតប្រទីបក៏បានផ្តល់នូវក្តីសង្ឃឹមក្នុងអនាគត-ពន្លឺភ្លឺចិញ្ចាចពីប្រទីបមិនត្រឹមតែជាពន្លឺបំភ្លឺជំនឿផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងឆ្លុះបំភ្លឺក្តីប្រាថ្នាពីជីវភាពប្រកបដោយសុភមង្គលនិងវិបុលភាពក្នុងអនាគត។
វឌ្ឍា-សុផល
Thông tin bạn đọc
Đóng Lưu thông tin