យុវតីជក់ចិត្តនឹងក្បាច់រាំជនជាតិ

17:01, 10/10/2024

ក្នុង​ជីវភាព​សម័យ​ទំ​នើប​ បណ្តាតម្លៃ​វប្បធម៌​ប្រពៃ​ណី​បន្តិច​ម្តងៗ​បាន​សាប​រលាប​ក្នុងភ្នែកយុវវ័យ​។ ​ថ្វីដ្បិត​តែដូច្នេះ​ ក៏​នៅ​តែ​មាន​អ្នកស្ម័គ្រ​ចិត្ត​ ប្តេជ្ញា​ក្នុង​ការ​អភិរក្ស​និង​ពង្រីក​ភាព​ល្អស្អាត​នៃ​វប្បធម៌​ជន​ជាតិ​។ ​ យុវតី​ឡឹម​ធី​ហូវ ​នៅ​ឃុំ​តឹង​ហ៊ឹង ស្រុក​ឡុង​ភូ​(សុក​ត្រាំង)​ មិន​ត្រឹម​តែ​ជា​អ្នក​បង្រៀន​ក្បាច់​រាំប្រពៃណី​របស់​ជន​ជាតិ​ខ្មែរ​ដល់ប្អូនៗកុមារ​ប៉ុណ្ណោះ​ទេ ​នៅ​ទាំងជួយបណ្តុះ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ស្រ​ឡាញ់​វប្បធម៌​ជន​ជាតិ​។ ​ជា​មួយ​ការ​ស្ម័គ្រ​ចិត្ត​និងសេច​ក្តី​ស្នេហាយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សិល្បៈ​រាំ​ប្រ​ពៃណី​ ហូវក្លាយជាប្រភពជក់អារម្មណ៍ដល់​អ្នក​រាល់​គ្នា​ ពិសេស​យុវ​វ័យ​ជំនាន់​ក្រោយ​ក្នុង​សហគមន៍​ខ្មែរ​។

ឡឹមធីហូវជក់ចិត្តជាមួយក្បាច់រាំជនជាតិ
ឡឹមធីហូវជក់ចិត្តជាមួយក្បាច់រាំជនជាតិ

តាំង​ពីនៅ​វ័យ​ក្មេង ការ​ជក់​ចិត្ត​ក្បាច់​រាំបានដក់​ជាប់​ក្នុង​ចិត្ត​របស់​ឡឹម​ធីហូវ​។​ ហូវ​រៀប​រាប់៖ ​ខ្ញុំ​ចូល​ចិត្ត​ក្បាច់​រាំតាំង​ពី​តូច​ កាល​នៅ​ជា​សិស្ស​សា​លា​អន្តេ​វា​សិក​ សា​លា​បាន​អញ្ជើញ​ពូ​មីង​នៅ​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​មកបង្រៀន​និង​ណែ​នាំ​អំ​ពី​ក្បាច់​រាំ​ តាំង​ពី​នោះ ​ខ្ញុំ​កាន់​តែ​ស្រ​ឡាញ់​ចូល​ចិត្ត។​ ហូវ​បាន​សម្រេច​ចិត្ត​បន្ត ​ពេល​ដែល​ប្អូនប្រឡង​ជាប់​ផ្នែក​គ្រប់​គ្រង​វប្បធម៌​សិល្បៈ​នៅ​មហា​វិទ្យា​ល័យ​វប្បធម៌​ទី​ក្រុង​ហូ​ជី​មិញ។ ​នេះ​ជា​ជំហាន​ដំបូង ​សម្រាប់​ហូវ​ក្រេប​យក​ចំណេះ​ដឹង​ជំនាញ​ដើម្បី​សម្រេច​ក្តី​សុបិន​សាយភាយសេចក្តី​ស្នេ​ហា​ជា​មួយ​នឹង​ក្បាច់​រាំ​ជន​ជាតិ​។​ ក្នុង​ពេល​សិក្សា​នៅ​សា​លា​ហូវ​តែង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​វប្បធម៌​សិល្បៈ​នៃ​វគ្គ​និង​សា​លា ​ពិសេស ​គឺ​បណ្តាព្រឹត្តិ​ការណ៍​ទាក់​ទង​នឹង​វប្បធម៌​ខ្មែរ​។ ​ជា​មួយ​ទេព​កោសល្យ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​មិនបង្អង់ ​ហូវ​មាន​ឱកាស​សម្តែង​និង​ចាត់​តាំង​ច្រើនកម្ម​វិធី​សិល្បៈ​​ដែល​ពោរ​ពេញ​ដោយ​វប្បធម៌​ជន​ជាតិ​។

