បណ្តាសិប្បករជក់ចិត្តសិល្បៈវប្បធម៌ខ្មែរ

06:39, 02/09/2024

  ក្នុង​ចំ​ណោម​សិប្បករ​ដែល​ជក់​ចិត្ត​​សិល្បៈ​វប្បធម៌​ក្នុង​ការ​គូរ​គំ​នូរ​​ចម្លាក់​នៅ​សុក​ត្រាំង​ បច្ចុប្បន្ន​មាន​អ្នក​វ័យ​ក្មេង​ជា​ច្រើន​គួរ​ឱ្យ​ស្ងើច​សរ​សើរ​។ សិប្បការិនី​ស៊ើង​សា​ធា​និង​សិប្បករ​ត្រឹង​ភឿង​ជា​គំ​រូ​ឆ្នើម​​ព្រោះ​មាន​ការ​ច្នៃ​ប្រ​ឌិត​នូវ​វណ្ណ​កម្ម​ដ៏​វិសេស​វិសាល​ បាន​ព្រះ​សង្ឃ​និង​មា​មីង​ខ្មែរ​ស្រឡាញ់​ចូល​ចិត្ត​។​

សិប្បការិនីស៊ើងសាធាកំពុងគូរគំនូរនៅវត្តបទុមសាគរបឹងភ្នៀត ភូមិបឹងប៊ូយ ឃុំលីវទូស្រុកត្រឹងដេ(សុកត្រាំង)
សិប្បការិនីស៊ើងសាធាកំពុងគូរគំនូរនៅវត្តបទុមសាគរបឹងភ្នៀត ភូមិបឹងប៊ូយ ឃុំលីវទូស្រុកត្រឹងដេ(សុកត្រាំង)

