រូបមករបានឆ្លាក់តុបតែងជាគ្រឿងលម្អតាមបង្កាន់ដៃជណ្តើរ |
ពេលនិយាយអំពីសត្វមករ ប្រហែលជាគេដឹងតិចជាងបើប្រៀបជាមួយសត្វនាគ។ ក្នុងស្ថាបត្យកម្មតាមវត្តអារាមខ្មែរ ភាគច្រើនសត្វមករនិងសត្វនាគតែងបានគេចម្លាក់ភ្ជាប់ជាមួយគ្នា ចម្លាក់នាគឬមករតែឯងគឺមានតិចតួចណាស់។ តាមមហាបរិញ្ញាយ័ញមេន-គ្រូបង្រៀនសាលាមធ្យមសិក្សាបាលីណាមបូឱ្យដឹង៖ ពាក្យថាមករគឺជាពាក្យមកពីភាសាសំស្រឹ្កត មានន័យថា ក្រពើឬនាគបាននិយាយនៅក្នុងទេវកថានិងគម្ពីរវេទរបស់ព្រហ្មញ្ញសាសនា មករជាសត្វមានដងខ្លួនស្រដៀងនឹងសត្វនាគ ត្រចៀកដូចត្រចៀកជ្រូក ធ្មេញដូចធ្មេញក្រពើ ប្រមោយដូចដំរី ស្រកាត្រី កន្ទុយក្ងោក។ល។ សត្វមករនេះកើតចេញពីសសៃសក់របស់ព្រះនាងគង្គាហើយក៏ជាពាហនៈរបស់ព្រះនាងគង្គាដែរ។ សត្វនេះមានឫទ្ធិដ៏ខ្លាំងក្លាអាចលេបសត្វផ្សេងៗទៀតដូច នាគ គ្រុឌ និងពួកទេវ ក្នុងលោកនេះគ្មាននរណាអាចយកជ័យជម្នះលើសត្វនេះឡើយ។ ក្រោយរយៈពេលប្រយុទ្ធជាច្រើនថ្ងៃ ព្រះសិវៈក៏បង្ក្រាបបានសត្វមករ ហើយសត្វមករក៏ខ្ជាក់សត្វដែលខ្លួនបានលេបចូលទៅក្នុងពោះនោះចេញមក ក្នុងនោះមានសត្វនាគ អាស្រ័យរឿងនេះ ទើបជនរួមជាតិខ្មែរតែងចម្លាក់រូបសត្វមករកំពុងខ្ជាក់នាគជាដរាប។
សត្វមករតែងបានគេចម្លាក់ដោយលក្ខណៈសម្បូណ៌បែប ដោយការរួមផ្សំរវាងលក្ខណៈរបស់សត្វដទៃ។ ពេលខ្លះមានជើងដូចសត្វក្រពើ ពេលខ្លះមានតួខ្លួនដូចនាគឬក្រពើ។ រូបចម្លាក់ខ្លះទៀតសត្វមករនេះគ្មានជើងក្នុងសណ្ឋានកំពុងខ្ជាក់នាគចេញពីមាត់ តាមវត្តខ្មែរនៅណាមបូ រូបចម្លាក់សត្វមករបានគេឆ្លាក់ភាគច្រើនគ្មានប្រមោយដូចដំរីដែលបានពណ៌នានៅក្នុងរឿងទេវកថាឡើយ។
រូបមករនិងនាគបានឆ្លាក់ដាក់លើស៊ុមបង្អួច |
តាមមហាបរិញ្ញាហឿសានី-អនុប្រធានផ្នែកវប្បធម៌ជនជាតិភាគតិចនៃសកលវិទ្យល័យវប្បធម៌ទីក្រុងហូជីមិញ៖ តាមទស្សនៈរបស់ជនជាតិខ្មែរ រូបភាពសត្វដែលសត្វមករខ្ជាក់ចេញតំណាងឱ្យវិបុលភាពនិងសម្បូណ៌រុងរឿង។អាស្រ័យហេតុនោះ នៅតាមបណ្តាសំណង់ស្ថាបត្យកម្មនៃពុទ្ធសាសនាខ្មែរ យើងតែងបានជួបប្រទះរូបភាពសត្វមករកំពុងខ្ជាក់ពួកសត្វ ជាពិសេសគឺសត្វនាគ។ ពេលខ្លះគេឆ្លាក់លៀនរូបសត្វមករតែឯងលើស៊ុមបង្អួចចម្រុះដោយក្បូរក្បាច់ផ្កាភ្ញីផ្សេងៗ ធ្វើឱ្យគេយល់ច្រឡំថានោះគឺជារូបរាហ៊ូ។ រូបសត្វមករតែងបានចម្លាក់ដាក់លើដំបូលសំណង់ក្នុងវត្តដូចព្រះវិហារ សាលា ឬបង្កាន់ដៃជណ្តើរ ដងទង់។ល។
វត្តមានរូបចម្លាក់របស់សត្វមករមិនត្រឹមតែមានតម្លៃក្នុងការរចនាលម្អ នៅទាំងមានអត្ថន័យលើជំនឿផ្លូវចិត្ត បានចាត់ទុកថាជាការការពារលើស្ថាបត្យកម្មហើយនាំមកនូវសេចក្តីសុខ វិបុលភាពនិងសម្បូណ៌រុងរឿង ជាងនោះទៀតរូបចម្លាក់សត្វមករថែមទាំងរួមចំណែក្នុងការរក្សាលក្ខណៈពិសេសរបស់ជនជាតិខ្មែរនៅណាមបូ។
វឌ្ឍា-សុផល
Thông tin bạn đọc
Đóng Lưu thông tin