បន្ទាប់​ពីបញ្ចប់​ការ​សិក្សា​ ហូវ​បាន​វិលមក​ស្រុក​កំណើត​និង​ចាប់​ផ្តើម​បង្រៀន​រាំ​ឱ្យប្អូនៗ​កុមារ​នៅ​ជិត​ផ្ទះ​ បន្ទាប់​មកបាន​សុំ​ការ​អនុញ្ញាត​ពីព្រះ​ចៅ​អធិ​ការ​វត្ត​បឹង​ក្រចាប់​ថ្មី​បង្រៀន​ដល់​ប្អូនៗ​នៅ​ក្នុង​​វត្ត។ រាល់​វីដេអូ​បង្រៀន​រាំរបស់​ហូវបង្ហោះ​លើ​បណ្តាញ​សង្គម​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ក្នុង​សហគមន៍​។ ហូវ​បាន​អញ្ជើញ​ទៅ​បង្រៀន​នៅ​ច្រើន​កន្លែង ​អាស្រ័យ​ហេតុ​នេះ ​ទើបហូវបាន​អ្នក​រាល់​គ្នា​ស្គាល់​កាន់​តែ​ច្រើន។ ​បណ្តា​ថ្នាក់​រៀន​របស់​ហូវ​ បាន​បង្កើត​ក្រុម​រាំ​ដែល​អាច​សម្តែង​បម្រើ​សហគមន៍​និង​ព្រឹត្តិការណ៍​នានា។

ក្នុង​ការបង្រៀន​របស់​ខ្លួន ​ហូវ​បណ្តុះឱ្យ​ក្មេង​ជំនាន់​ក្រោយ​ជា​ច្រើន គំរូ​គឺ​ប្អូន​ហ្វិញ​ថាវ​ញឺ ​ជា​សិស្ស​នៅ​ក្រុម​រាំ​វត្ត​បឹង​ក្រចាប់​ថ្មី​ចែក​រំលែក៖ មូល​ហេតុ​ដែល​ប្អូន​ចូល​រួម​ក្រុម​រាំ​ដោយ​សារ​ប្អូនជក់​ចិត្ត​តាំង​ពីតូច។​ ពេលដឹង​​អ្នក​គ្រូ​ឡឹម​ធី​ហូវ​បង្រៀន​រាំ ​ប្អូន​ក៏​ចុះ​ឈ្មោះ​ចូល​រួម​រៀនក្បាច់​រាំ​ប្រពៃណីរបស់​ជន​ជាតិ​។ ​អ្នក​គ្រូហូវ​មានភាពជិតស្និទ្ធ ​ស្រឡាញ់​ប្អូនៗ​និង​តែង​បង្រៀន​អស់​ពីចិត្ត​ តែង​បង្ក​បរិកាស​សប្បាយ​រីក​រាយ​ក្នុង​រាល់​ពេលម៉ោង​រៀន​។

ការ​ចែក​រំលែក​របស់​ហ្វិញ​ថាវ​ញឺ​ មួយ​ផ្នែក​ណាបង្ហាញនូវ​សេច​ក្តី​ស្រឡាញ់​ដែល​សិស្ស​គ្រប់រូបផ្តល់​ចំពោះ​ឡឹម​ធីហូវ។​ ហូវ​មិន​ត្រឹម​តែ​ជាអ្នក​បង្រៀន​សិល្បៈ​រាំ​ប៉ុណ្ណោះ​ទេ ​នៅ​ទាំង​ជា​អ្នក​បណ្តុះឱ្យ​ក្មេងៗ​ជន​រួម​ជាតិ​ខ្មែរ​ជំនាន់​ក្រោយ​ពីក្តី​មោទនៈ​​ជន​ជាតិ​អំពីតម្លៃ​វប្បធម៌​របស់​ជន​ជាតិ​។