សិប្ប​ការិនី​ស៊ើង​សា​ធា​កើត​និង​ធំ​ដឹង​ក្តី​ក្នុងគ្រួ​សារ​​មាន​ប្រពៃណី​សិល្បៈ​គូរ​​គំ​នូរ​ចម្លាក់​នៅ​អនុ​សង្កាត់​៥​សង្កាត់​ទី​២​ទី​ក្រុង​សុក​ត្រាំង​(សុក​ត្រាំង)​។​ ពេល​អាយុ​ទើប១៤​ឆ្នាំ ​បង​ស្រី​ស្នង​បន្ត​របរ​ពី​ជី​តា​គឺ​សិប្បករ​លី​ង៉ែត​ ឃុំ​ភូមី​ស្រុក​មី​ទូ​ជា​សិប្ប​ករ​ជំ​នាញ​ខាង​សិល្បៈ​គំនូរ​ចម្លាក់​ដ៏​ល្បី​ឈ្មោះ​ទូ​ទាំង​ខេត្ត​ក្រុង​នៅ​ណាម​បូ។ សិប្បការិនី​ស៊ើង​សា​ធា​ឱ្យ​ដឹង​៖​ ដំ​បូង​ទៅ​តាម​ជី​តា​ បាន​ជី​តា​បង្រៀន​ពី​រ​បៀប​​លាយ​ថ្នាំ​​​លាប​ ​បន្ទាប់​មក​រៀន​ពី​រ​បៀប​រៀប​ចំ​ឆាក​និង​ឱ្យ​រៀន​គូរ​លើក​ដំ​បូង​បាន​ជី​តា​បង្រៀន​គូរ​ភ្នែក​ មាត់​ ច្រមុះ​និង​បង្រៀន​ពី​រ​បៀប​ផ្គួបរូប​ធ្វើ​យ៉ាង​ណា​ឱ្យសមភ្នែក…ពេល​​ជី​តា​ទទួល​អនិច្ច​កម្ម​ ក្រៅ​ពី​ការ​បង្រៀន​​ផ្ទាល់​ ​ជី​តា​នៅ​ទាំង​បាន​បន្សល់​ទុក​​សៀវ​ភៅ​កត់​ត្រា​គ្រប់​ប្រ​ភេទអំពី​​គំ​នូរ​ក្បូរ​ក្បាច់​ខ្នាត​គំ​រូ​ បច្ចេក​ទេស​គូរ​ ក្បូរ​ក្បាច់​របស់​វត្ត​ទក្ខិណ​និ​កាយ​ខ្មែរ​។​ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​បាន​ខិត​ខំ​រៀន​សូត្រ​ស្រាវ​ជ្រាវ​ស្វែង​យល់​បន្ថែម​ពី​ម្តាយ​ ពូ តាំង​ពី​នោះ​ ថ្វី​ដៃ​ជំ​នាញ​បាន​កែ​លម្អ​យ៉ាង​ឆាប់​រហ័ស​។ ឆ្នាំ​១៩៩៥​សិប្ប​ការិនី​សា​ធា​បាន​រៀប​ការ​ជា​មួយ​បុរស​ម្នាក់​ក៏​ស្រឡាញ់​សិល្បៈ​គំ​នូរ​ចម្លាក់​ដូច​គ្នា​គឺ​បង​ឡឹម​ភឿង​នៅ​ស្រុក​ត្រឹង​ដេ​(សុក​ត្រាំង) ដល់​ឆ្នាំ​១៩៩៦​ ប្តី​ប្រពន្ធ​សិប្បការិនី​សា​ធា​បាន​​ព្រះ​​សង្ឃ​​វត្ត​​នា​នា​អញ្ជើញ​ឆ្លាក់​និង​គូរ​រូប​ព្រះ​ពុទ្ធ​ដោយ​យោងតាម​​រឿង​​ដ៏​រស់​រ​វើក​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​។ ជា​​មួយ​​ការ​ប៉ិន​ប្រ​សប់​ បណ្តា​វណ្ណ​កម្ម​ដែល​បាន​ធ្វើ​ឡើង​ដោយ​​ប្តី​ប្រ​ពន្ធ​បង ​​ ​បាន​ព្រះ​សង្ឃ​ ព្រះចៅ​អធិការ​វត្ត​គ្រប់អង្គ​​ស្ងើច​​សរ​សើរ​។ ក្នុង​ចំ​ណោម​​នោះ​ មាន​បណ្តា​វត្ត​ខ្មែរ​បាន​អនុវត្ត​តាម​រឿង​“ព្រះវេស្សន្តរ សុវណ្ណាសាម” “ពុទ្ធប្រវត្តិពីប្រសូតដល់បរិនិព្វាន” តាម​វត្ត​នា​នា​ដូចៈ វត្ត​មជ្ឈិ​មារាម​ជ្រោយ​ទឹម​​ចាស់​ នៅ​សង្កាត់​ទី​១០​(ទី​ក្រុង​សុក​ត្រាំង) វត្ត​បទុម​សាគរ​បឹង​ភ្នៀត​ វត្ត​គម្ភី​សាគរ​ដង​ក្តោង​ វត្ត​សិរី​ពោធិ​ដើម​ពោធិ៍​(ត្រឹង​ដេ) វត្ត​ព្រ​លាន​មាន​ជ័យ  ​វត្ត​វិជ្ជារាម​តា​គុជ​ចាស់​(ចូវ​ថាញ់)​វត្ត​អម្ព​វនារាម​ដៃ​តា​សួស្តិ៍​(មី​ទូ) វត្ត​សិ​រី​មុនី​សង្កែ​(ឡុង​ភូ) វត្ត​អូ​រជុំ​អា​រាម​ព្រែក​ចេក​(ទី​រួម​ខេត្ត​ង៉ា​ណាំ)​ និង​វត្ត​ខ្មែរ​មួយ​ចំនួន​នៅ​ខេត្ត​គៀង​យ៉ាង​ ត្រា​វិញ កឹងធើ។ វណ្ណកម្ម​ទាំង​អស់នោះ​គឺ​​ជា​សក្ខី​ភាព​ បញ្ជាក់​ពី​ការ​ផ្ចិត​ផ្ចង់​ក្នុង​ការ​ឆ្លាក់​និង​គូរ​របស់​ប្តី​ប្រពន្ធ​សិប្ប​ករ​ដែល​មាន​ទេព​កោ​សល្យ។​ ព្រះ​តេជគុណ​ស៊ើង​​បែ​-​ព្រះ​ចៅ​អធិការ​វត្ត​បឹង​ភ្នៀត​ ឃុំ​លីវ​ទូ​ ស្រុក​​ត្រឹង​ដេ​មាន​សង្ឃ​ដីកា​៖​ ពេល​កសាង​​​​សំ​ណង់ ​ព្រះ​សង្ឃនិង​គណៈ​កម្មការ​វត្ត​តែង​​អញ្ជើញ​សិប្បកា​រិនី​ស៊ើង​សា​ធា​មក​គូរ​គំ​នូរ​ព្រះ​វិហារ​ ឧបដ្ឋាន​សា​លា​ កុដិ… ហេតុ​​នេះ​ព្រះ​សង្ឃ​និង​គណៈ​កម្មការ​វត្ត​មាន​ការ​ពេញ​ចិត្ត​យ៉ាង​​ខ្លាំង​។ ពី​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​​សិប្បកា​រិនី​​​សា​ធា​​បាន​​បង្ហាញ​​បណ្តា​​វណ្ណកម្ម​​ដ៏​រស់​​រ​វើក ​ទាក់​ទាញ​​ក្បាច់​​​រចនា​ស្ថា​បត្យ​កម្ម​តាម​​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ។​