ក្រុមរាំវត្តសោភ័ណរង្សីបឹងក្រចាប់ថ្មីបានបង្កើឡើងដោយឡឹមធីហូវ
ក្រុមរាំវត្តសោភ័ណរង្សីបឹងក្រចាប់ថ្មី បានបង្កើតឡើងដោយឡឹមធីហូវ

ទោះ​បី​ជា​មមា​ញឹក​ជា​មួយ​ការ​ងារ​នៅ​ស្ថាប័ន​ ហូវ​នៅ​តែ​ឆ្លៀត​រាល់ពេល​រសៀល​ដើម្បី​បង្រៀន​រាំ​នៅ​វត្ត​នា​នា​ក្នុង​ខេត្តសុក​ត្រាំង​និង​ចុង​សប្តាហ៍​ទៅ​បង្រៀន​នៅ​ខេត្ត​អាង​យ៉ាង​។​ មួយ​វគ្គ​បង្រៀន​រាំ​ប្រពៃណី​ធម្ម​តា​មាន​រយៈ​ពេល​ពី​១០-១៥​ពេល​។ ហូវ​បាន​ចែក​រំលែក​ថា ​បច្ចុប្បន្ន​ សហគមន៍​ខ្មែរ​មាន​ច្រើន​ក្រុម​រាំ​​បាន​បង្កើត​ឡើង​ដែល​បង្ហាញ​ថា​ការ​អភិរក្ស​វប្បធម៌​កំពុង​សាយភាយ​នៅ​គ្រប់​ទី​កន្លែង​។​ ប៉ុន្តែ​អ្វី​ដែល​ហូវសង្ឃឹម​បំផុត​ គឺ​បង្ក​ឱកាស​សម្តែង​ឱ្យ​បាន​ច្រើន​សម្រាប់​ប្អូនៗ​ដើម្បី​បង្ហាញ​ពី​ទេព​កោសល្យ​និង​អភិវឌ្ឍ​ក្តី​ជក់​ចិត្ត​របស់​ខ្លួន​។

ហូវ​ចែក​រំលែក​បន្ថែម៖​ ខ្ញុំ​ជឿ​ជាក់​ថា ​ប្រ​សិន​បើ​យុវវ័យ​គ្រប់​រូប​យល់ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អភិរក្ស​វប្បធម៌​ជន​ជាតិ​មិន​ត្រឹម​តែ​ក្បាច់​រាំ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​តម្លៃ​ប្រពៃណី​ណា​មួយ​ក៏​បាន​អភិរក្ស​និង​ពង្រីក។

ជា​មួយ​ទឹក​ចិត្ត​ស្រឡាញ់​សិល្បៈ​និង​ការ​លះ​បង់​មិន​ចេះ​នឿយ​ហត់ ​ឡឹម​ធី​ហូវ​បាន​និង​កំពុង​រួម​ចំណែក​ក្នុង​ការអភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​។​  បណ្តា​ថ្នាក់​រៀន​រាំ​របស់​ហូវ មិន​ត្រឹម​តែ​ផ្ទេរលទ្ធភាព​ប៉ុណ្ណោះ​ទេ​  នៅ​ទាំង​ ​បណ្តុះ​ដល់​សិក្ខាកាម​នូវ​ក្តី​មោទន​ភាព​ពីវប្បធម៌​ជន​ជាតិ ​ជួយ​ប្អូនៗ​ឱ្យ​ក្លាយ​ជា​អ្នក​ស្នង​បន្ត​និង​ផ្សព្វ​ផ្សាយ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​៕

វឌ្ឍា-លីហាន់​