បងត្រឹងភឿង (ខាងស្តាំ) ឈរក្បែររានទេវតាដែលទើបសម្រេច
បងត្រឹងភឿង (ខាងស្តាំ) ឈរក្បែររានទេវតាដែលទើបសម្រេច

បណ្តា​សម្ភារៈ​ដូច ខ្សាច់ ស៊ីម៉ងត៍​ ដែក ថ្នាំលាប… ឆ្លង​តាម​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​របស់​សិប្បករ​ត្រឹង​ភឿង​ នៅ​ភូមិ​តឹមភឿក​ ឃុំ​ដាយ​តឹម​ ស្រុក​មី​ស្វៀង​(សុក​ត្រាំង) ធ្វើ​រាន​ទេវតា​ប្រ​កប​ដោយ​ក្បូរ​ក្បាច់​រចនាយ៉ាងស្រស់ស្អាតហើយ​មាន​ខ្នាត​ធំ​តូច​ខុស​ៗ​គ្នា​។ ដៃ​កំ​ពុង​លាប​ម្សៅ​ស៊ី​ម៉ងត៍​ បង​​ភឿង​​ចែក​រំ​លែក​៖​ ប៉ុន្មាន​ថ្ងៃ​ជិត​ៗ​នេះ​ ខ្ញុំ​​ខំ​​ធ្វើ​​ដើម្បី​ប្រគល់​ឱ្យ​អតិថិជន​​ទាន់​ពេល​។​ រាន​​ទេវតា​នេះ​បាន​ភ្ញៀវ​ដាក់​កក់​​មុន​ដើម្បី​​​យក​ទៅ​ទី​ក្រុង​ហូជីមិញ​។​ ឥឡូវ​​នៅ​​គ្រាន់​តែ​ផ្គួប​មក​វិញ​ ហើយធ្វើ​ឱ្យ​រឹង​ ឆ្លាក់​ក្បាច់​​​ ​លាប​ថ្នាំ​នឹងបានសម្រេច។ រាន​​ទេវតា​​បាន​បង​ភឿង​ធ្វើ​ដោយ​ផ្ទាល់ ស្រស់​​ស្អាត​ហើយ​បាន​រចនា​តាម​បែប​បុរាណ​ ផ្គួប​ផ្សំ​ជា​មួយ​ក្បូរ​ក្បាច់​រចនា​ជន​ជាតិ​ លាបដោយពណ៌​ថ្នាំ​ដ៏​ប្រណីត​។ មើល​ពី​​ចម្ងាយ​ដូច​​ជា​​ចេតិយ​តូច​មួយ​មាន​កំពូល​ខ្ពស់​​ មាន​​នាគ​ តោ​ចាំ​យាម​ទាំង​បួន​ទិស​… ពេល​​សំ​ណេះ​​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ពី​ការ​​ធ្វើ​​រាន​​ទេវតា​ បង​ភឿង​ឱ្យ​ដឹង​៖ កាល​ខ្ញុំ​​នៅបួស​ ឃើញ​សិប្បករ​មួយ​ចំនួន​ធ្វើ​រាន​ទេវតា​យ៉ាងស្រស់ស្អាត ដូច្នេះ​ខ្ញុំ​មាន​​គំ​និត​​នឹង​​​រៀន​​ពី​សិប្បករទាំងនោះ​។ កាលដំ​បូង​ចាក់​​ពុម្ព​​ខូច​​ច្រើន​ ពេល​​ខូច​ម្តងៗ​ខ្ញុំ​ដក​​​ពិសោធន៍ដោយខ្លួនឯង ​​និង​​​ការ​ណែ​នាំ​របស់​គ្រូ​ ក្រោយ​​មក​ទើប​​សម្រេច​​បាន​ក្បាច់​រចនា​ពុម្ព​។ មុខ​​របរ​​ធ្វើ​​រាន​​ទេវ​តា​នេះ​មាន​ការ​លំ​បាក​ណាស់​ ទាម​​ទារ​​អ្នក​​ធ្វើ​ត្រូវ​ផ្ចិត​ផ្ចង់​ ចិត្ត​មិន​ក្តៅ​ទើប​ផលិត​ផល​​មាន​ភាព​ស្រស់​ស្អាត​។​ ​រាន​ទេវតា​និមួយៗ​ជាមធ្យម​ត្រូវ​ចំណាយ​ពេល​ជិត​១០​ថ្ងៃ​ទើប​សម្រេចជា​ផលិត​ផល។ ចាប់​​​តាំង​​​​ពី​​​ពេល​​​ច្រ​បល់​​ចាក់​ពុម្ព​ សសរ​ ដំបូល…ដល់​​ស្ងួត​​ត្រូវ​ចំណាយ​​ពេល​ ពីរ​បី​ថ្ងៃ​។ បន្ទាប់​​មក​យក​​មក​ផ្គួប​ ដុស​ខាត់​ លាប​​ពណ៌​ល​ម្អិត​​នី​មួយ​ៗ​​របស់​រាន​ទេវតា​ថ្មី​ទើប​សម្រេច​​ជា​ផលិត​ផល។ បង​ត្រឹង​ភឿង​ប្រ​កប​មុខ​របរ​ធ្វើ​រាន​ទេវតា​​ជាង​១០​ឆ្នាំ​មក​ហើយ​។ ពេល​សួរ​អំ​ពី​ការ​ជ្រើស​រើស​របរ​ធ្វើ​រាន​ទេវ​តា​ បង​ភឿ​ងនិ​យាយ​៖​ ប៉ុន្មាន​ឆ្នាំ​មុន​ ឃើញ​មា​មីង​ខ្មែរ​សង់​ផ្ទះ​​ថ្មី​​​ហើយ​​ចង់​ទិញ​រាន​ទេវតា​សម្រាប់​ដាក់​មុខ​ផ្ទះ​ ម៉្លោះ​​ហើយ​ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​របរ​នេះ​។ នៅ​ផ្ទះ​ខ្ញុំ​មាន​ព្រ​លាន​សម្រាប់​ធ្វើ​រាន​ទេវតា​ដើម្បី​រក​​ប្រាក់​​ចំណូល​បន្ថែម​ហើយ​កែ​​លម្អ​បាន​​ជីវភាព​​ផង​ រួម​ចំណែក​រក្សា​អត្ត​សញ្ញាណ​វប្បធម៌​​របស់​​ជន​រួម​ជាតិ​ខ្មែរ​ផង​។ ផលិត​ផល​​នី​មួយ​ៗ​មាន​តម្លៃ​ប្រហែល​៥​លាន​ដុង​ តាមខ្នាត​តូចធំ។

បណ្តា​សិប្បករ​ដែល​ជក់​ចិត្ត​ទម្រង់​សិល្បៈ​វប្បធម៌ខ្មែរ​ក្រៅ​ពី​ការ​រក្សា ​ក្នុង​​​ការ​​អភិ​រក្ស​ ការ​ពារ​​នូវ​តម្លៃ​វប្បធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ស្អាត​​របស់​ជន​រួម​ជាតិ​ខ្មែរ​ នៅ​ទាំង​ជួយ​លើក​ស្ទួយ​សេដ្ឋ​កិច្ច​គ្រួ​សារ​ បង្កើន​​ជីវភាព​​សម្ភារៈ​ស្មារតី​ឱ្យ​មា​មីង​៕​

ដាលីន